ស្រាវជ្រាវ និង​ប្រែ​សម្រួល​: មេសា​
​ភ្នំពេញ​:
ទិវា​ជាតិ កូ​វ៉ែត ដើមឡើយ​មាន​ឈ្មោះថា ទិវា​ឯករាជ្យ​ជាតិ ហើយ​ធ្វើ​នៅ​ថ្ងៃទី ១៩ ខែ មិថុនា ឯណោះ​ទេ ប៉ុន្តែ​រយៈពេល​នេះ​ជា​ពេលដែល​អាកាសធាតុ​ក្តៅ​ខ្លាំង ទើប​នៅ​ឆ្នាំ​១៩៦៣ ទិវា ដ៏​មាន​អត្ថន័យ​នេះ ត្រូវបាន​ប្តូរ​ទៅធ្វើ​នៅ​ថ្ង​ទី ២៥ ខែ កុម្ភៈ ហើយ​បាន​ប្តូរ​ឈ្មោះ​ទៅជា ទិវា​ជាតិ កូ​វ៉ែត រហូតមក ដើម្បី រំឭក​ដល់​ការទទួលបាន​ឯករាជភាព​ពី​អង់គ្លេស កាលពី​ថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ១៩៦១ ។​

ទីក្រុង កូ​វ៉ែត នៃ ប្រទេស កូ​វ៉ែត

ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​ប្រទេស​កូ​វ៉ែត មាន​ផ្ទៃដី​ទំហំ ១៧.៨២០ (១៧.៨១៨ ? ) គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅក្នុង​តំបន់ អាស៊ីអាគ្នេយ៍ មាន​ព្រំដែន​ជាប់​ឈូងសមុទ្ទ​ពែ​ក ចន្លោះ​ប្រទេស អ៊ីរ៉ាក់ និង អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ដ ។ ឆ្នាំ​២០២០ កូ​វ៉ែត មាន​ប្រជាជន​ជាង ៤ លាន​នាក់ ជា​អ្នក​កាន់សាសនា អ៊ីស្លាម ហិណ្ឌូ គ្រិស្ត និង ពុទ្ធសាសនា ភាសាផ្លូវការ​គឺ ភាសា​អារ៉ាប់ រដ្ឋធានី​គឺ​ទីក្រុង កូ​វ៉ែត ។

ប្រវត្តិសាស្ត្រ​
​នៅក្នុង​ឆ្នាំ ១៦១៣ ទីក្រុង កូ​វ៉ែត ត្រូវបាន​ស្ថាបនា​ឡើង ។ បើ​គិត​តាម​ប្រព័ន្ធគ្រប់គ្រង ទីក្រុង កូ​វ៉ែត គឺជា​ផ្នែក​មួយ នៃ អាណាចក្រ ដែល​គ្រប់គ្រង​ដោយ​ខ្សែ​រាជវង្ស អារ៉ាប់ ។ ឆ្នាំ ១៧១៦ កុលសម្ព័ន្ធ បា​នី អ៊ូ​ទូ​ប ( អារ៉ាប់ ) បាន​បោះ​ទីតាំងនៅ​ទីក្រុង កូ​វ៉ែត ដែល​ពេលនោះ​មាន​អ្នកនេសាទ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​រស់នៅ ហើយ​ដែល​ទី​នោះបាន​ដើរតួនាទី​ត្រឹមតែ​ជា​ភូមិ​នេសាទ ប៉ុណ្ណោះ ។ នៅ​អំឡុង​សតវត្សរ៍​ទី ១៨ កូ​វ៉ែត មានការ​ចម្រើន​លូតលាស់​ហើយក៏​ចេះតែ​កើន​ឡើងជា​មណ្ឌល​ពាណិជ្ជកម្ម​សម្រាប់​ដោះដូរ​ដឹកជញ្ជូន​ទំនិញ​រវាង ឥណ្ឌា , មូ​ស្កាត់ , បា​កដាត និង អា​រ៉ា​ប៊ី ។ គិត​ត្រឹម​អំឡុង​ទសវត្សរ៍ ១៧០០ កូ​វ៉ែត បានប្រែក្លាយ​ទៅជា​វិថី​ពាណិជ្ជកម្ម​ដ៏​សំខាន់​សម្រាប់​ឈូងសមុទ្ទ​ពែ​ក ទៅកាន់ ទីក្រុង អា​ឡេ​ប៉ូ នៃ ប្រទេស ស៊ី​រី ។​

