ភ្នំពេញៈ រដ្ឋាភិបាល និង ប្រជាពលរដ្ឋ អេស្តូនី ប្រារព្ធទិវាឯករាជ្យជាតិ របស់ពួកគេនៅថ្ងៃទី ២៤ ខែ កុម្ភៈ ដើម្បី រំឭកដល់ថ្ងៃដែលពួកគេ ប្រកាសឯករាជភាព ពី រុស្ស៊ី កាលពី ឆ្នាំ ១៩១៨ ។ ទោះយ៉ាងណា អេស្តូនី តែងតែត្រូវបានលេបត្របាក់ជាបន្តបន្ទាប់ដោយមហាអំណាច រុស្ស៊ី ឬ សហភាព សូវៀត និង អាល្លឺម៉ង់ រហូតដល់ឆ្នាំ ១៩៩១ ទើបស្គាល់ភាពសាន្តត្រាណ ។
ភូមិសាស្ត្រ-ប្រជាសាស្ត្រ
សាធារណរដ្ឋ អេស្តូនី មានផ្ទៃដី ៤៥.៣៣៦ គីឡូម៉ែត្រក្រឡា។ គឺជារដ្ឋនៅតំបន់ បាល់ទិក ស្ថិតនៅភាគខាងជើង នៃ ទ្វីបអឺរ៉ុប មានព្រំដែនជាប់ប្រទេស ហ្វាំងឡង់ , សមុទ្របាល់ទិក ឡេតូនី និង រុស្ស៊ី ។ ឆ្នាំ ២០២០ មានប្រជាពលរដ្ឋ ជិត ពីរលាននាក់។ ភាគច្រើនជាអ្នកកាន់ សាសនា គ្រិស្ត ។ភាសាផ្លូវការគឺភាសា អេស្តូនី រដ្ឋធានីគឺទីក្រុង តាលិន ។
ប្រវត្តិសាស្ត្រ
មហាសង្គ្រាមភាគខាងជើង ( រវាងសម្ព័ន្ធមិត្តមហាអំណាច រុស្ស៊ី និង សម្ព័ន្ធមិត្តមហាអំណាច ស៊ុយអែត ) បានឆាបឆេះឡើងនៅឆ្នាំ ១៧០០ ( ដល់ឆ្នាំ ១៧២១ ) ហើយនៅឆ្នាំ ១៧១០ ទឹកដី អេស្តូនី ទាំងស្រុងត្រូវបានលុកលុយដោយកងទ័ពរុស្ស៊ី ។ សង្គ្រាមនេះ បានធ្វើឱ្យប្រជាពលរដ្ឋ អេស្តូនី ស្លាប់យ៉ាងពាយ គឺស្លាប់អស់ប្រមាណ ១៥០.០០-១៧០.០០០ នាក់នាឆ្នាំ ១៧១២ ។
សិទ្ធិសេរីភាពរបស់ប្រជាកសិករ អេស្តូនី បានធ្លាក់ដល់កម្រិតទាបបំផុត ខណៈម្ចាស់ទាសករ បានគ្រប់គ្រងវិស័យកសិកម្មទាំងស្រុងនៅអំឡុងសតវត្សរ៍ទី ១៨ ។ ទាសភាពត្រូវបានលុប បំបាត់ពីចន្លោះឆ្នាំ ១៨១៦-១១៨១៩ ប៉ុន្តែប្រការនេះ មានតិចតួចប៉ុណ្ណោះនៅក្នុងការអនុវត្ត ជាក់ស្តែង រហូតដល់ពាក់កណ្តាលសតវត្សរ៍ទី ១៩ ។
ចលនាភ្ញាក់រឭកជាតិ បានចាប់ផ្តើនៅអំឡុងទសវត្សរ៍ ១៨៥០ ខណៈពួកឥស្សរជនដឹកនាំបាន ចាប់ផ្តើមលើកកម្ពស់អត្តសញ្ញាណជាតិ ក្នុងចំណោមប្រជាពលរដ្ឋ ហើយមូលដ្ឋានសេដ្ឋកិច្ច ត្រូវបានបង្កើតតាមរយៈកសិករទិញដីធ្លី បង្កើតបានជាម្ចាស់ដីជនជាតិ អេស្តូនី ។
