ប្រធាន WHO : ពិភពលោក ត្រូវតែត្រៀមខ្លួនសម្រាប់លទ្ធភាពនៃជំងឺឆ្លងរាតត្បាតគ្រប់កន្លែង

540
ចែករម្លែក

អង្គការសុខភាពពិភពលោកកាលពីថ្ងៃចន្ទ ទី២៤ កុម្ភៈ បាននិយាយថា ការរីករាលដាលនៃវីរុសកូរ៉ូណាថ្មីបានកើនឡើងដល់ “កម្រិតខ្ពស់បំផុត” នៅក្នុងប្រទេសចិន ប៉ុន្តែបានព្រមានថា ការកើនឡើងករណីថ្មីក្នុងប្រទេស ផ្សេងទៀតគឺគួរឱ្យព្រួយបារម្ភខ្លាំង ហើយប្រទេសទាំងអស់គួរតែត្រៀមខ្លួនសម្រាប់ “លទ្ធភាពជំងឺរាតត្បាតគ្រប់ទីកន្លែង”។

ប្រធានWHOនិយាយថា Coviv-19នៅតែអាចបង្រ្កាបបាន ហើយវាមិនទាន់ដល់ពេលប្រកាសការឆ្លងរាតត្បាតសលកនៅឡើយទេ

ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណុម ហ្គេប្រេយ៉េស៊ូស បាននិយាយថា ការឆ្លងមេរោគដល់ចំណុចកំពូលនៅក្នុង ប្រទេសចិនបានកើតឡើងនៅចន្លោះថ្ងៃទី ២៣ ខែមករាដល់ថ្ងៃទី ២ ខែកុម្ភៈ ហើយចំនួនករណីថ្មីនៅទីនោះបានធ្លាក់ចុះជាលំដាប់ចាប់តាំងពីពេលនោះមក។

លោកបានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវថា “វីរុសនេះអាចទប់ស្កាត់ បាន” ដោយកោតសរសើរចិនដែលបានជួយទប់ស្កាត់ការរីករាលដាល កាន់តែធំឡើងនៃវីរុសតាមរយៈការបិទក្រុងមិនធ្លាប់មានពីមុនមកនិងការដាក់ឱ្យនៅដាច់ឆ្ងាយពីចំណុចកណ្តាលនៅកន្លែងផ្ទុះមេរោគ។

ការកើនឡើងករណីឆ្លងវីរុសកូរ៉ូណានៅប្រទេសផ្សេងទៀតលើពិភពលោក បានជំរុញឱ្យមានវិធានការស្រដៀងគ្នានេះដែរ។ ប្រទេសអ៊ីតាលីបានបិទទីប្រជុំជន ចំនួន ១១ ហើយកូរ៉េខាងត្បូងបានបញ្ជាឱ្យប្រជាជនចំនួន ២,៥ លាននាក់នៃ ទីក្រុងដេគូស្ថិតនៅក្នុងផ្ទះ។

វីរុសកូរ៉ូណាក៏បានបណ្តាលឱ្យធ្លាក់ចុះជាង ៣,០ ភាគរយនៅក្នុងផ្សារហ៊ុនអឺរ៉ុប ជាច្រើនផងដែរ ដោយផ្សារហ៊ុនមីឡង់បានធ្លាក់ចុះ ៥,៤ ភាគរយនិងការលក់មាស បានកើនឡើង ចំពេលមានការបារម្ភថាការរីករាលដាលនៃជំងឺនេះ អាចជះផលប៉ះពាល់ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក។

ការរីករាលដាលនៃមេរោគដែលគេស្គាល់ជាផ្លូវការថា កូវីដ១៩ បានបន្ដឥត ស្រាកស្រាន្ត ខណៈប្រទេសអាហ្វហ្គានីស្ថាន បារ៉ែន អ៊ីរ៉ាក់ កូវ៉ែត និង អូម៉ង់ បានប្រកាសករណីដំបូងរបស់ពួកគេកាលពីថ្ងៃចន្ទ។

ចិនក៏បានបន្តវិធានការទប់ស្កាត់វីរុសនេះផងដែរកាលពីថ្ងៃចន្ទ ដោយពន្យារ ពេលកិច្ចប្រជុំសភាប្រចាំឆ្នាំជាលើកដំបូង ចាប់តាំងពីបដិវត្តន៍វប្បធម៌ ក្នុងទសវត្សរ៍ឆ្នាំ ១៩៦០៕ ដោយ៖ កញ្ញាដាលីស/Ha

បុគ្គលិកពេទ្យបាញ់ថ្នាំសម្លាប់មេរោគនៅទីក្រុងប៊ូយុង ក្នុងប្រទេសកូរ៉េខាងត្បូង