អាម៉េរិកត្រៀមផលិតដ្រូនក្រោមទឹកខ្នាតធំ

426
ចែករម្លែក

ក្រុមហ៊ុន Lockheed Martin ដែលជាក្រុមហ៊ុនឈានមុខគេផ្នែកសន្តិសុខនិងលំហអាកាសលើពិភពលោក បានទទួលកិច្ចសន្យាតម្លៃ ១២,៣ លានដុល្លារដើម្បីចាប់ផ្តើមដំណើរការដំណាក់កាលដំបូងនៃកម្មវិធីដ្រូនក្រោមទឹក Manta Ray។

កិច្ចសន្យាពីទីភ្នាក់ងារគម្រោងស្រាវជ្រាវជាន់ខ្ពស់ផ្នែកការពារជាតិ (DARPA) នឹងផ្តល់ថវិកាដល់ការស្រាវជ្រាវ ការអភិវឌ្ឍ និង ការបង្ហាញដ្រូនក្រោមទឹកដ៏ធំ។

ដ្រូនយោធានេះនឹងក្លាយជាយានជំនិះយោធាដំបូងគេនៅក្នុងប្រភេទយានជំនិះជិះធន់បានយូរ ជិះបានចម្ងាយឆ្ងាយនិងអាចផ្ទុកសព្វាវុធបាន ដើម្បីអនុវត្តបេសកកម្មដោយមិនបាច់ប្រើមនុស្សមកបើកបរ។

គោលដៅចុងក្រោយគឺដើម្បីអនុញ្ញាតឱ្យទាហានបន្តបេសកកម្មរបស់ខ្លួននៅលើដីគោក ដោយមិនចាំបាច់រងការរំខានក្នុងការបើកបរ ថែទាំ និង ចាក់ប្រេងឱ្យនាវាមុជទឹក។

យោងតាមកិច្ចសន្យា ការងារ ៥២ ភាគរយនឹងត្រូវធ្វើនៅទីក្រុងវេសផាមប៊ីច រដ្ឋផ្លរីដា ខណៈការងារសេសសល់ដទៃទៀតនឹងធ្វើនៅទីក្រុងឆឺរីហ៊ីល រដ្ឋញូវជើស៊ី និងទីកន្លែងដទៃទៀតនៅទូទាំងសហរដ្ឋអាម៉េរិក។

កិច្ចសន្យាផលិតនេះគ្រោងនឹងសម្រេចពេញលេញនៅខែមករាឆ្នាំ ២០២១៕ ដោយ៖ កញ្ញាដាលីស

ដ្រូនក្រោមទឹកនឹងត្រូវផលិតដោយក្រុមហ៊ុន Lockheed Martin

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