ឆ្នាំ ១៨៥៧ លោក Johann Voldemar Jannsen បានចាប់ផ្តើមចេញផ្សាយកាសែតជាភាសា អេស្តូនី លើកដំបូង ហើយក៏បង្កើតឱ្យប្រជាពលរដ្ឋហៅខ្លួនឯងថា អេស្តូនី ។ នាយកសាលា Carl Robert Jakobson និង បព្វជិត Jakob Hurt បានក្លាយជាឥស្សរជនដឹកនាំចលនាជាតិ ក្នុងការជំរុញឱ្យពួកកសិករ អេស្តូនី មានមោទនភាពក្នុងអត្តសញ្ញាណជាតិសាសន៍របស់ពួកគេ ។
ចលនាទូទាំងជាតិដំបូងត្រូវបានបង្កើតឡើង ដូចជាយុទ្ធនាការបង្កើតសាលាភាសាអេស្តូនី Alexander School , សមាគមអក្សរសាស្ត្រ អេស្តូនី និង ពិធីបុណ្យតន្ត្រីដែលត្រូវបានរៀបចំនៅ ឆ្នាំ ១៨៦៩ ជាដើម ។ ឆ្នាំ ១៨៧៨ មានភាពប្រេះឆាដ៏ធំមួយ កើតឡើងនៅក្នុងចលនាជាតិនេះ ។ ពួកស្លាបកណ្តាលនិយម ដឹកនាំដោយបព្វជិត Hurt ផ្តោតការយកចិត្តទុកដាក់លើការ អភិវឌ្ឍវប្បធម៌ និង វិស័យអប់រំ អេស្តូនី ខណៈពួកស្លាប ឆ្វេង រ៉ាឌីកាល់និយម ដឹកនាំដោយ លោក Jacobson ចាប់ផ្តើមទាមទារនូវសិទ្ធិនយោបាយ និង សេដ្ឋកិច្ច ។
អំឡុងចុងសតវត្សរ៍ទី ១៩ គឺជាអំឡុងពេល នៃ ការបង្ខំអនុវត្តច្បាប់ រុស្ស៊ី ត្រូវបានចាប់ផ្តើម ខណៈដែលរដ្ឋាភិបាលកណ្តាលរឹតបន្តឹងរដ្ឋបាល និង វប្បធម៌ ចំពោះរដ្ឋនានានៅ បាល់ទិក ដើម្បី បង្កៀកទៅនឹងរុស្ស៊ី ។ ភាសារុស្ស៊ី ត្រូវបានប្រើប្រាស់ទូទាំងប្រព័ន្ធអប់រំចំណែក សកម្មភាពសង្គម និង វប្បធម៌ជាច្រើន ត្រូវបានរឹតបន្តឹង ។ រហូតដល់ចុងទសវត្សរ៍ ១៨៩០ ទើបមានចលនាជាតិនិយមរើបៗឡើងវិញ ។
អំឡុងបដិវត្តន៍ ១៩០៥ នៅរុស្ស៊ី គឺជាអំឡុងពេលដែលគណបក្សនយោបាយនានានៅ អេស្តូនី ត្រូវបានបង្កើតឡើងស្របច្បាប់ដំបូង ។ សមាជជាតិមួយ នៃ អេស្តូនី បានទាមទារនូវការរួប រួមទឹកដី អេស្តូនី ទៅជាដែនដីស្វយ័ត និង បញ្ចប់នូវការអនុវត្តច្បាប់រុស្ស៊ីបនីយកម្ម ។ អំឡុង ពេលកើតឡើងនូវភាពចលាចល កសិករ និង កម្មករ នាំគ្នាវាយប្រហារទៅលើអាគារសំខាន់ៗ ។ រដ្ឋាភិបាល ត្សានិយម រុស្ស៊ី បានឆ្លើយតបដោយការបង្ក្រាបយ៉ាងឃោរឃៅបណ្តាលឱ្យ មនុស្សប្រមាណជា ៥០០ នាក់ត្រូវបានកាត់ទោសប្រហារជីវិតហើយមនុស្សរាប់រយនាក់ ផ្សេងទៀត ត្រូវបានដាក់គុក ឬ បញ្ជូនទៅតំបន់ ស៊ីប៊េរី ។
ឯករាជភាព អេស្តូនី
