ដោយៈ​សុផល​/​កណ្តាល​៖​លោកស្រី កិត្តិ​សង្គហ​បណ្ឌិត​ឃួន សុ​ដា​រី អនុប្រធាន​កាកបាទក្រហមកម្ពុជា តំណាង​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​និង​ជា​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ​នៃ​ផែនការ​សកម្មភាព​រួម​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ដើម្បី​សុខភាព​ស្ដ្រី និង​កុមារ ។​កាលពី​នៅ​ថ្ងៃទី​២៤​ខែកុម្ភៈ​ឆ្នាំ​២០២០​បាន​អញ្ជើញ​ចុះសួរសុខទុក្ខ​និង​ចែក​អំណោយ​ជូន​ដល់​ស្ដ្រី​មាន​ផ្ទៃពោះ និង​ទើប​សម្រាលកូន​រួច​ប្រមាណ​៤០០​នាក់ រស់នៅក្នុង​ខេត្ដ​កណ្ដាល​។​

​ការចុះ​សំណេះសំណាល​សួរសុខទុក្ខ​ស្ដ្រី​មាន​ផ្ទៃពោះ​នេះ​គឺ​ដើម្បី​ចូលរួម​លើកកម្ពស់​ការយក​ចិ​ត្ដ​ទុកដាក់​និង​រួមគ្នា​កាត់បន្ថយ​អត្រា​មរណភាព​ចំពោះ​មាតា​ទារក​និង​កុមារ​នៅ​ទូទាំងប្រទេស​ឱ្យមាន​សុខភាព​ប្រកបដោយ​ធនធានមនុស្ស​ដ៏​រឹងមាំ​។​

ពិធី​ចុះ​សំណេះសំណាល​ចុះសួរសុខទុក្ខ​នេះ​បាន​ប្រ​ព្រឹ​ត្ដទៅ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​កោះធំ​។​ក្នុងឱកាស​នោះ​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត​ឃួន​សុ​ដា​រី​និង​ថ្នាក់ដឹកនាំ​អមដំណើរ​ក៏បាន​ចុះសួរសុខទុក្ខ​អ្នកជំងឺ​ដែល​មក​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យបង្អែក​នេះ​ជាង​១០០​នាក់ ដោយ​ភ្ជាប់​ជាមួយនឹង​អំណោយ និង​ថវិកា​មួយចំនួន​ផងដែរ​។​

​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត​ឃួន​សុ​ដា​រី​បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះ​ក្ដី​ស្រឡាញ់​និង​នឹករលឹក​ជា​ពន់ពេក​ជូន​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប ។​ជាពិសេស​ផ្ដល់​សារ​អំពាវនាវ​ដល់​ស្ដ្រី​មាន​ផ្ទៃពោះ​និង​ទើប​សម្រាលកូន​រួច​ត្រូវ​ចេះ​ស្វែងយល់​និង​យក​ចិ​ត្ដ​ទុក្ខ​ដាក់​ខ្ពស់​ចំពោះ​សុខ​ភាពជា​ចម្បង​ដើម្បី​ផ្ដល់​ការមើល​ថែរក្សា​កូន​និង​ខ្លួន​ប្រកបដោយ​សុខ​សុវត្ថិភាព​។​ទាំង​មុន​និង​ក្រោយ​សម្រាល​រួច​រហូតដល់​កូន​អាយុ​២​ឆ្នាំ​ដើម្បី​ស្របទៅនឹង​ប្រធានបទ​«​សុខភាព​កុមារ​កម្ពុជា​នាពេល​អនាគត​»​ក្នុង​ទិវា​ជាតិ​សុខភាព​មាតា​ទារក​និង​កុមារ​នៅក្នុង​ឆ្នាំ​២០២០​នេះ​។​

​លោកស្រី​កិ​ត្ដិ​សង្គហ​បណ្ឌិត​ឃួន​សុ​ដា​រី​ក៏បាន​ថ្លែងបន្ដថា​បងប្អូន​ប្រជាពលរដ្ឋ​យើង​ឃើញថា​បច្ចុប្បន្ននេះ​ប្រទេសជាតិ​យើង​មាន​សុខសន្ដិភាព​ប្រជាពលរដ្ឋ​រស់នៅ​យ៉ាង​ស​ប្បូរ​សប្បាយ​និង​មាន​សុខសាន្ដ​នេះ​បានធ្វើឱ្យ​ប្រទេសជាតិ​យើង​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​។​សូម្បីតែ​វិស័យ​សុខាភិបាល​ក៏​កាន់តែ​ទំនើប​ទាំង​ឧបករណ៍​និង​សំណង់​អគារ​។​ជាពិសេស​មាន​មន្ទីរពេទ្យបង្អែក​និង​មណ្ឌល​សុខភាព​ស្ថិតនៅ​ជិត​ផ្ទះ​តែម្ដង​ដែល​បានផ្ដល់​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ​យើង​អាចមក​ពិនិត្យ​សុខភាព​និង​សម្រាលកូន ប្រកបដោយ​សុវត្ថិភាព​។​

​តាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ដែល​សម្ដេច​តែងតែ​យក​ចិ​ត្ដ​ទុក្ខ​ដាក់​ខ្ពស់​ទៅលើ​សុខទុក្ខ​ពលរដ្ឋ​ជាពិសេស​ស្ដ្រី​មាន​ផ្ទៃពោះ​និង​ទើប​សម្រាលកូន​រួច​។​ដោយ​អំពាវនាវ​ដល់​ស្ដ្រី​មាន​ផ្ទៃពោះ​ទាំងអស់​អញ្ជើញ​ទៅពិនិត្យ​សុខភាព​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​និង​ឆ្មប​ជំនាញ​នៅ​មណ្ឌល​សុខភាព​មន្ទីរពេទ្យ​ដែល​នៅ​ជិត​ផ្ទះ​ឱ្យបាន​ទៀងទាត់​។​យ៉ាងតិច​ចំនួន​៤​ដង​ទៅតាម​ពេលវេលា​និង​ការណែនាំ​របស់​គ្រូពេទ្យ​ទទួលយក​សេវា​បង្ការ​ព្យាបាល​ទាំងអស់​ជាពិសេស​ស្ម័គ្រចិត្ដ​ធ្វើតេស្ដ​ឈាម​ដើម្បី​ពិនិត្យ​ស្ថាន​ព​ភាព​មេរោគ​អេដស៍​និង​ស្វាយ​ដើម្បី​រួមគ្នា​លុបបំបាត់​ការចម្លង​ពី​ម្ដាយ​ទៅ​កូន​។​

ពេល​សម្រាលកូន​សូម​ទៅ​សម្រាល​នៅ​មណ្ឌល​សុខភាព​ឬ​មន្ទីរពេទ្យ​ដែលមាន​គ្រូ​ពេទ្យឆ្មប​ជំនាញ​ទទួលបាន​ការបណ្ដុះបណ្ដាល​ត្រឹមត្រូវ​ហើយ​ត្រូវ​ពិនិត្យ​សុខភាព​ក្រោយពេល​សម្រាល​ទាំង​មាតា​ទាំង​ទារក​យក​កូន​ទៅ​ទទួល​ថ្នាំ​បង្ការ​ជំងឺ​១១​មុខ​តាម​ពេលវេលា​កំណត់​ពិនិត្យ​តាមដាន​សុខភាព​និង​ការលូតលាស់​របស់​កូន​។​

​រហូតដល់​កូន​មាន​អាយុ​ពីរ​ឆ្នាំ​លើសពីនោះ​សូម​បំបៅ​ទារក​ដោយ​ទឹកដោះ​ម្ដាយ​តែ​មុខ​គត់​ចាប់ពី​ពេល​ទារក​កើត​ភ្លាម​រហូតដល់​ទារក​មាន​អាយុ​៦​ខែ​និង​ផ្ដល់​អាហារ​បន្ថែម​គ្រប់មុខ​គ្រប់​ជីវជាតិ​(​បបរ​ខាប់​គ្រប់គ្រឿង​)​។​រួមជាមួយ​ការបន្ដ​បំបៅ​ទឹកដោះ​ម្ដាយ​រហូតដល់​កុមារ​មាន​អាយុ​យ៉ាងតិច​២​ឆ្នាំ​។ បើ​កូន​មាន​បញ្ហា​សុខភាព សូម​ប្រញាប់​យក​កុមារ ឬ​ទារក​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​។​

