ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរី​៖​សត្វ​ក្ងោក​១​ក្បាល​បាន​ងាប់​ដោយ​ជាប់អន្ទាក់​ព្រានព្រៃ​ជនជាតិ​វៀតណាម​កាលពី​ថ្ងៃទី​២២​កុម្ភៈ​កន្លងទៅ​ឯ​ជនបង្ក​ក៏ត្រូវ​ប​ញ្ជួ​ន​ទៅ​តុលាការ​កាត់ទោស​នៅ​ថ្ងៃទី​២៤​កុម្ភៈ​នេះដែរ​។​ហេតុ​ការដាក់​អន្ទាក់​សត្វព្រៃ​និង​បង្ក្រាប​ធ្វើឡើង​ក្នុងភូមិ​សាស្ត្រ​បា​ម​អូរ​លាវ​ភូមិ​កោះ​ម្យើ​ល​លើ ឃុំ​ណង​ឃី​លឹក ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​។​

​សមត្ថកិច្ច​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ម្នាក់​ពាក់ព័ន្ធ​ករណី​ដាក់​អន្ទាក់​និង​បរបាញ់​សត្វព្រៃ​ដោយ​ខុសច្បាប់​វត្ថុតាង​រឹបអូស​មាន​សត្វ​ក្ងោក​(​ងាប់​)​ចំនួន​១​ក្បាល​ព្រមទាំង​ម៉ូតូ​ចំនួន​២​គ្រឿង​និង​ព្រាន​ជនជាតិ​វៀតណាម​ម្នា​ក់ប​ញ្ជួ​ន​ទៅ​តុលាការ​រួចរាល់​នៅ​ថ្ងៃទី​២៤​កុម្ភៈ​។​

​ក្រោយ​ការសាកសួរ និង​ចោទប្រកាន់​ដោយ​តំណាង​អយ្យការ តាម​បញ្ញត្តិ​មាត្រា​៦១ និង​មាត្រា​៥៦ ជា​បទល្មើស​ធនធានធម្មជាតិ​ថ្នាក់​ទី​៣ នៃ​ច្បាប់​ស្ដីពី​តំបន់ការពារធម្មជាតិ រួចមក ជន​ត្រូវ​ចោទ​ឈ្មោះ ង្វៀង​វ៉ាន់​ស៊ី​ភេទ​ប្រុស​អាយុ​៥០​ឆ្នាំ​រស់នៅ​ឃុំ​ហ្វាំ​ង​លីវ​ស្រុក​ហ្វាំ​ង​ហ្វា​ខេត្ត​ដាក់​ឡាក់​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តមណ្ឌលគិរី​នៅ​រសៀល​ថ្ងៃទី​២៤​ខែកុម្ភៈ​ឆ្នាំ​២០២០​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​បណ្ដោះ​នៅក្នុង​ខេត្តមណ្ឌលគិរី​៕S/​