​នៅ​អំឡុង​សម័យ​សង្គ្រាម អូ​តូ​ម៉​ង់ និង ជនជាតិ ពែ​ក ពី​ឆ្នាំ ១៧៧៥-១៧៧៩ ពាណិជ្ជករ អ៊ីរ៉ាក់ បាន​ភៀសខ្លួន​ទៅក្នុង​ទឹកដី កូ​វ៉ែត ហើយ​ពួកគេ​បាន​ក្លាយជា​ផ្នែក​ដ៏​សំខាន់ នៃ ការ ស្ថាបនា កប៉ាល់ និង ការពង្រីក​សកម្មភាព​ពាណិជ្ជកម្ម​របស់ កូ​វ៉ែត ហើយ​ជា​លទ្ធផល ពាណិជ្ជកម្ម​តាម​សមុទ្ទ​របស់ កូ​វ៉ែត មាន​សម្ទុះ​យ៉ាង​ខ្លាំងក្លា និង ឆាប់រហ័ស ខណៈ​ពាណិជ្ជកម្ម​ឥណ្ឌា ជាមួយ បា​កដាត នៃ ប្រទេស អ៊ីរ៉ាក់ , អា​ឡេ​ប៉ូ , ទីក្រុង ស្មៀ​រណា របស់ ក្រិ​ក និង ទីក្រុង កុង​ស្តង់​ទី​ណូ​ប្ល៍ នៃ ចក្រភព រ៉ូ​ម៉ាំង ត្រូវបាន​បង្វែរ​ទៅ កូ​វ៉ែត នា​អំឡុងពេល​នោះដែរ ។

​ជាមួយគ្នា​នោះ ក្រុម​ហ៊ុ ឥណ្ឌា ( ឬ អង់គ្លេស ឥណ្ឌា ) ខាងកើត ត្រូវបាន​បង្វែរ ទៅ កូ​វ៉ែត នៅក្នុង​ឆ្នាំ ១៧៩២ ។ ក្រុមហ៊ុន នេះ បាន​ដើរតួនាទី​ជា​ង្ន​ក​ការពារ​សុវត្ថិភាព​ផ្លូវ​សមុទ្ទ​ពី កូ​វ៉ែត , ឥណ្ឌា និង ឆ្នេរ​ខាងកើត នៃ អាហ្វ្រិក ។ បន្ទាប់ពី​ជនជាតិ ពែ​ក ( អ៊ីរ៉ង់ ) បាន​ដក​ចេញពី​តំបន់ Basra នៃ ប្រទេស អ៊ីរ៉ាក់ នា​ឆ្នាំ ១៧៧៩ ទៅ កូ​វ៉េ​ត នៅតែ​បន្ត​ទាក់ទាញ​ពាណិជ្ជកម្ម​ចេញពី Basra នោះ​តទៅទៀត ។

​កូ​វ៉ែត គឺជា​មជ្ឈមណ្ឌល​ស្ថាបនា កប៉ាល់ នៅក្នុង​តំបន់​ឈូងសមុទ្ទ​ពែ​ក ។ នៅ​អំ​ឡុងចុង​សតវត្សរ៍​ទី ១៨ និង ទី ១៩ កប៉ាល់ ដែល​ត្រូវបាន​ផលិត​នៅក្នុង កូ​វ៉ែត បាន​ដឹកជញ្ជូន​ទំនិញ​ពាណិជ្ជកម្ម​រវាង​កំពង់ផែ ឥណ្ឌា , អាហ្វ្រិក ខាងកើត និង សមុទ្ទ​ក្រហម ។ កប៉ាល់​ដែល​ផលិត​នៅ កូ​វ៉ែត ល្បីល្បាញ​ពាសពេញ​តំបន់​មហាសមុទ្ទ ឥណ្ឌា ដូច្នេះ វា​បានរួម​ចំណែក​ដ៏​សំខាន់​ក្នុងការ​ជំរុញ​ភាពរុងរឿង នៃ សេដ្ឋកិច្ច កូ​វ៉ែត ។ កូ​វ៉ែត បាន​កសាង​កិត្តិនាម​ថា​ជា​អ្នកដើរ​សមុទ្ទ​ដ៏​ឆ្នើម​បំផុត​នៅ​ឈូង​មសុ​ទ្ទ ពែ​ក ។​

ធ្លាក់​ក្រោម​កិច្ចការពារ​របស់​អង់គ្លេស ( ១៨៩៩-១៩៦១)
​ដោយសារ​ភាពសម្បូររុងរឿង កិត្តិនាម​ដ៏​រន្ទឺ និង ទីតាំង​ដ៏​សំខាន់ របស់ កូ​វ៉ែត ដូចដែល​បានលើកឡើង​មកនេះ នៅក្នុង​ទសវត្សរ៍ ១៨៩០ កូ​វ៉ែត បាន​រង​ការ​គំរាម​កំ​ហែ​ពី​សំណាក់ ចក្រភព អូ​តូ​ម៉​ង់ ( ទួ​ក​គី ) គឺ អូ​តូ​ម៉​ង់ ចង់​លេប​ត្របាក់​យក កូ​វ៉ែត ធ្វើជា​ចំណុះ​របស់ខ្លួន ។​

