ដោយ:វ៉ៃកូ/ស្វាយរៀង ៖ លោកស្រី ឯក សុវណ្ណភារៈ អភិបាលរងខេត្តស្វាយរៀងនាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សប្រចាំឆ្នាំ២០១៩ និងទិសដៅអនុវត្តបន្តឆ្នាំ២០២០ដែលពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំអាគារ’’ឃ”សាលាខេត្តស្វាយរៀង។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមានលោក លោកស្រី ប្រធាន អនុប្រធាន និងសមាជិក លេខាធិការដ្ឋានខេត្ត ក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោក លោកស្រី នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី កងកម្លាំងទាំងបី តំណាងអយ្យការអមសាលាដំបូងខេត្ត លោក លោកស្រី នាយកទីចាត់ការ/អង្គភាពទាំង៨ ចំណុះសាលាខេត្ត លោក លោកស្រីអភិបាល-អភិបាលរងក្រុង ស្រុកទាំង០៨ លោកអធិកានគរបាលក្រុង ស្រុកទាំង០៨ លោលនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ទាំង៨០ លោកមេឃុំ ចៅសង្កាត់ លោក លោកស្រីតំណាងអង្គការដៃគួរជាច្រើនរូបទៀតសរុបវត្តមានចំនួន ២៤៣នាក់។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនេះ លោកស្រីអភិបាលរងខេត្ត បានលើកឡើងពីចំណុចសំខាន់ៗ ដែលជម្រុញដល់ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងផ្តល់នូវមតិណែនាំបន្ថែម ទៅកាន់កិច្ចប្រជុំនេះដូចជា៖

១. អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវបន្តពិនិត្យមើលទៅលើយន្តការ នៃរចនាសម្ព័ន្ធគ្រប់ថ្នាក់ទៅលើប្រព័ន្ធ នីតិវីធីនៃការអនុវត្តគោលនយោបាយប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ត្រូវមានផែនការសកម្មភាព ស្របតាមបរិបទសង្គមនៅតាមមូលដ្ឋាន។

២. ត្រូវប្រើគ្រប់មធ្យោបាយសរុប កម្លាំងសរុប វិធានការសរុប ដែលជំរុញឱ្យផែនការសកម្មភាពអនុវត្តការងារនេះ ឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ។

៣. ត្រូវបន្តជំរុញការគាំទ្រគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ព្រោះថាអំពើនេះ គឺជាការគំរាមកំហែង ដោយផ្ទាល់ទៅលើវប្បធម៌ និងប្រពៃណី គ្រួសារ តម្លៃសង្គមនៅកម្ពុជា។

៤. ត្រូវបន្តពង្រឹង គោលនយោបាយ ភូមិឃុំមានសុវត្តិភាព និងត្រូវអនុវត្តជាប្រចាំបន្ថែមទៀត ដើម្បីតាមដាននូវ សកម្មភាពបទល្មើសជួញដូរមនុស្ស និងត្រូវដាក់ផែនការតាមដានគ្រប់ ក្រុង ស្រុក និងតាមច្រកទ្វាព្រំដែននានាជាប់ប្រទេសជិតខាង ក្នុងការទប់ស្កាត់ ការបង្ក្រាបឱ្យមានប្រសិទ្ធភាពខ្ពស់៕/B