រដ្ឋមន្ត្រី​ចង់ឱ្យ​យុវជន​ស្រលាញ់​សន្តិភាព​ជួយ​បញ្ចេញ​សាច់ដុំ​ស្តារ​ទេសចរ​ឲ្យ​ច្រើន​ឡើងវិញ​

ដោយ​: មូល​សម្បត្តិ / ភ្នំពេញ​: រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក ថោង ខុន បាន​ជំរុញ​លើកទឹកចិត្ត​ឱ្យ​ក្រុមយុវជន​ស្រលាញ់​សន្តិភាព ក៏ដូចជា​ដៃគូ​សហការ​ដទៃទៀត ចូលរួម​បំផុស​ចលនា​ទេសចរ​ក្នុងស្រុក​កាន់​តែមាន​សកម្ម​ភាពខ្លាំង​ឡើង ស្របតាម​អនុសាសន៍​ក្នុង​សារលិខិត​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​ការជំរុញ​លើកទឹកចិត្ត​បែបនេះ ត្រូវបាន​ធ្វើឡើង​ក្នុងឱកាស​ដែល​លោក​រដ្ឋមន្ត្រី​ទទួល​ជួប​ប្រតិភូ​យុវជន​ស្រលាញ់​សន្តិភាព ដឹកនាំ​ដោយ​លោក ប៉ាន់​ខែម ប៊ុនថន នាយក​ប្រតិបត្តិ​សម្ព័ន្ធ​យុវជន​ស្រលាញ់​សន្តិភាព នា​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍​។​

​ក្នុង​កិច្ច​ជំនួប​នោះ ក្រុម​សម្ព័ន្ធ​យុវជន​ស្រលាញ់​សន្តិភាព​បានបង្ហាញ​ពី​ស្មារតី​ឆន្ទៈ ក្នុងការ​ចូលរួម​ផ្សព្វផ្សាយ​ពី​វិស័យ​ទេសចរណ៍​ជាតិ​យ៉ាងខ្លាំង ដោយ​ស្ម័គ្រចិត្ត​ចូលរួម​ជា​តួរ​អង្គ​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ សំដៅ​ជំរុញឱ្យមាន​កំណើន​ទេសចរ​នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោក ប៉ាន់​ខែម ប៊ុនថន បាន​បញ្ជាក់ថា ក្រៅពី​ស្រលាញ់​សន្តិភាព ចូលរួម​រក្សា​ឱ្យបាន​នូវ​សុខសន្តិភាព ការពារ​គាំទ្រ​អ្នកបង្កើត​ឱ្យមាន​សន្តិភាព សម្ព័ន្ធ​យុវជន​ស្រលាញ់​សន្តិភាព​ក៏បាន​ចូលរួម​សកម្មភាព​ជាច្រើន​តាម​វិស័យ​នានា ក្នុងនោះ​ក៏បាន​ចូលរួម​ផ្សព្វផ្សាយ​ពី​វិស័យ​ទេសចរណ៍ រមណីយដ្ឋាន​ទេសចរណ៍ និង​ជំរុញឱ្យមាន​ចលនា​ទេសចរ​ទៅកាន់​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​មួយចំនួន​មកហើយ​ដែរ​។​

​លោក​ថា តទៅ​មុខ សម្ព័ន្ធ​យុវជន​ស្រលាញ់​សន្តិភាព​នឹង​ពង្រីក​សមាជិក​ឱ្យ​កាន់តែច្រើន​នៅ​ទូទាំងប្រទេស ដើម្បី​ពង្រីក​សកម្មភាព​ជួយ​សង្គម និង​ពង្រីក​ការចូលរួម​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ផងដែរ​។​

​ដោយ​ទទួលបាន​ការអះអាង​យ៉ាង​ដូច្នេះហើយ លោក​រដ្ឋមន្ត្រី​បានបង្ហាញ​នូវ​ការងារ​ចាំបាច់​មួយចំនួន សម្រាប់​ឱ្យ​សមាជិក​សម្ព័ន្ធ​យុវជន​ស្រលាញ់​សន្តិភាព​ជួយ​បញ្ចេញ​សាច់ដុំ ក្នុងនោះ​លោក​បានស្នើ​ក្រុមយុវជន​ជួយ​បំផុស​ឱ្យមាន​ចលនា​ទេសចរ​ក្នុងស្រុក​ឱ្យបាន​ច្រើន ដើម្បី​ជួយ​ស្រោចស្រង់​កំណើន​ទេសចរ​ឡើងវិញ ស្រប​ពេលដែល​ពិភពលោក​កំពុង​ប្រឈម​នឹង​បញ្ហា​ជំងឺ Covid-19 ដែលនាំឱ្យ​ចំនួន​ភ្ញៀវទេសចរ​បរទេស​មក​កាន់​កម្ពុជា​មានការ​ធ្លាក់​ចុះ​។​

