លោកហាវី វេនស្ទិនត្រូវបានផ្តន្ទាទោសកាលពីថ្ងៃចន្ទទី២៤កុម្ភៈពីបទរំលោភសេពសន្ថវៈនិងបៀតបៀនផ្លូវភេទ ប៉ុន្តែត្រូវបានកាត់ឱ្យរួចខ្លួនពីបទចោទប្រកាន់ដ៏ធ្ងន់ធ្ងរបំផុតគឺបទចាប់រំលោភផ្លូវភេទដោយបង្ខំ ដែលនេះជាសាលក្រមមួយត្រូវបានចាត់ទុកថាជាជ័យជម្នះជាប្រវត្តិសាស្ត្រដោយចលនា #MeToo ប្រឆាំងនឹងការប្រព្រឹត្តមិនត្រូវត្រូវខាងផ្លូវភេទ។
បុរសអាយុ ៦៧ ឆ្នាំរូបនេះត្រូវបានបញ្ជូនទៅឃុំឃាំងនៅពន្ធនាគារកោះរីកឃើដ៏ល្បីល្បាញនៅញូវយ៉ក បន្ទាប់ពីគណៈវិនិច្ឆ័យដែលមានបុរស ៧ នាក់និងស្ត្រី ៥ នាក់បានរកឃើញថា អតីតផលិតករហូលីវូដដ៏មានឥទ្ធិពលរូបនេះមានទោសព្រហ្មទណ្ឌពីបទប្រព្រឹត្តមិនត្រឹមត្រូវខាងផ្លូវភេទក្នុងទោសកម្រិតទី១និងបទរំលោភក្នុងទោសកម្រិតទី៣។
ទោះយ៉ាងណា អ្នកនាំពាក្យរបស់គាត់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា គាត់បានចាកចេញពីពន្ធនាគាររីកឃើកាលពីល្ងាចថ្ងៃចន្ទហើយត្រូវបានបញ្ជូនទៅមន្ទីពេទ្យ Bellevue ក្នុងសង្កាត់ម៉ាហាថាន់ ដោយសារឈឺទ្រូង។
វេនស្តិន ម្ចាស់ពានរង្វាន់អូស្ការ ដែលខ្សែភាពយន្តរបស់គាត់រួមមានរឿង “Shakespeare In Love” មិនត្រូវបានគេរកឃើញមានទោសពីបទរំលោភសេពសន្ថវៈកម្រិតទី១និងការចាប់រំលោភផ្លូវភេទដោយបង្ខំទេ ដែលទោសទាំងពីរនេះអាចធ្វើឱ្យគាត់ត្រូវជាប់គុកអស់មួយជីវិត។
ប៉ុន្តែគាត់ប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល ២៩ ឆ្នាំលើការកាត់ទោសពីបទឧក្រិដ្ឋចំនួនពីរនេះ។
ជនជាប់ចោទមិនបានបង្ហាញទឹកមុខតក់ស្លុតសូម្បីបន្តិចនៅឯការជំនុំជម្រះក្តីក្រោយសាលក្រមប្រកាសទៅកាន់បន្ទប់សវនាការដ៏ណែននៅទីក្រុងញូវយ៉ក។ គាត់ត្រូវបានគេនាំទៅឃុំឃាំងវិញ ដោយរង់ចាំការកាត់ទោសជាបន្តទៀត ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១១ ខែមីនា៕ ដោយ៖ កញ្ញាដាលីស