ការសុំលាឈប់ពីតំណែងនាយករដ្ឋមន្ត្រីរបស់លោកមហាធៀ ម៉ូហាម៉ាត ត្រូវបានស្តេចម៉ាឡេស៊ី ទទួលយកកាលពីល្ងាចថ្ងៃចន្ទទី២៤កុម្ភៈ ។ព្រះមហាក្សត្រក៏បានតែងតាំងលោកមហាធៀ ជានាយករដ្ឋមន្ត្រីចាំផ្ទះ រហូតដល់មានការជ្រើសរើសបាននាយករដ្ឋមន្ត្រីថ្មីម្នាក់។
មុននេះក្នុងថ្ងៃដដែល មហាធៀ វ័យ៩៥ឆ្នាំ បានដាក់ពាក្យសុំលាលែងពីតំណែងនាយករដ្ឋមន្ត្រី និងក៏លាឈប់ពីប្រធានបក្សរបស់បក្សBersatuចំពេលមានពាក្យលេចឮថាកិច្ចព្រមព្រៀងថ្មីមួយនឹងត្រូវបង្កើតឡើងដើម្បីជំនួសក្រុមចម្រុះPakatan Harapan (PH)ដែលកំពុងកាន់អំណាច។
វាបានកើតឡើងមួយថ្ងៃបន្ទាប់ពីប្រធានគណបក្ស Parti Keadilan Rakyat (PKR)ដែលជាបក្សដៃគូក្នុងក្រុមចម្រុះលោកអាន់វ៉ា អ៊ីប្រាហ៊ីម កត់សម្គាល់ថាមានអំពើក្បត់ពីសំណាក់ដៃគូក្នុងក្រុមចម្រុះដើម្បីបំបែកបំបាក់PH។
ក្នុងពេលជាមួយគ្នា មេដឹកនាំបក្សBersatu លោកមូយីតឌីន យ៉ាសស៊ីន បានប្រកាសថា គណបក្សចាកចេញពីក្រុមចម្រុះ PH ខណៈសមាជិកសភារបស់គណបក្សPKRចំនួន១១រូប ក៏បានប្រកាសចាកចេញពីគណបក្សនិងPHដើម្បីបង្កើតប្លុកឯករាជ្យមួយនៅក្នុងសភា។
ការចាកចេញរបស់សមាជិកសភាទាំងនេះនាំឲ្យក្រុមចម្រុះកាន់អំណាចបាត់បង់សំឡេងភាគច្រើននៅក្នុងសភា មានន័យថា រដ្ឋាភិបាលចម្រុះបច្ចុប្បន្នរលាយជាស្វ័យប្រវត្តិ។
ចំណាត់ការជាហូរហែនេះត្រូវបានគេមើលឃើញថាជាការប៉ុនប៉ងរារាំងមិនឲ្យលោកអាន់វ៉ា ចូលបន្តតំណែងនាយករដ្ឋមន្ត្រីពីលោកមហាធៀ។ទោះជាយ៉ាងដូច្នេះក្តី លោកអាន់វ៉ា បាននិយាយថា មហាធៀមិនបានចូលរួមក្នុងផែនការបង្កើតក្រុមចម្រុះថ្មីនេះទេ។
ប្រភពព័ត៌មានបាននិយាយថា ការលាឈប់របស់លោកមហាធៀ កើតឡើងបន្ទាប់ពីមានការប្រកាសគាំទ្រឲ្យលោកនៅធ្វើជានាយករដ្ឋមន្ត្រីដល់ចប់អាណត្តិសភា។វាអាចជាតាក់ទិចមួយ ដោយសារតែលោកអាន់វ៉ា អ៊ីប្រាហ៊ីម និងអ្នកគាំទ្រទន្ទេញតែពាក្យចូលកាន់តំណែងជំនួសមហាធៀ តាមការសន្យាចងសម្ពន្ធភាពមុនឈ្នះឆ្នោត។
ក្រុមចម្រុះថ្មីណាមួយទាមទារសមាជិកសភាយ៉ាងតិច១១២ ក្នុងសភាដែលមាន២២២កៅអី ដើម្បីបង្កើតរដ្ឋាភិបាលមួយ។
ការវិវត្តន៍នយោបាយកាលពីថ្ងៃចន្ទស្របគ្នានឹងរបាយការណ៍កាលពីថ្ងៃអាទិត្យថា លោកមហាធៀរៀបចំផែនការបង្កើតសម្ពន្ធភាពថ្មីមួយជំនួសក្រុមចម្រុះកំពុងកាន់អំណាច ដោយរួមបញ្ចូលបក្សប្រឆាំង Umno និង PAS តែអាចបញ្ចេញចោលអតីតដៃគូខ្លះក្នុងPH៕ប្រែសម្រួល៖វាសនា/Ha
ស្តេចម៉ាឡេស៊ី តែងតាំង មហាធៀ (ស្តាំ)ជានាយករដ្ឋមន្ត្រីចាំផ្ទះរហូតដល់មាននាយករដ្ឋមន្ត្រីថ្មី