ឆ្នាំ ១៩១៧ បដិវត្តន៍ខែកុម្ភៈ អភិបាល អេស្តូនី ត្រូវបានពង្រីក ដើម្បី រួមបញ្ចូលតំបន់នានា នៅ Livonia ដែលនិយាយភាសា អេស្តូនី និង ផ្តល់ស្វ័យភាព ដើម្បី មានលទ្ធភាពបង្កើត សភា អេស្តូនី បណ្តោះអាសន្ន ។
បដិវត្តន៍ខែ តុលា ១៩១៧ ពួក បុលសេវិក បានដណ្តើមកាន់កាប់អំណាចនៅ រុស្ស៊ីហើយបាន បំបែកសំបុក សភាបណ្តោះអាសន្ន អេស្តូនី ។ ប៉ុន្តែ សភាបណ្តោះអាសន្ន បានបង្កើត គណៈកម្មាធិការស្រោចស្រង់ មួយនៅថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ ១៩១៧ នោះ ។ គប្បីកត់ សម្គាល់ថា រយៈពេលនោះ គឺជាអំឡុងពេលសង្គ្រាមលោកលើកទី ១ ( ២៨ កក្កដា ១៩១៤- ១១ វិច្ឆិកា ១៩១៨ ) ចំណែក រុស្ស៊ី គឺជាប្រមុខសង្គ្រាម ដ៏សំខាន់មួយផងដែរ ។ ខណៈដែល រុស្ស៊ី កំពុងវក់វីនឹងបដិវត្តន៍ផ្ទៃក្នុងយ៉ាងដូច្នោះ អាល្លឺម៉ង់ ដែលជាគូបច្ចាមិត្តរបស់ រុស្ស៊ី បានឆ្លៀត ច្បាមយកទឹកដីនានានៅតំបន់ បាល់ទិក ដែលក្នុងនោះ ក៏មាន អេស្តូនី មួយអន្លើដោយ បេឡារូស និង អ៊ុយក្រែន ផង ។
ដោយមានការគាំទ្រពីអាល្លឺម៉ង់ផង គណៈកម្មាធិការស្រោចស្រង់អេស្តូនី បានប្រកាស ឯក រាជភាព អេស្តូនី នៅថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ១៩១៨ ថាជា សាធារណរដ្ឋ ប្រជាធិបតេយ្យ អេស្តូនី ហើយបានបង្កើតរដ្ឋាភិបាល អេស្តូនី បណ្តោះអាសន្ន ។
រដ្ឋាភិបាល និង ប្រជាពលរដ្ឋ អេស្តូនី ប្រារព្ធទិវាឯករាជ្យជាតិរបស់ពួកគេ ដើម្បីរំលឹកព្រឹត្តិ ការណ៍ថ្ងៃនេះឯង ។ ទោះយ៉ាងណា ចាប់ពីថ្ងៃប្រកាសឯករាជភាពនោះមក ទឹកដី និង រដ្ឋាភិបាល អេស្តូនី ត្រូវបានកាន់កាប់ដោយកងទ័ព អាល្លឺម៉ង់ ។
នៅអាល្លឺម៉ង់ ឯណោះ ក៏មិនជានាដែរ គឺមានបដិវត្តន៍ ខែ វិច្ឆិកា ( ១៩១៨ ដល់ខែ សីហា ១៩១៩ ) ឈានដល់ការដួលរលំរបបសហព័ន្ធរាជាធិបតេយ្យ អាស្រ័យរដ្ឋធម្មនុញ្ញ អាល្លឺម៉ង់ ជំនួស ដោយរបបសាធារណរដ្ឋ Weimar វិញម្តង ។ អាល្លឺម៉ង់ បានក្លាយជាភាគីចាញ់សង្គ្រាមលោក លើកទី ១ ហើយ អាល្លឺម៉ង់ ត្រូវបានបង្ខំឱ្យប្រគល់អំណាចនៅ អេស្តូនី ទៅឱ្យរដ្ឋាភិបាល បណ្តោះអាសន្ន អេស្តូនី នៅថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ១៩១៨ ដដែលនោះ ។
