កម្ទេច​ផលិតផល​ក្លែងក្លាយ​ជាង ៨​តោន នៅ​ខេត្តកំពង់ធំ

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ផលិតផល​ក្លែងក្លាយ​ចំនួន​ជាង ៨​តោន ត្រូវបាន​កម្ទេចចោល​នៅ​ខេត្តកំពង់ធំ នា​ព្រឹក​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​លោក​អង្គ វង្ស​វ​ឌ្ឍ​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​អភិបាល​កំពង់ធំ រួមទាំង​អង្គទូត ស្ថាប័ន​អាជ្ញាធរ​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ មន្ត្រីរាជការ​នៃ​មន្ទីរ​នានា ជុំវិញ​ខេត្ត​។​

​ពិធី​កម្ទេចចោល​ផលិតផល​ក្លែងក្លាយ​ធ្វើ​នៅ​ភូមិ​វ​ល្លិ៍​យាវ ឃុំ​ត្រពាំង​ឫស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ (​ផ្លូវជាតិ​លេខ​៦២ បង្គោលគីឡូម៉ែត្រ​លេខ​៦)​។​

​ផលិតផល​ក្លែងក្លាយ​ដែល​បំ​ផ្លាគ​ចោល មាន​ចំនួន ២២​មុខ មាន​ទម្ងន់​ជាង ៨​តោន ដែល​សមត្ថកិច្ច​ចម្រុះ​នៃ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ បាន​បង្ក្រាប និង​រក្សាទុក​នាពេល​កន្លងមក​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ មៀ​ច សុផាន់​ណា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ បាន​ថ្លែងថា គណៈកម្មាធិការ បាន​អនុវត្តន៍​តាម​អនុសាសន៍​របស់ សម្តេច​ក្រឡាហោម ដែល​បាន​ណែនាំ​ដល់ គណៈកម្មាធិការ ឱ្យ​យកចិត្តទុកដាក់​ជា​អាទិភាព​ក្នុងការ​ទប់ស្កាត់ និង​បង្ក្រាប​លើ​ផលិតផល​ក្លែងក្លាយ ដូចជាៈ ថ្នាំពេទ្យ ចំណីអាហារ គ្រឿង​បរិភោគ និង​ភេសជ្ជៈ​ដែល​ទទួលទាន​ដាក់ចូល​ទៅក្នុង​មាត់ ហេតុនេះហើយ គណៈកម្មាធិការ បាន​ប្រឹងប្រែង​បង្កើន​ការព្យាយាម​បន្ថែមទៀត ដើម្បី​ធានា​ឲ្យ​បាន ប្រាកដថា គ្រឿងឧបភោគ បរិភោគ​ទាំងអស់នោះ​ពិត​ជាមាន​សុវត្ថិភាព​ចំពោះ​សុខភាព​របស់​អ្នក​ដែល ទទួលទាន ។ កាលពី​ឆ្នាំ​២០១៩ កន្លងទៅ សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​គណៈ​ក​ម្មា ធិ​ការប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ បានធ្វើ​ប្រតិបត្តិ​ការចាប់​ឃាត់​នូវ​ផលិតផល​ក្លែងក្លាយ ចំនួន ២២​មុខ ទម្ងន់​ជាង ៨​តោន ពី​សហគ្រាស​មួយកន្លែង ដែលមាន​ម្ចាស់​ឈ្មោះ លឹម ភ័​ណ្ឌ មាន​អាសយដ្ឋាន នៅ​ភូមិ​ព្រៃ​បន្លិច សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ បន្ទាប់មក​បាន​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​តាម​នីតិវិធី រហូត​ទទួលបាន​ការសម្រេច​ពី​សាលាដំបូង​ខេត្តកំពង់ធំ ផ្តន្ទាទោស​ជន ជាប់ចោទ ១​ឆ្នាំ ពិន័យ​ប្រាក់ ១០​លាន​រៀល និង​បង្គាប់​ឱ្យ​កម្ទេចចោល​នូវ​ផលិតផល​ក្លែងក្លាយ ចំនួន ២២​មុខ ទម្ងន់​ជាង ៨​តោន ដែល​យើង​បានរៀបចំ​ពិធី​នាពេលនេះ ។​