​ដូច្នេះ ដើម្បី ធ្វើឱ្យ​ប្រាកដ​នូវ​បញ្ហា​សន្តិសុខ​របស់​ខ្លូន ព្រះអង្គម្ចាស់ មូ​បា​រ៉ា​ក់ អាល សា​បាស បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀងសម្ងាត់​មួយ​ជាមួយ​រដ្ឋាភិបាល​អង់គ្លេស នៅ ឥណ្ឌា នៅ​ថ្ងៃទី ២៣ ខែ មករា ឆ្នាំ ១៨៩៩ ដែល​ក្រោយមក​ត្រូវបាន​គេ​ស្គាល់​ថា កិច្ចព្រមព្រៀង អង់គ្លេស​-​កូ​វ៉ែត ១៨៩៩ ហើយ​តាមរយៈ​កិច្ចព្រមព្រៀង​ម​នោះ កូ​វ៉ែត ក៏បាន​ក្លាយជា​រដ្ឋ​ក្រោម​កិច្ចការពារ ( អាណានិគម ) របស់​អង់គ្លេស ។ នៅក្នុង​កិច្ចព្រមព្រៀង​នោះ អង់គ្លេស សន្យាថា​នឹង​ការពារ​បូរណភាព​ទឹកដី កូ​វ៉ែត ហើយ​ជាការ​តបស្នង​ទៅវិញ នូវ​ការ​រឹតបន្តឹង​អំណាច​បរទេស​នៅក្នុង​ដែនដី និង កិច្ចការបរទេស នៃ ដែនដី កូ​វ៉ែត ។​
​ដូច្នេះ​វា​បាន​ផ្តល់អោយ​អង់គ្លេស នូវ​ភាព​ឯក ក្នុងការ​ប្រតិបត្តិ​ពាណិជ្ជកម្ម​ជាមួយ កូ​វ៉ែត និង ផាត់​ចោល អ៊ីរ៉ាក់ ឱ្យទៅ​ខាងជើង ពី​កំពង់ផែ​មួយ​នៅ​ឈូងសមុទ្ទ​ពែ​ក ។
​បន្ទាប់ពី​សង្គ្រាម កូ​វ៉ែត​-​ណា​ច ពី​ឆ្នាំ ១៩១៩-១៩២០ ទៅ ស្តេច អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ដ អាប់​ឌុល​ឡា​ស៊ី​ស បានដាក់​បម្រាម​ពាណិជ្ជកម្ម​ប្រឆាំង កូ​វ៉ែត ពី​ឆ្នាំ ១៩២៣ រហូតដល់​ឆ្នាំ ១៩៣៧ ។ គោលបំណង​របស់ ស្តេច​អង្គ​នោះ ក្នុងការ​វាយប្រហារ​ទៅលើ កូ​វ៉ែត ទាំង​ផ្នែក​សេដ្ឋកិច្ច និង កងទ័ព គឺ​ដើម្បី រំលាយ កូ​វ៉ែត ឱ្យបាន​ច្រើន​តាម​ដែល​អាច ឱ្យទៅជា​ទឹកដី អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ដ ។​

​នៅក្នុង​ស​ន្និ​សី អ៊ុយ​ហ្កា​រ នា​ថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ១៩២២ ព្រំដែន កូ​វ៉ែត និង ណា​ច ត្រូវបាន​កំណត់ដោយ​គ្មាន​តំណាង កូ​វ៉ែត ចូលរួម គឺ​មានតែ​អង់គ្លេស​ប៉ុណ្ណោះ ។ ស្តេច អា​រ៉ា​ប៊ី បាន​បញ្ចុះបញ្ចូល​លោក Percy cox ដែលជា​តំណាង​អង់គ្លេស ឱ្យ​ប្រគល់​ទឹកដី កូ​វ៉ែត ២ ភាគ ៣ ទៅឱ្យ​អ៊ុយ​ហ្កា​រ ។ ដូច្នោះ ទឹកដី កូ​វ៉ែត ជាង​ពាក់កណ្តាល បាន​បាត់បង់​ទៅក្នុង​កណ្តាប់ដៃ អ៊ុយ​ហ្កា​រ ( ទិ​ក្រុង បុរាណ របស់ អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ដ ) ។ បន្ទាប់ពី​សន្និសីទ​នោះ​ហើយ កូ​វ៉ែត នៅតែ​ជា​ប្រធានបទ នៃ ការ​រាំងខ្ទប់​សេដ្ឋកិច្ច​ពី សា​អ៊ូ​ឌី នៅឡើយ ។​