រុស្ស៊ី សូវៀត មិនសុខចិត្តទុកឱ្យទឹកដី អេស្តូនី មានឯករាជភាពបែបនោះទេ ក៏បានឈ្លានពាន អេស្តូនី នៅថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ១៩១៨ ដដែលនោះ ។ កងទ័ព និង ប្រជាជន អេស្តូនី មិនសុខចិត្តចុះញ៉មអំណាច កងទ័ពក្រហមឡើយ ក៏ក្រោកតស៊ូបញ្ឆេះសង្គ្រាមឡើង ដែលគេហៅថា សង្គ្រាមឯករាជភាព អេស្តូនី ។
ពីដំបូង កងទ័ពក្រហម បានលុកលុយអេស្តូនី ចូលទៅកៀកទីក្រុង តាលិន ចម្ងាយប្រមាណជា ៣០ គីឡូម៉ែត្រ ។ ប៉ុន្តែនៅខែ មករា ឆ្នាំ ១៩១៩ កងទ័ព អេស្តូនី បានវាយបណ្តេញកងទ័ព ក្រហម ចេញពីទឹកដី អេស្តូនី ត្រឹមតែរយៈពេលពីរបីខែប៉ុណ្ណោះ ។
សង្គ្រាមនេះ មិនមែនមានតែកងទ័ព អេស្តូនី ម្នាក់ឯងឯកោឡើយ គឺមានការចូលរួមពីសំណាក់ កងទ័ព រុស្ស៊ី ស ( ក្រុមកងទ័ពប្រឆាំង នឹង កងទ័ពក្រហម ដែលជាកងទ័ពកុម្មុយនិស្ត រុស្ស៊ី ឬ សូវៀត ) ឡេតូនី និង ចក្រភពអង់គ្លេស ផងដែរ ហើយទីបំផុត ជោគជ័យធ្លាក់ទៅខាង អេស្តូនី តាមរយៈសន្ធិសញ្ញាទីក្រុង តាទូ នាថ្ងៃទី ២ ខែ កម្ភៈ ឆ្នាំ ១៩២០ ។
ធ្លាក់ក្នុងដៃ សហភាពសូវៀត ដោយមិនដឹងខ្លួន
សូវៀត និង អាល្លីម៉ង់ ( ក្រោយមកទើបគេដឹង ) បានឃប់ឃិតលួចចុះហត្ថលេខាជាមួយគ្នា ដោយស្ងាត់ៗ នៅខែ សីហា ឆ្នាំ ១៩៣៩ និង ខែ កុម្ភៈ ១៩៤០ គឺជាសន្ធិសញ្ញាមិនបៀតបៀនគ្នា នៃ ប្រទេសទាំង ២ ។ តាមរយៈសន្ធិសញ្ញានេះ អេស្តូនី ត្រូវបានប្រគល់ទៅឱ្យ សូវៀត ។ ដោយហេតុនេះ គិតត្រឹមថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ១៩៤០ អេស្តូនី បានធ្លាក់ទៅក្នុងការកាន់ កាប់របស់ សូវៀត ហើយត្រូវបានរំលាយជា អេស្តូនី សហភាព សូវៀត ។ អ្នកដឹកនាំ នយោបាយ និង អ្នកប្រាជ្ញ ជាច្រើន ត្រូវបានសូវៀត កាប់សម្លាប់ ឬជម្លៀសទៅតំបន់ដាច់ ស្រយាល ។ ការបង្ក្រាបយ៉ាងឃោរឃៅក៏ត្រូវបានធ្វើឡើងប្រឆាំងនឹងជនស៊ីវិលរាប់ពាន់ នាក់ផងដែរ ។
ធ្លាក់ក្នុងដៃ អាល្លឺម៉ង់
ទោះជាមានសន្ធិសញ្ញាសម្ងាត់នឹងគ្នាក្តី ក៏ទីបំផុត អាល្លឺម៉ង់ និង សូវៀតបានផ្ទុះសង្គ្រាមប្រឆាំង គ្នា ហើយនៅថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ១៩៤១ កងទ័ពអាល្លឺម៉ង់ បានចូលកាន់កាប់ អេស្តូនី បន្តពី សូវៀត ។ ពីដំបូង អាល្លឺម៉ង់ ត្រូវបានជនជាតិ អេស្តូនី ស្វាគមន៍ថា ជាអ្នករំដោះ អេស្តូនី ពី សហភាពសូវៀត ហើយជនជាតិ អេស្តូនី រំពឹងថា នឹងបានស្តារឯករាជភាពរបស់ពួកគេ ឡើងវិញ ។ ប៉ុន្តែមិនយូរប៉ុន្មាន ត្រូវបានជនជាតិ អេស្តូនី មើលឃើញថា កងទ័ព ណាស៊ីស អាល្លឺម៉ង់ ក៏ជាអ្នកមកក្តោបក្តាប់អេស្តូនី គឺមិនខុសអ្វីពី សូវៀត ឡើយ ។
អាល្លឺម៉ង់ បានប្រើប្រាស់ធនធាន អេស្តូនី ដើម្បី បម្រើការងារសង្គ្រាមរបស់ខ្លួនហើយបានដាក់ បញ្ចូល អេស្តូនី ថាជាខេត្ត Ostland របស់ខ្លួន (អាល្លឺម៉ង់ ) ទៀតផង ។ អាល្លឺម៉ង់បានប្រើប្រាស់ ទឹកដី អេស្តូនី ធ្វើជាជំរុំកាប់សម្លាប់ជនជាតិ អេស្តូនី , ជ្វីស-អេស្តូនី , ជនជាតិជ្វីស មិនមែន អេស្តូនី និង ជនជាតិសូវៀតដែលជាអ្នកទោសសង្គ្រាមរាប់ពាន់នាក់ ។
ទោះឈឺចាប់យ៉ាងណា ក៏ អេស្តូនី នៅតែរក្សាសម្ព័ន្ធភាព និង ភក្តីភាព ចំពោះអាល្លឺម៉ង់ ថែមទាំងជួយអាល្លឺម៉ង់យ៉ាងច្រើនក្នុងកិច្ចការសង្គ្រាម ដោយរំពឹងថានឹងអាចទាក់ទាញបាន នូវការគាំទ្រចំពោះឯករាជភាពរបស់ពួកគេ ពីលោកខាងលិច ដែលជានិច្ចកាលតែងតែត្រូវ បាន រុស្ស៊ី ឬ សហភាពសូវៀត លេបត្របាក់ ។ ទីបំផុត អេស្តូនីត្រូវបានកងទ័ពក្រហមលេប ត្របាក់ម្តងទៀតនៅឆ្នាំ ១៩៤៤ ។ ហេតុការណ៍ទុក្ខសោកវេទនាដ៏ច្រើនអនេកក៏បានកើត ឡើងម្តងទៀតលើជនជាតិ អេស្តូនី អស់រយៈពេលជាច្រើនឆ្នាំ ។
ឯករាជ្យឡើងវិញ
តាំងពី សហភាពសូវៀត ចូលឈ្លានពាន និង រំលាយ អេស្តូនី ជាទឹកដីរបស់ សូវៀត កាលពី ថ្ងៃទី ១៤ មិថុនា ឆ្នាំ ១៩៤០ រហូតដល់ អេស្តូនី ត្រូវបានកាន់កាប់ដោយអាល្លឺម៉ង់ ហើយត្រូវ ធ្លាក់ចូលក្នុងដៃ សូវៀត ម្តងទៀតនេះ ថ្នាក់ដឹកនាំ និង មន្ត្រីដែលនៅសេសសល់បាននាំគ្នា បង្កើតរដ្ឋាភិបាលនិរទេស ១ នាទីក្រុង អូស្លូ ប្រទេស ន័រវ៉េយ៍ ។
