ខេត្ត​សាន​ស៊ី ប្រទេស​ចិន នឹង​ទិញ​កៅស៊ូ​កម្ពុជា​ចំនួន​៣០០.០០០​តោន

1012
ចែករម្លែក

(​ភ្នំពេញ​)៖​នៅ​រសៀល​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០១៧ ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានទទួល​ជួប ឯកឧត្តម​ឧក​ញ្ញា ហ្ចា​ក់​គី សែ​ចិន ដែល​ដឹកនាំ​ប្រតិភូ​ចិន និង​ជប៉ុន មក​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​វិនិយោគ​។​

​ឯកឧត្តម​ឧក​ញ្ញា ហ្ចា​ក់​គី សែ​ចិន បាន​ជម្រាបជូន ឯកឧត្តម​រដ្ឋមន្ត្រី ថា គោលបំណង​នៃ​ការជួបប្រជុំ​នេះ គឺមាន​ពីរ​ចំណុច​ដែល​ទីមួយ​​ការធ្វើ​របាយការណ៍​ពី​ការប្រព្រឹត្តទៅ​នៃ​មជ្ឍមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា នៅ​ទីក្រុង​ស៊ី​អាន (Xi’an) ខេត្ត​សាន​ស៊ី (Shaanxi) ប្រទេស​ចិន និង​ទី​ពីរ ណែនាំ​វិនិយោគិន​ជប៉ុន ដែលមាន​បំណង​បង្កើត​រោងចក្រ​មួយ​នៅ​កម្ពុជា​។​

​នៅលើ​ចំណុច​ទីមួយ ឯកឧត្តម​ឧក​ញ្ញា បាន​ឲ្យ​ដឹងថា មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា​នៅ​ទីក្រុង​ស៊ី​អាន កំពុងតែ​ប្រព្រឹត្តទៅ​យ៉ាងសកម្ម ជាពិសេស​ការដាក់​តាំង​លក់​ផលិតផល​កម្ពុជា ជូន​ដល់​អតិថិជន​ចិន​។ មជ្ឈមណ្ឌល បានធ្វើការ​វិច​ខ្ចប់​អង្ករ​ចំនួន ៥.០០០ តោន​ដែល​បាន​ទិញ​ពី​កម្ពុជា ដោយ​មិនមាន​ការបង់ពន្ធ ទៅជា​កញ្ចប់​តូចៗ ដើម្បី​ដាក់​លក់រាយ នៅ​តំបន់​ពាណិជ្ជកម្ម​សេរី នៅ​ខេត្ត​សាន​ស៊ី​។ បន្ថែម​ពីនេះ​ទៀត ថ្មីៗ​នេះ​ខេត្ត​សាន​ស៊ី បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​មួយ ជាមួយ​កម្ពុជា ដើម្បី​ទិញ​កៅស៊ូ​កម្ពុជា ចំនួន ៣០០.០០០ តោន ដែល​ឯកឧត្តម សង្ឃឹមថា នឹង​អាច​ចាប់ផ្ដើម​នាំចូល​លើកដំបូង​ក្នុង​ឆ្នាំ​២០១៨​។​

​ចំពោះ​ចំណុច​ទី​ពីរ​វិញ ឯកឧត្តម​ឧក​ញ្ញ៉ា បាន​ណែនាំ​វិនិយោគិន​ជប៉ុន​មួយក្រុម ដែលមាន​បំណង​មក​បង្កើត​រោងចក្រ​កែឆ្នៃ​ឈើ​គៀប ចេញពី​កំទិច​ឈើ សំបក​ដូងប្រេង និង​រុក្ខជាតិ​ដទៃទៀត ដើម្បី​នាំចេញ​ទៅ​ជប៉ុន​វិញ សម្រាប់​ដុត​នៅក្នុង​រោងចក្រ​អគ្គិសនី Biomass​។ វិនិយោគិន​ជប៉ុន បាន​បន្ថែម​ឲ្យ​ដឹងថា ក្រុម​របស់លោក​កំពុងតែ​សិក្សា​ទីតាំងនៅ​ខេត្ត​ព្រះសីហនុ ហើយនឹង​រៀបចំ​ចាប់ផ្ដើម​សាងសង់​នៅពេល​ខាងមុខ​។​

​ជាការ​ឆ្លើយតប ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែង​អំណរ​អរគុណ ដល់​ឯកឧត្តម​ឧក​ញ្ញ៉ា និង​ក្រុម​វិនិយោគិន​ជប៉ុន ដែល​បាន​មកជួប​សម្តែង​ការគួរសម​។ ឯកឧត្តម​រដ្ឋមន្ត្រី មាន​សេចក្ដី​រីករាយ​យ៉ាងខ្លាំង ចំពោះ​ភាពជោគជ័យ​របស់​មជ្ឍមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា នៅ​ទីក្រុង​ស៊ី​អាន​៕​អត្ថបទ​៖​ក្រសួង​

ឯកឧត្តម​រដ្ឋមន្ត្រី សំណូមពរ​ឲ្យ​ខេត្ត​ស៊ី​អាន បន្ត​សហការ​ពាណិជ្ជក​ម្ម ឲ្យ​កាន់តែខ្លាំង​ថែមទៀត ជាមួយនឹង​កម្ពុជា ជាពិសេស​ការទិញ​បន្ថែម​នូ​វក​សិ​ផលិតផល​កម្ពុជា

ទីតាំងផ្សាយពាណិជ្ជកម្ម