ដោយៈ មុនី​រ័ត្ន​/ភ្នំពេញៈ នារីម្នាក់​ត្រូវបាន​ចាប់ខ្លួន​ពាក់ព័ន្ធ​ករណី​លក់​ម៉ាស​ពាក់​ការពារ​យ៉ាងច្រើន​ដែលមាន​តម្លៃ​រហូតដល់​ជាងបួន​ម៉ឺន​ដុល្លារ​។ ការចាប់ខ្លួន​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​នារី​រូបនោះ​យកលុយ​ពី​ជនរងគ្រោះ​ហើយ ប៉ុន្តែ​មិនមាន​ម៉ាស​គ្រប់​ចំនួន និង​ថែមទាំង​បាន​រត់គេច តែ​ត្រូវ​ជនរងគ្រោះ​តាមរក​ឃើញ​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​។​

ជនសង្ស័យ​ឈ្មោះ អ៊ឹង ហ្គិ​ច​ហួង អាយុ​២១​ឆ្នាំ ត្រូវបាន​ជនរងគ្រោះ​ចាប់​យកមក​ប្រគល់​ឲ្យ​សមត្ថកិច្ច​កាលពី​ថ្ងៃទី​២២ ខែកុម្ភៈ ហើយ​ត្រូវបាន​បញ្ជូនទៅ​តុលាការ​នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២០ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

ជនសង្ស័យ​ឈ្មោះ អ៊ឹង ហ្គិ​ច​ហួង អាយុ​២១​ឆ្នាំ ត្រូវបាន​ជនរងគ្រោះ​ចាប់​យកមក​ប្រគល់​ឲ្យ​សមត្ថកិច្ច​


លោក​វរសេនីយ៍ទោ ឡេង ប៊ុនហួរ នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​កាលពី​រសៀល​ថ្ងៃទី​២៤ ខែកុម្ភៈ ថា ទាក់ទង​ករណីនេះ ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ ហើយ​ខាង​ជនរងគ្រោះ​បាន​ឃាត់ខ្លួន​ជន​សង្ស័យ​យកមក​ឲ្យ​ខាង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ធ្វើការ​សាកសួរ​។ ករណីនេះ មាន​ជនរងគ្រោះ​បាន​ឡើងដល់​ប្រាំមួយនាក់​ហើយ​។នារីរូបនោះ​ត្រូវ​ជនរងគ្រោះ​ចាប់​យកមក​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច​កាលពី​ថ្ងៃទី​២២ ខែកុម្ភៈ និង​បាន​បញ្ជូនទៅ​តុលាការ​នៅ​ថ្ងៃទី​២៤ ខែ​ក​កុម្ភៈ ។

លោក​វរសេនីយ៍ទោ ឡេង ប៊ុនហួរ បាន​បញ្ជាក់ថា “​ជនរងគ្រោះ​បាន​ប្តឹង​ស្ត្រី​រូបនោះ​ពីបទ​ឆបោក ដោយ​ស្ត្រី​រូបនោះ​គាត់​បាន​យកលុយ​ពី​ជនរងគ្រោះ​ដើម្បី​ទិញ​ម៉ាស (​ម៉ាស​ពាក់​ការពារ​) ប៉ុន្តែ​អត់​មាន​ម៉ាស​ឲ្យ​គេ​។ ជនសង្ស័យ​បាន​បង្កើត​គណនី​ហ្វេ​ស​ប៊ុ​ក​ចំនួន​បី ដើម្បី​ឆបោក​គេ ដោយបាន​ដើរតួ​ជា​ម្ចាស់​ម៉ាស និង​ថា​ខ្លួន​មាន​ម៉ា​សលក់ ហើយ​ឲ្យ​ជនរងគ្រោះ​ផ្ញើ​លុយ​ឲ្យ​តាម​វី​ង បន្ទាប់ពី​ទទួលបាន​លុយ​ហើយ គាត់​គេច​​ខ្លួន​។ ប៉ុន្តែ​ដោយ​ជនរងគ្រោះ​តាមរក​ឃើញ​ក៏បាន​ឃាត់ខ្លួន​យកមក​ប្រគល់​ឲ្យ​ខាង​ខ្ញុំ ឃាត់ខ្លួន​កាលពី​ថ្ងៃទី​២២ ខែកុម្ភៈ”​។

លោក​បាន​បន្តថា ជនរងគ្រោះ​មាន​ចំនួន​ប្រាំមួយនាក់ ទឹកប្រាក់​ដែល​បោក​មាន​ជាងបួន​ម៉ឺនប្រាំពាន់​ដុល្លារ​៕​សរន/Ha

ជនសង្ស័យ​ឈ្មោះ អ៊ឹង ហ្គិ​ច​ហួង អាយុ​២១​ឆ្នាំ ត្រូវបាន​ជនរងគ្រោះ​ចាប់​យកមក​ប្រគល់​ឲ្យ​សមត្ថកិច្ច​