សហរដ្ឋ អាមេរិក , ចក្រភពអង់គ្លេស , បារាំង , អ៊ីតាលី និង បណ្តាប្រទេសធំៗជាច្រើន ( គឺជាពួកក្រុមប្រភទេសដែលប្រជែងនឹង សូវៀត )ផ្សេងទៀតនៅលោកខាងលិចបានចាត់ ទុកថា ការរំលាយ អេស្តូនី ដោយ សហភាពសូវៀត គឺជាការបំពានច្បាប់ ។ ដូច្នេះពួកគេ ក៏ចាប់ផ្តើមជួបពិភាក្សាជាមួយមន្ត្រីរដ្ឋាភិបាលនិរទេសរបស់ អេស្តូនី ។ ចលនាជាតិនិយម ដើម្បី ឯករាជភាព អេស្តូនី តាមរូបភាពជាច្រើន បានកើតឡើងទាំងក្នុងប្រទេស និងក្រៅ ប្រទេស គឺចាប់ផ្តើមឡើងនៅអំឡុងទសវត្សរ៍ ១៩៨០ ខណៈដែល សហភាព សូវៀត ចាប់ខ្សោះខ្សោយ និង ត្រដរខ្យល់ បន្ទាប់ពីបានរត់ប្រជែងជាមួយអាមេរិកក្នុងសង្គ្រាមត្រជាក់ រាប់សឹបឆ្នាំមក ។
ថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ១៩៨៩ នាអំឡុងបដិវត្តន៍ច្រៀង ( ១៩៨៧-១៩៩១) មានមនុស្ស ប្រមាណជា ២ លាននាក់ឈរបណ្តាក់គ្នាបង្កើតជាជួរមនុស្សដ៏វែងកាត់ប្រទេស ឡេតូនី , ឡេទុយអានី និង អេស្តូនី ដែលត្រូវបានគេហៅថា ” វិថី បាល់ទិក ” ។ ជាតិសាសន៍ទាំង ៣ នេះ មានបទពិសោធន៍ នៃ ការកាន់កាប់ផ្នែកនយោបាយ និង កងទ័ពស្រដៀងគ្នាហើយក៏មាន ចេតនាស្រេកឃ្លានឯករាជភាពស្រដៀងគ្នាដែរ ។
អំឡុងបដិវត្តន៍ច្រៀងនេះ អធិបតេយ្យភាព នៃ ទឹកដី អេស្តូនី ត្រូវបានប្រកាសនៅថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ១៩៨៨ ។ ប្រជាមតិស្តីពីការស្តារឯករាជភាពជាតិឡើងវិញត្រូវបានធ្វើទូទាំងប្រទេស នៅថ្ងៃទី ៣ ខែ មីនា ឆ្នាំ ១៩៩១ ដោយទទួលបានការយល់ព្រម ៧៨,៤ ភាគរយ ។ ថ្ងៃទី ២០ ខែ សីហា ឆ្នាំ ១៩៩១ អេស្តូនី ប្រកាសឯករាជភាពជាប្រកក្រតី ខណៈនៅទីក្រុង មូស្គូកំពុងប៉ុន ប៉ងធ្វើរដ្ឋប្រហារ ។ ថ្ងៃទី ២២ ខែ សីហា ឆ្នាំ ១៩៩១ ប្រទេសដែលទទួលស្គាល់ការប្រកាស ឯករាជ្យរបស់ អេស្តូនី គឺប្រទេស អ៊ីសឡង់ដ៍ ។ សហភាព សូវៀត ដែលនៅសល់តែដង្ហើម ចុងក្រោយ ក៏ទទួលស្គាល់ឯករាជភាព អេស្តូនី នៅថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ១៩៩១ ។ អង្គការ សហប្រជាជាតិ ទទួលស្គាល់សមាជិកភាព អេស្តូនី នៅថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ១៩៩១ ។ កងទ័ពរុស្ស៊ី ចុងក្រោយដកចេញពី អេស្តូនី នៅថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ១៩៩៤ ៕ ស្រាវជ្រាវប្រែសម្រួលៈ មេសា