​កងទ័ព​អ៊ីស្រាអែល​និយាយថា​ខ្លួន​បាន​បើក​ការវាយប្រហារ​តាម​អាកាស​ប្រឆាំង​ក្រុម​ជន​សកម្មប្រយុទ្ធ​ប៉ាឡេ​ស្ទីន​នៅ​តំបន់​ហ្គា​ហ្សា​និង​នៅ​ស៊ី​រី​ជា​ការឆ្លើយតប​​ការបាញ់​គ្រាប់​រ៉ុក​កែត​។​

​កងទ័ព​អ៊ីស្រាអែល​បាន​និយាយថា​ខ្លួន​បាន​វាយប្រហារ​លើ​គោលដៅ​នៃ​ក្រុម​ជី​ហាដ​អ៊ីស្លាម​នៅ​ក្រុង​ដា​ម៉ាស​ប្រទេស​ស៊ី​រី និង​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប កាលពី​ថ្ងៃអាទិត្យ​​ទី​២៣​កុម្ភៈ​។​

​នៅក្នុង​ការទទួលស្គាល់​ដ៏​កម្រ​មួយ​នៃ​ការវាយប្រហារ​ទៅលើ​ប្រទេស​ស៊ី​រី​នោះ​កងទ័ព​អ៊ីស្រាអែល​បាន​និយាយថា ខ្លួន​បាន​ផ្តោត​គោលដៅ​វាយប្រហារ​ទៅលើ​ទីតាំង​​នៃ​សកម្មភាព​របស់​ក្រុម​ជី​ហាត​អ៊ីស្លាម ។​

​ចំណែក​ស៊ី​រី​បាន​និយាយ​ថា​ប្រព័ន្ធ​ការពារ​អាកាស​របស់ខ្លួន​បាន​បាញ់​ទម្លាក់​មី​ស៊ី​ល​ច្រើន​គ្រាប់​របស់​អ៊ីស្រាអែល​។​

​ក្រុម​មន្ត្រី​សុខាភិបាល​និយាយ​ថា​មនុស្ស ៤ នាក់​បាន​រងរបួស​នៅ​តំបន់​ហ្គា​ហ្សា​ប៉ុន្តែ​មិន​ទាន់​មាន​សេចក្តីរាយការណ៍​ភ្លាមៗ​អំពី​អ្នក​ស្លាប់​និង​របួស​ដោយសារ​​ការវាយប្រហារ​របស់​អ៊ីស្រាអែល​ទេ​។​

​ការវាយប្រហារ​ទាំងនេះ​ត្រូវបាន​ចាប់ផ្តើម​បន្ទាប់​ពី​តំបន់​ភាគខាងត្បូង​របស់​អ៊ីស្រាអែ​លបាន​រង​ការវាយប្រ​ហា​រដោយ​គ្រាប់​រ៉ុកកែត​យ៉ាងតិច​២០ គ្រាប់ ដែល​បាញ់​​ចេញពី​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប កាលពី​ព្រឹក​ថ្ងៃអាទិត្យ​។

​ការវាយប្រហារ​ទាំងនេះ​បាន​ចាប់ផ្តើម​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​នៅពេលដែល​អ៊ីស្រាអែល​និយាយថា​ខ្លួន​បាន​សម្លាប់​សមាជិក​ជី​ហាដ​អ៊ីស្លាម​ម្នាក់​នៅ​តាម​បណ្តោយ​​ព្រំដែន​របស់​ខ្លួន​ជាមួយ​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប នៅពេល​បុរស​នេះ​ព្យាយាម​បង្កប់​គ្រឿងផ្ទុះ​៕​ប្រែ​សម្រួល​៖​សុខា​

អ៊ីស្រាអែល​ថា​ខ្លួន​បាន​វាយប្រហារ​តាម​អាកាស​នៅ​តំបន់​ហ្គា​ហ្សា​និង​នៅ​ស៊ី​រី​ជា​ការឆ្លើយតប​នឹង​ការបាញ់​គ្រាប់​រ៉ុកកែត​ពី​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប​