ដោយ: ប.ខុន / ភ្នំពេញ: គម្រោងអភិវឌ្ឍន៍ទំនប់ស្ទាក់ទឹកសាលាតាអនកាត់ស្ទឹងសង្កែ ស្ថិតនៅខាងក្រោមក្រុងបាត់ដំបង ដែលត្រូវចំណាយថវិកាអស់ប្រមាណជា៤១លានដុល្លារ បានចាប់ផ្តើមសាងសង់ កាលពីកណ្តាលឆ្នាំ២០១៨ មកទល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ សម្រេចបានលទ្ធផលប្រមាណជា៥០ភាគរយនៃគម្រោងដែលនឹងត្រូវ បញ្ចប់នៅចុងឆ្នាំ២០២១នោះហើយ។
លោក ចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយមប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២០ថា គម្រោងអភិវឌ្ឍន៍ទំនប់ស្ទាក់ទឹកសាលាតាអន កាត់ស្ទឹងសង្កែផ្នែកខាងក្រោមក្រុងបាត់ដំបង ក្នុង ភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបងមកទល់ពេលនេះ (២៤ ខែកុម្ភៈ) សម្រេចលទ្ធផលការងារបានប្រមាណ៥០ភាគរយនៃគម្រោងហើយ។
គម្រោងអភិវឌ្ឍន៍ទំនប់ស្ទាក់ទឹកសាលាតាអនកាត់ស្ទឹងសង្កែនេះ ត្រូវបាន អ្នកនាំពាក្យក្រសួងជំនាញខាងលើបញ្ជាក់ថាបានចាប់អនុវត្តកាលពីក្នុងខែមិថុនា ឆ្នាំ២០១៨ ដោយគ្រោងបញ្ចប់នៅចុងឆ្នាំ២០២១ ជាគម្រោងប្រើប្រាស់ហេរញ្ញប្ប ទានបានមកពីសាធារណៈរដ្ឋកូរ៉េនិងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលសរុបចំនួនប្រមាណជា៤១លានដុល្លារ ដើម្បីស្ទាក់ទឹកស្ទឹងសង្កែទុកសម្រាប់បម្រើដល់ការ ស្រោចស្រពនិងប្រើប្រាស់នៅក្រុងបាត់ដំបង។
លោក ចាន់ យុត្ថា បាននិយាយឱ្យដឹងទៀតថាការងារដែលត្រូវ អនុវត្តនៅក្នុង គម្រោងអភិវឌ្ឍន៍ទំនប់ស្ទាក់ទឹក សាលាតាអននេះ រួមមាន ការសាងសង់ប្រឡាយពង្វាងទឹកតាមមាត់ស្ទឹងសង្កែប្រវែង២៥០ម៉ែត្រ សាងសង់សំណង់ទ្វារទឹកមេកាត់ស្ទឹងសង្កែប្រវែង៧៤ម៉ែត្រមួយកន្លែង សាងសង់ប្រឡាយបេតុងចំនួន៤ខ្សែប្រវែង ១៣.៧៨០ម៉ែត្រ សាងសង់សំណង់ទ្វារទឹកចំនួន១២កន្លែង សាងសង់សំណង់ស្ទាក់ទឹក ប្រឡាយរងចំនួន២កន្លែង សាងសង់ សំណង់លូចែកចាយទឹក ប្រឡាយមេចំនួន៨កន្លែង សាងសង់ស្ពានឆ្លងកាត់ និងស្ពានថ្មើរជើងកាត់ប្រឡាយ មេសរុប ចំនួន១៨កន្លែង និងសាងសង់ជណ្តើរចុះប្រឡាយមេ សម្រាប់អ្នកភូមិប្រើប្រាស់ជាច្រើនកន្លែងទៀត។
ក្រោយពេលគម្រោងខាងលើសាងសង់រួច លោក ចាន់ យុត្ថា បាននិយាយថា គម្រោងនេះ ផ្តល់ទឹកសម្រាប់ស្រោចស្រពផ្ទៃដីស្រូវវស្សាចំនួន១៥.០០០ហិកតា និងផ្ទៃដីស្រូវប្រាំងចំនួន៧.០០០ហិកតា នៅក្នុងស្រុកឯកភ្នំស្រុកសង្កែ និងស្រុកថ្មគោល។ ទន្ទឹមនឹងនេះធ្វើឱ្យស្ទឹងសង្កែមានទឹកនៅក្នុងរដូវប្រាំងក៏ដូចជាវស្សា គឺមានទឹកផ្គត់ផ្គង់ដល់ការផលិតទឹកស្អាតសម្រាប់ប្រើប្រាស់នៅក្នុងក្រុងបាត់ដំបង និងលើកកម្ពស់សោភ័ណភាពក្រុងឱ្យកាន់តែមានភាពទាក់ទាញជាងមុន ទៀតផង។
លោក ចាន់ យុត្ថា និយាយឱ្យដឹងផងដែរថា គម្រោងអភិវឌ្ឍន៍ទំនប់ស្ទាក់ទឹកសាលាតាអននេះ គឺជាគម្រោងទី៣ ដែលបានសាងសង់កាត់ស្ទឹងសង្កែ ដើម្បីទាញយកទឹកដែលធ្លាប់តែធ្លាក់ចូលទៅបឹងទន្លេសាបទុកសម្រាប់ប្រើប្រាស់ នៅតំបន់ ដាំដុះសងខាងស្ទឹងដោយគម្រោងទី១ មានឈ្មោះកង្ហតក្នុងស្រុកបាណន់ គម្រោងទី២សេកសកនៅក្នុងស្រុករតនៈមណ្ឌល និងនៅមានគម្រោងទី៤ មួយទៀត ដែលកំពុងសិក្សា ដើម្បីឈានទៅធ្វើការសាង សង់អាងទឹកមួយនៅស្ទឹងក្រញូង នៃ ក្បា លស្ទឹងសង្កែ ដែលមាន លទ្ធភាពស្តុកទឹក បានប្រមាណជា២០០លានម៉ែត្រគូប៕ ល