ដោយៈច្រាយ ចំណាន/ភ្នំពេញៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឬស៊ីឌីស៊ី (CDC) បានអនុម័តគម្រោងវិនិយោគ៦ មានទឹកប្រាក់ចំនួនជាង៦៧៧,៩លានដុល្លារអាម៉េរិក ដែលផ្តល់ឱកាសការងារជូនពលរដ្ឋកម្ពុជាច្រើនកន្លែង។
យោងតាមការផ្សព្វផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី ២៤ ខែកុម្ភៈនេះ ឱ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចជា ទីមួយ. “ROYAL CAMBODIAN HOSPITAL CO., LTD”គម្រោងសាងសង់ និងអាជីវកម្មមន្ទីរពេទ្យអន្តរជាតិចំនួន១.៥០០គ្រែ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូត៍តាមបណ្តោយមហាវិថីសម្តេចហ៊ុនសែន ភូមិស្រុកចេកនិងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៤៧៨លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១.៥០០កន្លែង។ទីពីរ. “ CHIP MONG RETAIL CO., LTD” គម្រោងសាងសង់ផ្សារទំនើប ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវ២៧១ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ១១៣,៩លានដុល្លារនិងអាចបង្កើតការងារបានចំនួន៨២៩កន្លែង។
ទីបី. “ANGKOR WILDLIFE & AQUARIUM CO., LTD” គម្រោងបង្កើតរមណីយដ្ឋានសេវាកម្មចម្រុះដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្បូន ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប មានទុនវិនិយោគប្រមាណ៧១,៧លានដុល្លារ និងអាចបង្កើតការងារបានចំនួន១៥១កន្លែង។ទីបួន. “CAMINA INDUSTRIAL TECHNOLOGY CO., LTD” គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងឧបករណ៍ជាងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូរស្នោ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ២,៨លានដុល្លារ និងអាចបង្កើតការងារបានចំនួន១៦២កន្លែង។
ទីប្រាំ. “V & J K DEVELOPMENT CO., LTD” គម្រោងបង្កើតរោងចក្រផលិតទឹកបរិសុទ្ធ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២ ភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៨,៨លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣៧០កន្លែង និងទីប្រាំមួយ. “HAN WEI (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រាវ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ២,៧លានដុល្លារ និងអាចបង្កើតការងារបានចំនួន២៧៦កន្លែង៕សរន