​មហា​វិបត្តិ​សេដ្ឋកិច្ច បាន​បំផ្លិចបំផ្លាញ​សេដ្ឋកិច្ច​របស់ កូ​វ៉ែត ដោយបាន​ចាប់ផ្តើម​ពី​អំឡុង​ទសវត្សរ៍ ១៩២០ ។ ពាណិជ្ជកម្ម​អន្តរជាតិ គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​មួយ​របស់ កូ​វ៉ែត ។ ពាណិជ្ជករ កូ​វ៉ែត គឺជា​ឈ្មួញកណ្តាល ។ ជា​លទ្ធផល នៃ ការធ្លាក់ចុះ នៃ ការបញ្ជាទិញ​របស់ អឺរ៉ុប ចំពោះ​ទំនិញ ឥណ្ឌា និង អាហ្វ្រិក បានធ្វើឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់ កូ​វ៉ែត ។ ឱនភាព​ពាណិជ្ជកម្ម​អន្តរជាតិ នាំឱ្យមាន​ការកើនឡើង​នូវ​ការ​គេចពន្ធ​មាស​ដោយ​កប៉ាល់​ជនជាតិ កូ​វ៉ែត ទៅកាន់ ឥណ្ឌា បាន​បណ្តាលឱ្យ​គ្រួសារ​ពាណិជ្ជករ​ជនជាតិ កូ​វ៉ែត ខ្លះ​បាន​ក្លាយជា​អ្នកមាន ។​

​ត្បូង​គជ់​របស់ កូ​វ៉ែត បាន​ក្រឡាប់ចាក់​ដែរ ដោយសារ​លទ្ធផល នៃ វិបត្តិ​សេដ្ឋកិច្ច​ពាសពេញ​ពិភពលោក ។ កាលដែល​វា​បាន​ឡើងដល់​ចំណុចកំពូល ឧស្សាហកម្ម​គជ់ របស់ កូ​វ៉ែត បាន​នាំឱ្យមាន​ផាសុកភាព នៃ ទីផ្សារ​ពិភពលោក ដោយ​វា​បាន​ដឹកជញ្ជូន​ចេញទៅ​ពី​ចន្លោះ ៧៥០ ទៅ ៨០០ កប៉ាល់ ដើម្បី បំពេញតម្រូវការ​រប​ស់​អភិជន​អឺរ៉ុប ។ ប៉ុន្តែ​នៅ​អំឡុងពេល​មាន​វិបត្តិ​សេដ្ឋកិច្ច តម្រូវការ គជ់ មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ ។ គជ់ កែច្នៃ​របស់ ជប៉ុន ក៏បាន​រួមចំណែក​នាំឱ្យមាន​ការដួលរលំ នៃ ឧស្សាហកម្ម គជ់ កូ​វ៉ែត ដែរ ។

​នៅ​ឆ្នាំ ១៩២១ ព្រះអង្គម្ចាស់ អា​ហ​ម៉ា​ដ់ អាល់​-​ចា​ប៊ើ​រ៍ អាល់​-​សា​បាស់ បាន​ក្លាយជា​អ្នកគ្រប់គ្រង កូ​វ៉ែត ។ អ្នកដឹកនាំ និង ប្រជាជន កូ​វ៉ែត ក៏​ចាប់ផ្តើម​សង្ស័យ និង ជឿជាក់ថា ទឹកដី​របស់​ពួកគេ​ក៏មាន រ៉ែ​ប្រេង​កាត់​ដែរ ខណៈ​ឆ្នាំ ១៩៣២ ប្រទេស បា​រ៉ែ​ន ដែលជា​អ្នកជិតខាង បាន​រកឃើញ រ៉ែ​ប្រេងកាត ។​

​ខណៈ​ការរុករក រ៉ែ​ប្រេងកាត នៅតែ​បន្តធ្វើ​នៅក្នុង​ទឹកដី បា​រ៉ែ​ន ការ​ផ្តោតអារម្មណ៍​ត្រូវបាន​បង្វែរ​ទៅលើ​តំបន់ ប៊ួ​រ​ហ្កា​ន់ នៃ ទឹកដី កូ​វ៉ែត ។ ទីបំផុត រ៉ែ​ប្រេងកាត ត្រូវបាន​រកឃើញ​នៅ​ថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ១៩៣៨ នៅ​តំបន់​វាល ប៊ូរ​ហ្កា​ន់ ។ ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ១៩៤៦ កូ​វ៉ែត បាន​នាំ​ប្រេងកាត​ចេញ​ជា​លើកដំបូង ។​