​លោក​ក៏បាន​លើក​ពី​មតិយោបល់​មួយ​ទៅកាន់​ប្រតិភូ​សម្ព័ន្ធ​យុវជន​ស្រលាញ់​សន្តិភាព នោះ​គឺ​ការរៀបចំ​កម្មវិធី​ផ្សព្វផ្សាយ​ពី​រមណីយដ្ឋាន​ទេសចរណ៍​នានា​នៅក្នុង​ប្រទេស ដើម្បីឱ្យ​ប្រជាពលរដ្ឋ​បាន​ស្គាល់​បានឃើញ​តាមរយៈ​ការផ្សព្វផ្សាយ សំដៅ​បំផុសទឹកចិត្ត និង​លើកទឹកចិត្ត​ឱ្យ​ពួកគាត់​ចាប់អារម្មណ៍​ទៅលេង​កម្សាន្ត ខណៈដែល​លោក ប៉ាន់​ខែម ប៊ុនថន និង​ក្រុម​សម្ព័ន្ធ​យុវជន​របស់ខ្លួន ក៏​ធ្លាប់មាន​បទពិសោធន៍​ក្នុងការ​អនុវត្ត​ការងារ​នេះ​។​

​លោក​បានចង្អុលបង្ហាញ​ថា ក្រៅពី​តំបន់​គោលដៅ​ទេសចរណ៍​នានា​នៅក្នុង​ប្រទេស គោលដៅ​សំខាន់​របស់​រាជរដ្ឋាភិបាល​កម្ពុជា គឺ​ជំរុញឱ្យមាន​ចលនា​ទេសចរ​ទៅកាន់​ខេត្តសៀមរាប ដែល​កំពុង​រង​នូវ​ការធ្លាក់ចុះ​ភ្ញៀវទេសចរ​បរទេស ក្នុងនោះ​រាជរដ្ឋាភិបាល​នឹង​រៀបចំ​ព្រឹត្តិការណ៍ និង​កម្មវិធី​កម្សាន្ត​សប្បាយៗ​ជាច្រើន​ទៀត​នៅ​ទីនោះ​។​

​លោក​បញ្ជាក់ទៀតថា រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួងទេសចរណ៍ បាននិងកំពុង​ខិតខំ​ផ្សព្វផ្សាយ​ថា «​កម្ពុជា​នៅតែ​គោលដៅ​ទេសចរណ៍​ប្រកបដោយ​សុខសន្តិភាព សុវត្ថិភាព និង​ផ្ដល់នូវ​ភាពកក់ក្ដៅ​សម្រាប់​ភ្ញៀវទេសចរ​គ្រប់​ជាតិ​សាសន៍ គ្មាន​ការភ័យព្រួយ​នឹង​បញ្ហា​ជំងឺ Covid-19 នោះឡើយ​»​។​

​លោក ប៉ាន់​ខែម ប៊ុនថន និង​ប្រតិភូ​សម្ព័ន្ធ​យុវជន​ស្រលាញ់​សន្តិភាព បានបង្ហាញ​នូវ​ការប្ដេជ្ញាចិត្ត​ខ្ពស់​ចំពោះ​កិច្ចការ​ទាំងឡាយ ដែល​លោក​រដ្ឋមន្ត្រី ថោង ខុន បាន​ណែនាំ ដើម្បី​រួមគ្នា​ជំរុញឱ្យមាន​ចលនា​ទេសចរ​ក្នុងស្រុក ទាក់ទាញ​ភ្ញៀវទេសចរ​ពី​ក្រៅប្រទេស លើកស្ទួយ​វិស័យ​ទេសចរណ៍​ជាតិ ស្របតាម​អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល សម្ដេច​តេ​ជោ ហ៊ុន សែន បិតា​នៃ​សុខសន្តិភាព​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យានអវកាស​ជប៉ុន​កំពុង​ហោះ​...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ផ្សារ​ជនបទនៅ​ស្ទឹងត្រែង ត...

ដោយៈ សុខុម/ស្ទឹងត្រែងៈ ផ្...

ឃាត់ខ្លួន​បុគ្គលិក​ផ្នែក​...

ដោយៈ អង្គា​រ៍​ហេង/ភ្នំពេញ...

អា​ដុល អ៊ី​ត្លែរ ឈ្នះ​ឆ្ន...

​ប្រែ​សម្រួលៈ​វាសនា​៖ ​អ្...