ដោយ​: តារា​រិ​ទ្ធ / ភ្នំពេញ​: នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អញ្ជើញ​ប្រគល់​សញ្ញាបត្រ និង​វិញ្ញាបនបត្រ​ជូន​សិស្សសាលា​ភូមិន្ទ​រដ្ឋបាល ៥៧៥​នាក់ នារី ១០៥​នាក់ បន្ទាប់ពី​បានបញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​។​

​សិស្ស​ដែល​ទទួល​សញ្ញាបត្រ និង​វិញ្ញាបនបត្រ​នៅថ្ងៃនេះ រួមមាន​សិស្ស​មន្ត្រីជាន់ខ្ពស់​ជំនា​ន់ទី​១០, សិស្ស​មន្ត្រី​ក្រមការ ជំនា​ន់ទី​៨ និង​កម្មសិក្សាការី ឆ្នាំ​២០១៨​។

​ក្រៅពី​ការប្រគល់​សញ្ញាបត្រ និង​វិញ្ញាបនបត្រ​ដល់​សិស្ស​បញ្ចប់​ការសិក្សា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏​នឹង​ប្រកាស​បើក​វគ្គ​បណ្តុះបណ្តាល​សម្រាប់​សិស្ស​មន្ត្រីជាន់ខ្ពស់​ជំនាន់ ទី​១១, កម្មសិក្សាការី​មន្ត្រីជាន់ខ្ពស់​, មន្ត្រី​គ្រប់គ្រង​រដ្ឋបាល​, មន្ត្រី​មធ្យម និង​មន្ត្រី​ក្រមការ​សរុប​ចំនួន ៤៦១ នាក់ ក្នុងនោះ នារី ៩២​នាក់​។​

​សាលា​ភូមិន្ទ​រដ្ឋបាល​បាន​បំពេញបេសកកម្ម​បណ្តុះបណ្តាល និង​អភិវឌ្ឍន៍​ធនធានមនុស្ស​និង​អ្នកជំនាញ​ឯកទេស​នានា​ប្រកបដោយ​ជំនាញ និង​មនសិការ​វិជ្ជាជីវៈ​ខ្ពស់ ជួយ​ដល់​ការអនុវត្ត​ន៍បេសកកម្ម​អភិបាលកិច្ច​ល្អ លើកកម្ពស់​គុណភាព តម្លាភាព​ការងារ និង​ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។​

​គិត​ចាប់ពី​ឆ្នាំ​១៩៩២ ដល់​ឆ្នាំ​២០១៩ សាលា​បាន​បណ្តុះបណ្តាល​សិស្ស​មន្ត្រីជាន់ខ្ពស់​, សិស្ស​មន្ត្រី​មធ្យម​, សិស្ស​មន្ត្រី​ក្រមការ​, កម្មសិក្សាការី​មន្ត្រីជាន់ខ្ពស់​, កម្មសិក្សាការី​មន្ត្រី​មធ្យម និង​សិក្ខាកាម​សរុប ១៣០៥៥ នាក់ នារី ២៨៣០​នាក់​។​

​បច្ចុប្បន្ន​សាលា​កំពុង​បណ្តុះបណ្តាល​សិស្ស​មន្ត្រីជាន់ខ្ពស់ និង​កម្មសិក្សាការី​វគ្គ​វិក្រឹត្យការ​ មន្ត្រីជាន់ខ្ពស់ មន្ត្រី​គ្រប់គ្រង​រដ្ឋបាល មន្ត្រី​មធ្យម មន្ត្រី​ក្រមការ​ចំនួន ៤៦១​នាក់ នារី ៩២​នាក់​៕ ​/Ha