​ជាមួយគ្នា​នោះ លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ឃួន សុ​ដា​រី ក៏បាន​ថ្លែង​អំពាវនាវ​ចំពោះ​ថ្នាក់ដឹកនាំ មន្ដ្រីរាជការ​បុគ្គលិក​សុខាភិបាល​អ្នកផ្ដល់​សេវា​ទាំងអស់​ចូលរួម​គាំទ្រ​ការ​អនុវត្ដ​គោលនយោបាយ​គាំពារ​សង្គម​របស់​រាជ​រដ្ឋាភិបាល​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ឈានទៅ​សម្រេចបាន​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅ​ឆ្នាំ​២០៣០​របស់​រាជរដ្ឋាភិបាល​តាម​ការកំណត់​។​អំពាវនាវ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ទាំង​ជាតិ​និង​អន្ដរជាតិ​សូម​បន្ដ​ជួយ​វិនិយោគ​គាំទ្រ​ដល់​ការងារ​សុខភាព​មាតា​ទារក​និង​កុមារ​នៅ​កម្ពុជា​។


​ក្នុងឱកាស​ចុះ​សំណេះសំណាល​សួរសុខទុក្ខ​ស្ដ្រី​មាន​ផ្ទៃពោះ​-​ទើប​សម្រាលកូន រួមទាំង​អ្នកជំងឺ និង​បុគ្គលិក​នៃ​មន្ទីរពេទ្យ​សរុប ៥២៩​នាក់​កាកបាទក្រហមកម្ពុជា​បានផ្ដល់​អំណោយ​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​ស្ត្រី​មាន​កូនតូច​ចំនួន ៤០០​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន ឃី​ត​១​កញ្ចប់ (​មុង​១ ភួយ​១ សារុង​១ ក្រមា​១ អាវយឺត​២ កន្សែង​២) និង​ថវិកា ១០​ម៉ឺន​រៀល​។​

​ក្នុងនោះ​ផ្តល់ជូន​ស្ត្រី​ទើប​សម្រាលកូន ត្រៀម​សម្រាល និង​អ្នកជំងឺ ៦៤​នាក់ សម្រាក​នៅតាម​បន្ទប់ ក្នុង​ម្នាក់ៗ​ទទួលបាន​មុង​១ ភួយ​១ សារុង​១ ក្រមា​១ អាវយឺត​២ កន្សែង​២ មី​១​កេស ត្រីខ​១០​កំប៉ុង ស្ករស​២​គីឡូក្រាម ទឹកដោះគោ​ប្រអប់​១២​ប្រអប់​តូច និង​ថវិកា​១០​ម៉ឺន​រៀល​, សម្រាប់​បុគ្គលិក​ពេទ្យ និង​កម្មករ ៦៥​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា ៥​ម៉ឺន​រៀល​។​

​សូមជម្រាបថា​វឌ្ឍនភាព​ដែល​សម្រេចបាន​នៅ​កម្ពុជា​កន្លងមកនេះ​ក្នុងការ​កាត់បន្ថយ​អត្រា​មរណភាព​មាតា​និង​កុមារ​ធ្វើឱ្យ​ប្រទេស​កម្ពុជា​មានឈ្មោះ​ល្បីល្បាញ​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដែល​សម្រេចបាន​លទ្ធ​ល្អ​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ​។​រាប់​ប​ញ្ជូ​ល​ទាំង​ការសម្រេច​គោលដៅ​អភិវឌ្ឍ​សហស្ស​វត្សរ៍​ដែល​ពាក់ព័ន្ធ​នៅ​ឆ្នាំ​២០១៥​ផងដែរ​។​

​បច្ចុប្បន្ននេះ​ម្ដាយ​និង​កុមារ​កាន់តែច្រើន​នាក់​ជាង​មុន​អាច​ទទួលបាន​សេវា​ថែទាំ​ផ្ទៃពោះ​និង​សេវា​ថែទាំ​ក្រោយ​សម្រាល​កាន់តែ​ប្រសើរ​ជាង​មុន​ទារក​កាន់តែ​ច្រើនជាង​មុន​ដែល​សម្រាល​ដោយ​ឆ្មប​ជំនាញ​ហើយ​មាន​កុមារ​កាន់តែច្រើន​នាក់​ថែមទៀត បានទទួល​ថ្នាំ​បង្ការ​គ្រប់គ្រាន់​៕S/

​ចំណងជើង​រូបថត​៖​លោកស្រី កិត្តិ​សង្គហ​បណ្ឌិត​ឃួន សុ​ដា​រី អនុប្រធាន​កាកបាទក្រហមកម្ពុជា តំណាង​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​អញ្ជើញ​ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ដល់​ស្ដ្រី​មាន​ផ្ទៃពោះ និង​ទើប​សម្រាលកូន​រួច​ប្រមាណ​៤០០​នាក់ រស់នៅក្នុង​ខេត្ដ​កណ្ដាល​(​រូប​ថ​តៈ វីរៈ​មុនី​)​