ដោយ៖ រ៉ូហ្សា
ភ្នំពេញ៖ អាងហែលទឹកស្រុកកោះធំ ខេត្តកណ្តាល ដែលសាងសង់ឡើង តាមលក្ខណៈស្តង់ដារនោះ ពេលនេះ បានបញ្ចប់ការសាងសង់ ជាស្ថាពរហើយ បន្ទាប់ពីការកែសម្រួល បច្ចេកទេសរួចរាល់ ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរ កីឡាហែលទឹក បានដឹកនាំសមាជិក សហព័ន្ធខ្មែរកីឡាហែលទឹក រួមដំណើរជាមួយមន្ត្រី ក្រសួងសាធារណការ បានចុះទៅត្រួតពិនិត្យ កាលពីចុងសប្ដាហ៍កន្លងមក ។

លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹក បានប្រាប់ឲ្យដឹងថា ការសាងសង់ អាងហែលទឹកស្រុកកោះធំ បានបញ្ចប់ជាផ្លូវការហើយ ទៅតាមស្តង់ដារ អាងហែលទឹក កម្រិតអន្តរជាតិខ្នាតតូច។ អាងហែលទឹកនេះ សាងសង់ឡើងទៅតាមស្តង់ដារ បច្ចេកទេស និងទំហំ មានទទឹង ២០ ម៉ែត្រ បណ្តោយ ២៥ ម៉ែត្រ តាមខ្នាត ដែលអាចរៀបចំការប្រកួត កម្រិតអន្តរជាតិខ្នាតតូច និងសម្រាប់ការហ្វឹកហាត់ របស់កីឡាករ-កីឡាការិនីហែលទឹក ស្រុកកោះធំ ខេត្តកណ្តាល ក្នុងការត្រៀមការប្រកួតកីឡាជាតិ លើកទី៣ ដែលនឹងប្រព្រឹត្តធ្វើ ចាប់ថ្ងៃទី៤ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ។

លោកបានបន្តថា អាងហែលទឹកនេះ មានបន្ទប់ទឹក សម្រាប់កីឡាករ-កីឡាការិនី ហែលទឹកប្រើប្រាស់ ការិយាល័យធ្វើការរបស់មន្ត្រី បន្ទប់បច្ចេកទេស (ប្រើប្រាស់សម្រាប់ បញ្ជាការប្រកួត) និងទីលានអង្គុយទស្សនា ដែលមានដំបូលការប្រកួត។
គួរបញ្ជាក់ថា អាងហែលទឹកនេះ ស្ថិតនៅក្នុងបរិវេណកីឡដ្ឋាន ស្រុកកោះធំ ក្នុងភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ដែលចំណាយថវិកា អស់សរុបប្រមាណ ៣០ ម៉ឺនដុល្លារអាម៉េរិក សម្រាប់សិស្សានុសិស្ស ក៏ដូចជាកីឡាករហែលទឹក អាចហ្វឹក ហាត់កីឡា ដើម្បីសុខភាព និង ត្រៀមចូលរួមប្រកួត កីឡាស៊ីហ្គេម ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៣នោះ៕v

