ដោយៈ សាវ​រក្ស / ភ្នំពេញ​: ផ្ទះមួយ​ល្វែង​ត្រូវបាន​អគ្គិភ័យ​លេប​ត្របាក់​អស់ទាំង​ស្រុង រហូតដល់​ព្រឹក​ឡើង​ទើប​រលត់​មិនទាន់​ដឹង​មូលហេតុ​។ ហេតុការណ៍​កើតឡើង​កាលពី​វេលា​ម៉ោង ៥​ទៀបភ្លឺ ថ្ងៃ​អង្គារ ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២០ ត្រង់ចំណុច​ផ្លូវលំ ស្ថិតក្នុង​សង្កាត់ ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ​។​

​ម្ចាស់ផ្ទះ​មានឈ្មោះ គង់ សុខ​លីន ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ មុខរបរ​ធ្វើ​ធ្យូង​អនាម័យ​ជាមួយ​អង្គការ ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ​។ ផ្ទះ​ដែល​ឆេះ​ទំហំ​៥​ម៉ែត្រ គុណ​និង ៧​ម៉ែត្រ ជញ្ជាំង​ថ្ម​ក្រោម​លើ​ឈើ ប្រក់​ស័ង្កសី ត្រូវបាន​ភ្លើង​ឆេះ​ម៉ត់​។​

​យោងតាម​សម្ដី​ម្ចាស់ផ្ទះ​បាន​ប្រាប់​ឲ្យ​ដឹងថា ដំបូង​ឡើយ​រូបគាត់​ក៏​ងើប​មើលឃើញ​ភ្លើង​ឆេះ​ផ្ទះ​របស់គាត់​ខាងលើ ហើយក៏​បាន​ដាស់​គ្រួសា​របស់គាត់​ឲ្យ​ភ្ញាក់ឡើង ក៏​នាំគ្នា​រត់ចេញ​ពី​ភ្លើង​ដែល​កំពុងតែ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ហើយ​ស្រែកប្រាប់​ប្រជាពលរដ្ឋ ដែល​រស់នៅ​ជិតខាង មកជួយ​និង​រាយការណ៍​ទៅ​សមត្ថកិច្ច បាន​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចុះមក​កន្លែងកើតហេតុ​ជា​បន្តបន្ទាប់​ចំនួន​៩​គ្រឿង បាន​បាញ់​ឲ្យ​រលត់ទៅវិញ​នៅវេលា​ម៉ោង ៦​និង​១០​នាទី​ព្រឹក នៅ​ថ្ងៃខែ​ឆ្នាំ​ដដែល​។ រង​ការខូចខាត​សម្ភារៈ​ទ្រព្យសម្បត្តិ​របស់គាត់​ដែល​នៅ​ក្នុងផ្ទះ​មួយចំនួនធំ ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​សល់​តែ​ផេះ យក​បានតែ​ម៉ូតូ​មួយគ្រឿង​តែប៉ុណ្ណោះ​។ ចំពោះ​ឡានទឹក មកដល់​កន្លែងកើតហេតុ​ចំនួន​៩​គ្រឿង បាញ់​អស់​៦​គ្រឿង​។ មូលហេតុ​តាម​សម្តី​ម្ចាស់ផ្ទះ​បាន​ប្រាប់​ឲ្យ​ដឹងថា គឺ​សង្ស័យ​ឆ្លង​ចរន្តអគ្គិសនី ឆេះ​ពូក​របស់គាត់​ឆេះ​យ៉ាង​សន្ធោសន្ធៅ​។

​តាម​សំដី​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹងថា ករណី​ឆេះ​ផ្ទះ​របស់​បុរស​ខាងលើនេះ គឺ​មិនទាន់​ដឹង​មូលហេតុ​នៅឡើយ សមត្ថកិច្ច​កំពុងតែធ្វើការ​តាមដាន និង​ស្រាវជ្រាវ​បន្តទៀត​នៅពេល​ក្រោយ​៕ ល​