​គិត​ត្រឹម​ឆ្នាំ ១៩៥២ ប្រទេស​នេះ បាន​ក្លាយជា​អ្នក​នាំចេញ​ប្រេងកាត​ធំជាងគេ​បំផុត នៅ​តំបន់ ឈូងសមុទ្ទ​ពែ​ក ។​ការនាំចេញ​ប្រេងកាត​ទៅ​លក់​ឱ្យ​បរទេស ធ្វើឱ្យ​សេដ្ឋកិច្ច​របស់ កូ​វ៉ែត មាន​សន្ទុះ​យ៉ាងខ្លាំង ហេដ្ឋារចនាសម្ព័ន្ធ​ទំនើបៗ​ត្រូវបាន​ស្ថាបនា​ឡើង​ចាប់ពី​ឆ្នាំ​១៩៤៩ ធ្វើអោយ​ប្រជាជាតិ កូ​វ៉ែត មានការ​យល់ដឹង​ក្នុង​កម្រិត​មួយ​ខ្ពស់ជាង​មុន ហើយ​ការផ្លាស់ប្តូរ​ផ្នែក​រដ្ឋបាល​ត្រូវបាន​ចាប់ផ្តើម​នៅ​ឆ្នាំ​១៩៥៤ ។

អំឡុង​ទសវត្សរ៍ ១៩៦០ និង ១៩៧០ កូ​វ៉ែត ត្រូវបាន​ចាត់ទុកថា​ជា​ប្រទេស​អភិវឌ្ឍ​បំផុត​នៅក្នុង​តំបន់ , សារព័ត៌មាន កូ​វ៉ែត ត្រូវបាន​ចាត់ទុកថា​ជា​សារព័ត៌មាន​ដែលមាន​សេរីភាព​បំផុត​មួយ​របស់​ពិភពលោក ។ អំឡុង​ទសវត្សរ៍ ១៩៧០ កូ​វ៉ែត ត្រូវបាន​ទទួលស្គាល់ថា​ជា​ប្រទេស​ដែលមាន​ការអភិវឌ្ឍ​ធនធានមនុស្ស​ខ្ពស់បំផុត​នៅក្នុង​ពិភព​អារ៉ាប់ ។ សកលវិទ្យា​ល័យ កូ​វ៉ែត ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ ១៩៩៦ ។ ឧស្សាហកម្ម​ល្ខោន​របស់ កូ​វ៉ែត ល្បីល្បាញ​ពាសពេញ​ពិភពលោក​អារ៉ាប់ ។​
​ឆ្នាំ ១៩៥៨ ទស្សនា​វ​ដ្តី Al-Arabi ត្រូវបាន​បង្កើតឡើង​មុនគេ​នៅ​អារ៉ាប់ ហើយ​នៅតែ​បន្ត​ល្បីល្បាញ​ពាសពេញ​ពិភព​អារ៉ាប់ ។ អ្នកនិពន្ធ​ជាច្រើន​នៅ​ពិភព​អារ៉ាប់ បាននាំគ្នា​ចូលទៅ​រស់នៅ​ក្នុងប្រទេស កូ​វ៉ែត ក៏​ព្រោះតែ​ពួកគេ​រីករាយ​នឹង​សេរីភាព​ច្រើន​បំផុត ដែល​គ្មាន​ទីណា នៃ ពិភព​អារ៉ាប់ អាច​រកបាន ។ ជាក់​ស្តែក​វី​និពន្ធ​អ៊ីរ៉ាក់ លោក Ahmed Matar ក៏បាន​ចាក​ចេញពី អ៊ីរ៉ាក់ ទៅ​បញ្ចេញថ្វីដៃ​នៅលើ​ទឹកដី កូ​វ៉ែត នា​អំឡុងពេល​នោះដែរ ។ សង្គម កូ​វ៉ែត មាន​សេរីភាព​តាមបែប​ពួកលោក​ខាងលិច ពី​ចន្លោះ​ទសវត្សរ៍ ១៩៦០ និង ១៩៧០ ។ ជាក់ស្តែង​ស្ត្រី កូ​វ៉ែត មិន​ពាក់​កន្សែង​ទទូរ​ក្បាល ( តាម​ប្រពៃណី​សាសនា អ៊ីស្លាម ) ។​

