នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកមហាធៀ ម៉ូហាម៉ាតកាលពីថ្ងៃចន្ទទី២៤កុម្ភៈបានដាក់លិខិតសុំលាឈប់ពីតំណែងនាយករដ្ឋមន្ត្រីទៅកាន់ព្រះមហាក្សត្របន្ទាប់ពីសម្ពន្ធមិត្តរបស់លោកប៉ុនប៉ងទម្លាក់រដ្ឋាភិបាល និងរារាំងការស្នងតំណែងពីលោក ទៅកាន់លោកអាន់វ៉ា អ៊ីប្រាហ៊ីមដែលជាប្រធានបក្សក្នុងក្រុមចម្រុះ។
មហាធៀ បានសន្យាប្រគល់អំណាចទៅអាន់វ៉ាក្រោយលោកធ្វើនាយករដ្ឋមន្ត្រីមួយរយៈ បើក្រុមចម្រុះPHឈ្នះឆ្នោត តែភាពតានតឹងចេះតែកើនឡើងរវាងក្រុមប្រជែងគ្នាក្នុងរដ្ឋាភិបាល
ភាពស្រឡាំងកាំងនយោបាយនេះបានកើតឡើងក្រោយល្ខោននយោបាយត្រូវបានសម្តែងអស់២៤ម៉ោង ដោយគូប្រជែងក្នុងគណបក្សផ្ទាល់របស់លោកអាន់វ៉ានិងពួកអ្នកនយោបាយប្រឆាំងរួមដៃគ្នាបង្កើតក្រុមចម្រុះថ្មីមួយដើម្បីបង្កើតរដ្ឋាភិបាល។គេថា ក្រុមចម្រុះថ្មីនេះមិនមានលោកអាន់វ៉ាទេហើយមានការចូលរួមពីសមាជិកសភាជាច្រើនក្នុងគណបក្សរបស់លោក ដែលវាជាសញ្ញាបង្ហាញថាលោកនឹងមិនអាចក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់ពីលោកមហាធៀបានទេ។
គណបក្សBersatuរបស់លោកមហាធៀ ក៏បានប្រកាសចាកចេញពីក្រុមចម្រុះPH និងថាគណបក្សនឹងព្យាយាមបង្កើតគណបក្សដោយខ្លួនឯង។
ឥឡូវ អ្វីនឹងកើតឡើងបន្ទាប់ក្នុងនយោបាយម៉ាឡេស៊ី គ្មាននរណាទាយបានទេ។
មុននេះកាលពីថ្ងៃអាទិត្យ ប្រធានគណបក្ស ប៉ាទី គីឌីឡាន រ៉ាកយ៉ាត (PKR)លោកអាន់វ៉ា អ៊ីប្រាហ៊ីម បានអះអាងថា រូបលោកត្រូវបានដៃគូក្នុងក្រុមចម្រុះប៉ាកាតាន ហារ៉ាប៉ាន(PH)ក្បត់ដោយសារតែពួកគេព្យាយាមរំលាយចោលរដ្ឋាភិបាលបច្ចុប្បន្នក្នុងពេលលោករង់ចាំពេលមកដល់យ៉ាងអន្ទះសារដើម្បីចូលកាន់តំណែងនាយករដ្ឋមន្ត្រីដូរវេនពីលោកមហាធៀ ម៉ូហាម៉ាត។
ការចោទប្រកាន់នេះធ្វើឡើងចំពេលមានលេចឮពាក្យចចាមអារ៉ាមថា ក្រុមចម្រុះកាន់អំណាចថ្មីមួយនឹងត្រូវបង្កើតឡើង ដោយរួមបញ្ចូលគណបក្Bersatuគណបក្សUMNO គណបក្សPASនិងបក្សផ្សេងទៀត។
នៅក្នុងទំព័រហ្វេសប៊ុកមួយ លោកអាន់វ៉ា បាននិយាយថា ខណៈនៅមិនទាន់មានការប្រកាសផ្លូវការនៅឡើយកាលពីថ្ងៃអាទិត្យ លោកត្រូវបានគេផ្តល់ព័ត៌មានមកថាមានអំពើក្បត់ហើយ។លោកបានទទួលស្គាល់ថា មានការប៉ុនប៉ងបំបែកក្រុមចម្រុះPH ដូច្នេះរដ្ឋាភិបាលថ្មីមួយអាចត្រូវបង្កើតឡើង។
កាលពីយប់ថ្ងៃអាទិត្យ មានការជួបជុំមួយរវាងសមាជិកសភាមកពីក្រុមនយោបាយបែកបាក់ រួមមានអ្នកនយោបាយមកពីបក្សBersatu, UMNO, PAS និងក្រុមបំបែកខ្លួនមួយមកពីបក្ស PKR ។សារព័ត៌មានម៉ាឡេស៊ីក៏បាននិយាយថា មេដឹកនាំគណបក្សចំនួន៦បានចូលគាល់ស្តេចម៉ាឡេស៊ីកាលពីល្ងាចថ្ងៃអាទិត្យ។
ជំនួបនេះកើតឡើងបន្ទាប់ពីមានកិច្ចប្រជុំរបស់ក្រុមប្រឹក្សាប្រធានក្រុមចម្រុះPH កាលពីយប់ថ្ងៃសុក្រ នៅពេលនាយករដ្ឋមន្ត្រីមហាធៀ បាននិយាយថា«មិនមានការកំណត់កាលបរិច្ឆេទសំរាប់ដូរមេដឹកនាំទៅកាន់អ្នកស្នង គឺលោកអាន់វ៉ា ក្រោមកិច្ចព្រមព្រៀងមួយក្នុងចំណោមដៃគូរបស់PHដើម្បីដណ្តើមជ័យជម្នះក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៨ទេ។
នៅពេលត្រូវបានសួរថាតើលោកអាន់វ៉ានឹងជានាយករដ្ឋមន្ត្រីនៅពេលបន្ទាប់ឬ លោកមហាធៀ បាននិយាយថា«បញ្ហានេះមិនកើតមានទេ។តំណែងនេះគឺខ្ញុំជាអ្នកសំរេចបន្ទាប់ពីកិច្ចប្រជុំApecទៅ»។
ទោះជាយ៉ាងណាកន្លងមក លោកមហាធៀបានអះអាងថាលោកនឹងរក្សាពាក្យសន្យាថានឹងប្រគល់តំណែងទៅកាន់អ្នកស្នងពីលោកនៅក្រោយកិច្ចប្រជុំApecនៅខែវិច្ឆិកា៕ប្រែសម្រួល៖វាសនា
លោកអាន់វ៉ា និងភរិយា គ្រោងចូលគាល់ស្តេចនៅថ្ងៃចន្ទទី២៤កុម្ភៈ ដើម្បីរាយការណ៍ថ្វាយព្រះមហាក្សត្រអំពីបច្ចុប្បន្នភាពនយោបាយ