​ដោយ​បូកគោ​/​កំ​ពតៈ​ក្នុង​បំណង​ចូលរួម​កាត់បន្ថយ​ការលំបាក​ជូន​ប្រជាពលរដ្ឋ​មូលដ្ឋាន​ក្រុមគ្រូពេទ្យ​ស្ម័គ្រ​លោក​ហ៊ុន​ម៉ា​នី​បាន​ចុះ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​នៅ​ស្រុក​កំពង់ត្រាច​ជិត​៧.០០០​នាក់​។​លោក​ជាវ​តា​យ​អភិបាលខេត្ត​កំពត​បាន​ទទួល​ស្វាគមន៍​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​និង​ជួប​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​មក​ទួល​សេវា​ព្យាបាល​ផ្ទាល់​កាលពី​ថ្ងៃទី​២៣​ខែកុម្ភៈ​ឆ្នាំ​២០២០​នៅ​វិទ្យាល័យ​ព្រះបិតា​ជាតិ ស្ថិតនៅ​ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច​។

​លោក​អភិបាលខេត្ត​បាន​មានប្រសាសន៍ថា​លោក​ហ៊ុន​ម៉ា​នី​តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ​និង​ជា​ប្រធាន​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា​តែង​បញ្ជូន​ក្រុមការងារ​គ្រូពេទ្យ​ចុះ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​។​នេះ​ជា​កិច្ច​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​កាត់បន្ថយ​ក្តី​លំបាក​ជូន​ប្រជាពលរដ្ឋ​មូលដ្ឋាន​សម្រាប់​សកម្មភាព​មនុស្សធម៌​លើ​ផ្នែក​សុខុមាលភាព​សង្គម​។​

​លោក​ជាវ​តា​យ​ក៏បាន​បាន​អំពាវនាវ​ផងដែរ​ថា​ដើម្បី​ឆ្លើយតប​ចំពោះ​ការយកចិត្តទុកដាក់​ដ៏​ឧត្តុង្គឧត្តម​នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ទទួល​នូវ​ការណែនាំ​ផ្តាំផ្ញើ​រាល់​ដំបូន្មាន​ល្អៗ​ពី​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​រួច​យកទៅអនុវត្ត​ជាប្រចាំ​ពិសេស​ការហូប​ស្អាត​ផឹក​ស្អាត​និង​រស់នៅ​ស្អាត​។​លើសពីនោះ​ក៏ត្រូវ​ចូលរួម​ក្នុង​ការបង្ការ​ទប់ស្កាត់​រាល់​ជំងឺឆ្លង​ផ្សេងៗ​ដូចជា​ជំងឺគ្រុនឈាម​តាមរយៈ​ការលុបបំបាត់​ជម្រក​មូស​ខ្លា​ជាដើម​។​

លោក​លេង​ផា​លី​រដ្ឋលេខាធិការ​ក្រសួងផែនការ​និង​ជា​ប្រធាន​ប្រតិបត្តិ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រ​ចិត្តបាន​មានប្រសាសន៍ថា​កម្មវិធី​ពិនិត្យ​សុខភាព​និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​ជា​អំណោយ​សប្បុរសធម៌​រប​ស់លោក​ហ៊ុន​ម៉ា​នី​ដែល​បង្ហាញឱ្យឃើញ​ពី​ការមិន​រើសអើង​ជាតិ​សាសន៍ ឬ​និន្នាការ​នយោបាយ​ណាមួយ​នោះ​៕S/​