ទទួលបាន​ឯកា​រជ្យ​
​នៅក្នុង​បរិបទ នៃ ការផ្លាស់ប្តូរ​នេះ អ្នកគ្រប់គ្រង កូ​វ៉ែត ពេលនោះ​គឺ​ព្រះអង្គម្ចាស់ Abdullah Al-Salem Al-Sabah យល់ថា កិច្ចព្រមព្រៀង​ជាមួយ​ចក្រភព​អង់គ្លេស កាលពី​ឆ្នាំ ១៨៩៩ នោះបាន​អស់​សុពលភាព​ហើយ ទើប​លោក​បានស្នើ​រក​កិច្ចព្រមព្រៀង​ថ្មី​មួយ ។ នៅ​ថ្ងៃទី​១៩ ខែ មិថុនា ឆ្នាំ ១៩៦១ កិច្ចព្រមព្រៀង​មួយ​ត្រូវបាន​ចុះហត្ថលេខា រវាង​លោក ព្រះអង្គម្ចាស់​រូបនោះ និង រដ្ឋាភិបាល​អង់គ្លេស ហើយ​គឺ​កិច្ចព្រមព្រៀង​នោះឯង​ហើយ​ដែល​បានធ្វើឱ្យ កូ​វ៉ែត ក្លាយជា​រដ្ឋ​ឯករាជ្យ និង ជា​ប្រទេស​រាជានិយម ។

​មួយឆ្នាំ​ក្រោយមក ពោលគឺ​នៅ​ឆ្នាំ​១៩៦២ កូ​វ៉ែត បាន​ប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ របស់ខ្លួន នៅ​ថ្ងៃទី ១៩ ខែ មិថុនា ដើម្បី រំឭក​ដល់​ថ្ងៃ ដែល​ប្រទេស នេះ​បាន​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេស​ដូចដែល​បាន​ពោល​ខាងលើ។

ប៉ុន្តែ​នៅក្នុង​ខែ មិថុនា នា​ប្រទេស កូ​វ៉ែត ជា​រយៈ​កាលដែល​អាកាសធាតុ​ក្តៅ​ខ្លាំង ដូច្នេះ​ទើប​មួយឆ្នាំ​ក្រោយមក ពោលគឺ​ឆ្នាំ ១៩៦៣ ពួកគេ​បានសម្រេច​ចិត្ត​លើក​ថ្ងៃទី​វា​បុណ្យ​ឯករាជ្យ ជាតិ នេះ​ពី​ថ្ងៃទី ១៩ ខែ មិថុនា ទៅធ្វើ​នៅ​ថ្ង​ទី ២៥ ខែ កុម្ភៈ វិញ ហើយ​បាន​ផ្លាស់ ប្តូរ​ពី ទី​វា​ឯករាជ្យ​ជាតិ មកជា ទិវា​ជាតិ កូ​វ៉ែត រហូតមក ។​

​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ នេះ គឺជា​ទិវា​មួយ​ដែល​ព្រះអង្គម្ចាស់ Abdullah Al-Salem Al-Sabah បាន​ប្រើប្រាស់​សម្រាប់​ទាមទារ​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេស​មក​ជូន កូ​វ៉ែត វិញ​ផង ហើយក៏​ជា​ថ្ងៃ​ដែល​ទ្រង់​បាន​ឡើង​គង់​លើ​រាជបល្ល័ង្ក នៃ ព្រះរាជាណាចក្រ កូ​វ៉ែត ដែរ ។​

​ស្ថិតក្រោម​អំណាច​រដ្ឋធម្មនុញ្ញ​ដែល​ទើបតែ​ត្រូវបាន​ព្រាង​ឡើង​ថ្មីៗ កូ​វ៉ែត បាន​ប្រារព្ធ​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​សភាជាតិ​របស់ខ្លួន​នៅ​ថ្ងៃទី ២៣ ខែ មករា ឆ្នាំ ១៩៦៣ ដោយមាន​បេក្ខជន ២០៥ នាក់ ដណ្តើមយក​អាសនៈ​ចំនួន ៥០ ហើយ កូ​វ៉ែត គឺជា​រដ្ឋ​ទី ១ នៃ រដ្ឋ​អារ៉ាប់ នៅ ឈូងសមុទ្ទ​ពែ​ក ដែល​បាន​បង្កើត​សភាធម្មនុញ្ញ​របស់ខ្លួន ។​

កូ​វ៉ែត ក្រោយ​ទទួលបាន​ឯករាជ្យ​
​នៅ​ដើម​ទសវត្សរ៍ ១៩៨០ កូ​វ៉ែត បាន​ជួបប្រទះ​វិបត្តិ​សេដ្ឋកិច្ច​យ៉ាង​ធំធេង បន្ទាប់ពី​ផ្សារភាគហ៊ុន Souk Al-Manakh បាន​ធ្លាក់ចុះ​ដោយសារតែ​ការធ្លាក់ចុះ នៃ​តម្លៃ​ប្រេង ។​

​នៅ​ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ១៩៨០ (​ដល់​ថ្ងៃទី ២០ ខែ សីហា ឆ្នាំ ១៩៨៨ ) សង្គ្រាម​ឈូងសមុទ្ទ​ពែ​ក បាន​ឆាបឆេះ​ឡើង នៅពេល អ៊ីរ៉ាក់ ចូលលុកលុយ អ៊ីរ៉ង់ ដែល​ពេលនោះ កូ​វ៉ែត ឈរ​នៅ​ខាង អ៊ីរ៉ាក់ ។ ដូច្នេះ តំបន់​ជាច្រើន នៃ ទឹកដី កូ​វ៉ែត បាន​រង​ការវាយប្រហារ ។​