​លោក​បន្តថា រាជរដ្ឋាភិបាល ជាពិសេស​ក្រសួងមហាផ្ទៃ ដែលមាន​សម្តេច​ក្រឡាហោម ជា​អ្នកដឹកនាំ​ផ្ទាល់ និង​តម្រង់ទិស​ដល់​គណៈកម្មាធិកា​រ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ សម្តេច​បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ក្នុងការ​ទប់ស្កាត់ និង​បង្ក្រាប​ការធ្វើ​ចរាចរ​ផលិតផល​ក្លែងក្លាយ ដែល​បាន​នឹង​កំពុង​ចែកចាយ នៅលើ​ទីផ្សារ​នាពេល​បច្ចុប្បន្ន បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់ ថែមទាំង​ធ្វើឱ្យ ខាតបង់​ពេលវេលា និង​ប្រាក់កាស​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ហើយ​មាន​ករណីខ្លះ​បាន​បង្ក​គ្រោះថ្នាក់ ធ្ងន់ធ្ងរ​រហូតដល់​បាត់បង់​អាយុជីវិត​ទៀតផង ។ នាពេល​បច្ចុប្បន្ននេះ ទោះបីជា​មានការ​ខិតខំ​ទប់ស្កាត់ ពី​បណ្តា​សមត្ថកិច្ច​អ្នកអនុវត្ត​ន៍​ច្បាប់​យ៉ាងណាក៏ដោយ ក៏​ជនល្មើស​នៅតែ​ព្យាយាម​បន្ត​ប្រព្រឹត្ត​បទល្មើស ផលិតផល​ក្លែងក្លាយ​នេះដែរ ពីព្រោះថា ការ​ចរាចរ និង​ចែកចាយ​ផលិតផល​ក្លែងក្លាយ ដែលមាន​ហា​និ ភ័យ​ខ្ពស់ នោះគេ​នឹង​ទទួលបាន​ប្រាក់ចំណេញ​យ៉ាងច្រើន ហើយ​ចំពោះ​ការដាក់ទោសទណ្ឌ​ទៀត សោត នៅមានកម្រិត​ស្រាល​នៅឡើយ គួបផ្សំ​នឹង​ការយល់ដឹង​របស់​សម​ត្ថ​កិច្ច​ជំនាញ​លើ​វិស័យនេះ ក៏​នៅមានកម្រិត​ផងដែរ ។​

​លោក​បាន​លើកឡើងថា ទោះបីជា​ជួប​ការលំបាក​ក្នុងការ​ទប់ស្កាត់ និង​បង្ក្រាប​ទៅលើ​ជនល្មើស​ទាំងអស់នោះ​យ៉ាង ណាក៏ដោយ ខ្ញុំ​នៅតែមាន​ជំនឿ​យ៉ាង​មុតមាំ​លើ​ការខិតខំ​ព្យាយាម​របស់​សមត្ថកិច្ច និង​ជំនាញ​ពាក់ព័ន្ធ គ្រប់លំដាប់​ថ្នាក់ ជាពិសេស​ការចូលរួម​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​នេះ​តែម្តង ដែលជា​កត្តា មិនអាច​ខ្វះ​បាន ដើម្បី​ឲ្យ​ការប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​ទទួលបាន​ជោគជ័យ ក្នុង​ការធានា និង​លើកកម្ពស់​សុខភាព សុខុមាលភាព​របស់រ​បស់​យើង​គ្រប់ៗ​គ្នា ។ ក្នុងន័យនេះ ដើម្បី​សម្រេច​គោល បំណង និង​គោលដៅ​ជា​យុទ្ធសាស្ត្រ​របស់​គណៈកម្មាធិកា​រ ក្នុងនាម​គណៈកម្មាធិកា​រ​ប្រយុទ្ធប្រឆាំង ផលិតផល​ក្លែងក្លាយ ខ្ញុំ​នឹង​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​កម្លាំងកាយ កម្លាំងចិត្ត ដោយ​ធ្វើការ សម្របសម្រួល សហការគ្នា​យ៉ាង​ជិតស្និទ​ជាមួយនឹង​ស្ថាប័ន អង្គភាព ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ សំដៅ​ធ្វើយ៉ាងណា​ឲ្យ​បេសកកម្ម ក៏ដូចជា​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ ក្រោម ការដឹកនាំ និង​ណែនាំ​ដោយផ្ទាល់​របស់ សម្តេច​ក្រឡាហោម ទទួលបាន​ជោគជ័យ ។​

​ពិធី​កម្ទេច​នូវ​ផលិតផល​ក្លែងក្លាយ​-​ខុសច្បាប់ នាពេល​កន្លងមក ក៏ដូចជា​ពេលនេះ​ដែរ វា​ក៏​ជា សារ​មួយ​រំលឹក​សារជាថ្មី ទៅដល់​ជនល្មើស​ទាំងឡាយ ដែល​បាន​នឹង​កំពុង​ផលិត ស្តុក​ទុក និង​ចែកចាយ ផលិតផល​ក្លែងក្លាយ ថា ដរាបណា​សកម្ម​ភាពខុស​ច្បាប់​បំផ្លាញ​សុខភាព សុខុមាលភាព និង​សុវត្ថិភាព សង្គម​នេះ នៅតែ​បន្ត ដរាប​នោះ គណៈកម្មាធិការ ក៏​នៅតែ​ព្យាយាម​ធ្វើការ​ទប់ស្កាត់ និង​រឹបអូស​យក មក​កម្ទេចចោល ដោយ​មិនមាន​ការលើកលែង រឺក៏​បន្ធូរបន្ថយ​ជាដាច់ខាត​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លួច​ស៊ីម៉ង់ត៍ លក់​រាប់​ឆ្...

ដោយៈ ចាន់តូ / ភ្នំពេញៈ ជន...

ការចរចា​កិច្ចព្រមព្រៀង​ពា...

​ដោយ​: ពៅ​និមល​/​ភ្នំពេញ​...

ក្រុមការងារ​ជំនាញ​ក្រសួងទ...

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ក...

រដ្ឋបាល​ខេត្តសៀមរាប ចែក​ម...

ដោយៈ បាយ័ន/សៀមរាបៈ នៅវេលា...