ចិនកាលពីថ្ងៃអង្គារទី២៥កុម្ភៈ បានរាយការណ៍ការស្លាប់ដោយជំងឺឬវីរុសCovid-19ចំនួន៧១នាក់ទៀត ដែលនេះជាចំនួនស្លាប់តិចបំផុតធៀបនឹងចំនួនស្លាប់ប្រចាំថ្ងៃក្នុងរយៈពេល២សប្តាហ៍មកនេះ។
ចំនួនចុងក្រោយនេះធ្វើឲ្យអ្នកស្លាប់ដោយកូរ៉ូណាវីរុសនេះនៅចិនកើនដល់២.៦៦៣នាក់។
គណៈកម្មាធិការសុខាភិបាលជាតិចិន ក៏បានរាយការណ៍ការឆ្លង៥០៨ករណីថ្មី ដោយទាំងអស់លើកលែងតែ៩នាក់ចេញ ស្ថិតក្នុងខេត្តហ៊ូប៉ី។វាកើនបន្តិចពីចំនួនឆ្លង៤០៩ករណីកាលពីថ្ងៃចន្ទ ទោះជាយ៉ាងណាចាត់ទុកថាទាបបើធៀបនឹងចំនួនឆ្លង២ទៅ៣ពាន់នាក់ក្នុងមួយថ្ងៃនៅដំណាក់កាលមួយ។
ចំនួនអ្នកឆ្លងសរុបនៅចិនឥឡូវកើនឡើងដល់៧៧.៦៥៨នាក់។

បុគ្គលិកពេទ្យធ្វើការនៅមន្ទីរពេទ្យមួយក្នុងក្រុងវូហាន ក្នុងខេត្តហ៊ូប៉ី កាលពីថ្ងៃ២២កុម្ភៈ
ទោះជាការឆ្លងរាលដាលជំងឺឆ្លងនេះនៅចិនហាក់ទ្រឹងនិងបង្ហាញនិន្នាការធ្លាក់ចុះ ក៏Covid-19កំពុងពង្រីកឥទ្ធិពលរបស់វានៅក្រៅទឹកដីចិន ដូចជានៅកូរ៉េខាងត្បូង អ៊ីរ៉ង់និងអ៊ីតាលី។
កូរ៉េខាងត្បូងបានរាយការណ៍អ្នកឆ្លង៦០នាក់បន្ថែមកាលពីថ្ងៃអង្គារ។
កូរ៉េខាងត្បូងឥឡូវមានអ្នកឆ្លង៨៩៣នាក់ ជាចំនួនឆ្លងក្នុងមួយប្រទេសច្រើនបំផុតនៅក្រៅប្រទេសចិន ។មនុស្សម្នាក់ទៀតបានស្លាប់ នាំឲ្យមនុស្សចំនួន៨នាក់ហើយស្លាប់នៅក្នុងប្រទេសនេះដោយCovid-19៕ប្រែសម្រួល៖វាសនា/Ha
កម្មករមកពីសមាគមគ្រប់គ្រងមេរោគកូរ៉េ ពាក់សម្លៀកបំពាក់ការពារ និងបាញ់ថ្នាំសម្លាប់មេរោគនៅក្រុងសេអ៊ូលកាលពីថ្ងៃ២៤កុម្ភៈ