​អំឡុង​ទសវត្សរ៍ ១៩៦០ និង ១៩៧០ កូ​វ៉ែត គឺជា​បណ្តុំ នៃ វិទ្យាសាស្ត្រ និង បច្ចេកវិជ្ជា រហូតដល់​ដើម​ទសវត្សរ៍ ១៩៨០ ទើប​វិស័យ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​បាន​រង​ផលប៉ះពាល់​ខ្លាំង ដោយសារ​ការវាយប្រហា​រ​ភេ​វរ​កម្ម ។​

នៅពេល​សង្គ្រាម អ៊ីរ៉ាក់​-​អ៊ីរ៉ង់ បានបញ្ចប់​ទៅ​នៅ​ថ្ងៃទី ២០ ខែ សីហា ឆ្នាំ ១៩៨៨ កូ​វ៉ែត បាន​បដិសេធ​នូវ​សំណើ​របស់ អ៊ីរ៉ាក់ ដែល​បាន​សុំឱ្យ​លើកលែង​បំណុល ៦៥ ពាន់​លាន​ដុល្លារ​អាមេរិក ។

អាមេរិក គឺជា​មហាអំណាច​នាំមុខ​គេ ដែល​ត្រូវការ​ប្រេងកាត​ពី​មជ្ឈិមបូព៌ា ដើម្បី បំពេញតម្រូវការ​សេដ្ឋកិច្ច​របស់ខ្លួន ។ សា​ដាំ ហ៊ូ​សេន បុរស​ខ្លាំង នៃ អ៊ីរ៉ាក់ ចង់​ឆ្លៀត​យក​ឱកាស​នោះ ដើម្បី ដាក់​លក្ខន្តិកៈ​ដល់​មហា​អំណាច​លោកខាងលិច​ឱ្យ​បន្ទន់ឥរិយាបថ​ខ្លះ​ចំពោះ​មជ្ឈិមបូព៌ា ។ ជា​ផ្នែក​មួយ នៃ ផែនការ​នោះ អ៊ីរ៉ាក់ បាន​ប្រាប់​ទៅ កូ​វ៉ែត ឱ្យ​បូម​ប្រេង​លក់​ទៅឱ្យ​មហាអំណាច​លោកខាងលិច​ក្នុង​កម្រិត​មួយ​បាន​ហើយ ។ ប៉ុន្តែ កូ​វ៉ែត មិនដែល​ស្តាប់​ផែនការ​នោះឡើយ ( អាច​ប្រហែលជា កូ​វ៉ែត មើលឃើញថា ទង្វើ​របស់ សា​ដាំ បែប​នោះ គឺ ដើម្បី ឥទ្ធិពល​របស់ អ៊ីរ៉ាក់ ច្រើនជាង ) គឺ​គិតតែ​ធ្វើយ៉ាងណា​យក​ប្រយោជន៍​ឱ្យបាន​ច្រើន​ពី​ឱកាស​នោះ​ទៅវិញ ។ ហេតុនេះ ទំនាស់​រវាង អ៊ីរ៉ាក់ និង កូ​វ៉ែត ក៏​ចេះតែ​កើនឡើង ។​

​ការ​ប្រជែង​ផ្នែក​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង ២ បាន​កើនឡើង នៅពេលដែល កូ​វ៉ែត បាន​កើនឡើង​នូវ​ប្រេងកាត ៤០ ភាគរយ ។ ភាព​តានតឹង​រវាង​រដ្ឋ​ទាំង ២ បាន​កើនឡើង​ថែមទៀត​នៅក្នុង​ខែ កក្កដា ឆ្នាំ ១៩៩០ បន្ទាប់ពី អ៊ីរ៉ាក់ បាន​អះអាង​ទៅ OPEC ថា កូ​វ៉ែត បាន​កំពុង​លក់​ប្រេង​របស់ខ្លួន ( អ៊ីរ៉ាក់ ) ពី​វាល​មួយ​នៅ​ជិត​ព្រំដែន​នៅ​វាល Rumaila ។​

​នៅពេល​មើលឃើញថា កូ​វ៉ែត មិន​ស្តាប់​គ្នា​បាន​ហើយ ក្នុង​ខែ សីហា ឆ្នាំ ១៩៩០ កងទ័ព អ៊ីរ៉ាក់ បាន​ឈ្លានពាន កូ​វ៉ែត និង ប្រកាសថា កូ​វ៉ែត គឺជា​អាណាខេត្ត​របស់ខ្លួន ( អ៊ីរ៉ាក់ ) ។ នៅពេល​ឃើញថា ផលប្រយោជន៍​របស់ខ្លួន ត្រូវបាន​រាំងខ្ទប់​ដោយ សា​ដាំ បែប​នោះ អាមេរិក ក៏​ចាប់ផ្តើម​ចរចា​ជាមួយ អ៊ីរ៉ាក់ ។​

​ប៉ុន្តែ​អាមេរិក មិនដែល​បន្ទន់ឥរិយាបថ​តាម​ការស្នើ​របស់ អ៊ីរ៉ាក់ ឡើយ ។ ដូច្នេះ​បន្ទាប់ពី​បរាជ័យ​ក្នុង​ការចរចា​ការទូត​ជា​បន្ត​បន្ទាប់មក សហរដ្ឋអាមេរិក ដែល​អាង​កម្លាំង​ទ័ព​ខ្លាំងក្លា និង មាន​មហាអំណាច​ផ្សេងទៀត ដូចជា​អង់គ្លេស នៅ​ខាង​ខ្លួន​ផង បានរួម​សម្ព័ន្ធភាព​ជាមួយ កូ​វ៉ែត ធ្វើសង្គ្រាម​បណ្តេញ​កងទ័ព អ៊ីរ៉ាក់ ចេញពី កូ​វ៉ែត ដែល​ត្រូវបាន​គេ​ស្គាល់​ថា សង្គ្រាម ឈូងសមុទ្ទ​ពែ​ក ដែល​បានចាប់ផ្តើម​ពីថ្ងៃ​ទី ២ ខែ សីហា ដដែល​នោះ ហើយ​កង​សម្ព័ន្ធមិត្ត បាន​ជោគជ័យ​ក្នុងការ​បណ្តេញ​កងទ័ព អ៊ីរ៉ាក់ ចេញពី កូ​វ៉ែត នៅ​ថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ១៩៩១​។​

​កងទ័ព អ៊ីរ៉ាក់ ត្រូវបាន​បណ្តេញ​ចេញពី កូ​វ៉ែត ក៏ពិតមែន ប៉ុន្តែ​គោលបំណង​របស់ សា​ដាំ ហ៊ូ​សេន ដែល​ចង់​ធ្វើឱ្យ​មជ្ឈិមបូព៌ា​មានមុខ​មាន​មាត់​ជាង​នោះ​ចំពោះ មហាអំណាច​លោកខាងលិច ដូចជា​អាមេរិក​ជាដើម នៅតែ​មិនបាន​បោះបង់​ឡើយ ដែល​បានសេចក្តីថា សា​ដាំ នៅតែ​ជា​ឆ្អឹង​ទទឹង ក អាមេរិក និង មហាអំណាច​លោកខាងលិច​នៅឡើយ ។ ដូច្នេះ​អាមេរិក និង គូកន តែងតែ​រក​វិធី​កម្ចាត់ សាំ​ដាំ ចេញពី​អំណាច ។ ដោ​យេ​ហ​តុ​នោះ នៅក្នុង​ខែ មីនា ឆ្នាំ ២០០៣ កូ​វ៉ែត គឺជា​ឈ្នាន់​សម្រាប់​អាមេរិក ក្នុងការ​ឈ្លានពាន អ៊ីរ៉ាក់ ។​

កម្ពុជា​-​កូ​វ៉ែត​
​ប្រហែលជា​ដោយ​កត្តា​ភូមិសាស្ត្រ​ដែល​ប្រទេស​ទាំងពីរ​មិនមាន​ព្រំដែន​ជាប់​គ្នា​ផង និង ក្នុង​បរិបទ​រួមរស់​ដោយ​សន្តិភាព​នឹង​គ្នា​ផង ទើប​កម្ពុជា និង កូ​វ៉ែត មាន​ទំនាក់ទំនង​ការទូត​ដ៏​ល្អប្រសើរ ជាមួយគ្នា​ពុំដែល​មាន​ផល​រមាស់​អ្វី​ដែរ គឺមាន​តែ​ភាព​ល្អុ​ក​ល្អឺ​ន​នឹង​គ្នា ហើយ កូ​វ៉ែត ក៏​ជាទី​ផ្សារ​ដ៏​សំខាន់​មួយ​ផងដែរ​របស់​កម្ពុជា​ក្នុង​នាំចេញ​អង្ករ ។ នៅ​ឆ្នាំ ២០០៨ កូ​វ៉ែត បានផ្តល់​ប្រាក់កម្ចី​ដល់​កម្ពុជា ចំនួន ៥៤៦ លាន​ដុល្លារ សម្រាប់​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​វិស័យ​កសិកម្ម និង ផ្លូវថ្នល់ ៕ ល​