ដោយ:គង់ហេង/កំពង់ចាម ៖ អាជ្ញាធរខេត្តកំពង់ចាម គ្រោងរៀបចំប្រែក្លាយតំបន់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ជាតំបន់ស៊ីវឃ្វីទេសចរណ៍ គឺជាការធ្វើចរាចរភ្ជាប់បណ្តាញរវាងបណ្តាខេត្តភាគកណ្តាល និងបណ្តាខេត្តភូមិភាគឦសាន។ ខណ:ដែលស្ពានឆ្លងកាត់ទន្លេមេគង្គមួយនេះ ស្ថាបនាបានប្រមាណ ៧០ភាគរយ ក្នុងរង្វង់ខែកុម្ភ: ឆ្នាំ២០២០នេះ។
នេះជាការប្រកាសឳ្យដឹងរបស់លោក អ៊ុន ចាន់ដា ជាអភិបាលខេត្តកំពង់ចាម ក្នុងឳកាសដែលលោកបានអញ្ជើញចូលរួមសម្ពោធឧបដ្ឋានសាលាមួយខ្នង នៅឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ កាលពីចុងសប្តាហ៍កន្លងទៅនេះ។
លោកអភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ថា ឧបដ្ឋានសាលាមួយខ្នងរបស់វត្តស្រែវាលដែលមានតម្លៃជាង ៣៣ម៉ឺន ដុល្លារអាមេរិក គឺអាចចាត់ទុកជាសំណង់ប្រវត្តិសាស្រ្តហើយ។ ដោយឡែកសំណង់ប្រវត្តិសាស្រ្តមួយទៀត គឺស្ពានឆ្លងទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារស្ថាបនាជិតរួចហើយនៅសល់ទំហំការងារប្រហែល ៣០ ភាគរយទៀតប៉ុណ្ណោះ។
លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ទៀតថា បច្ចុប្បន្នក្រុមការងារកំពុងតែដឹកជញ្ជួនដីខាងយើងស្រុកស្ទឹងត្រង់ តាមសាឡាងដើម្បីស្ថាបនាផ្លូវភ្ជាប់ស្ពានខាងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ស្ពាននេះនឹងមានគម្រោងសម្ពោធដាក់ឳ្យប្រើប្រាស់ក្នុងពេលឆាប់ៗ នាពេលខាងមុខ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
លោកបានមានប្រសាសន៍បន្ថែមថា ប្រជាពលរដ្ឋទាំងអស់នឹងអាចធ្វើដំណើរឆ្លងកាត់ស្ពានប្រវត្តិសាស្រ្តមិនធ្លាប់មាន ផ្នែកខាងលើទន្លេមេគង្គរបស់ខេត្តកំពង់ចាមទាំងយប់ទាំងថ្ងៃ។ មិនខកខានរង់ចាំជើងរបស់សាឡាងទៀតទេ គឺជាការផ្តល់អត្ថប្រយោជន៍យ៉ាង សម្បើមក្នុងការប្រើប្រាស់របស់ប្រជាពលរដ្ឋ។
លោកបានមានប្រសាសន៍បន្តថា ពិសេសយើងនឹងរៀបចំប្រែក្លាយតំបន់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ជាតំបន់ស៊ីវឃ្វីទេសចរណ៍ គឺជាចរាចរ នៃការភ្ជាប់បណ្តាញពីបណ្តាខេត្តនៅភូមិភាគកណ្តាល ជាមួយបណ្តាខេត្តនៅភូមិភាគឦសាន។ មានន័យថាស្រុកស្ទឹងត្រង់ក្លាយជាចំណុចកណ្តាលរបស់ភ្ញៀវទេសចរ គឺនឹងក្លាយជាទីប្រជុំជនមួយដ៏ទាក់ទាញ។
លោក សុវណ្ណថេត ឃួយហាក់ ប្រធានការិយាល័យសាធារណការ និងដឹកជញ្ជួនស្រុកស្ទឹងត្រង់បានប្រាប់កាសែតរស្មីកម្ពុជានៅថ្ងៃទី ២៥ ខែកុម្ភ: ឆ្នាំ២០២០ថា សសរស្ពានស្ទឹងត្រង់-ក្រូចឆ្មារ គឺខាងក្រុមហ៊ុនស៊ាងហៃរបស់ប្រទេសចិនបានស្ថាបនារួចអស់ហើយ គឺនៅតែរុញធ្នឹមតភ្ជាប់គ្នាតែប៉ុណ្ណោះ។
លោកប្រធានការិយាល័យបានបន្តថា ប៉ុន្មានថ្ងៃនេះខាងក្រុមជាងសំណង់សំណង់ស្ពាន ហាក់មានការមមាញឹកក្នុងការសាងសង់ គឺនៅសល់ប្រហែលបីប្រឡោះធ្នឹមស្ពានទៀតជាប់គ្នាពីខាងក្រូចឆ្មារហើយ។ ដោយបច្ចុប្បន្នបានរុញធ្នឹមពីខាងស្ទឹងត្រង់បានចំនួន បី ប្រឡោះហើយ។
លោកបានបន្ថែមថា ឥឡូវក្រុមជាងកំពុងសម្រុកសង់លូជ្រុងអមសងខាងផ្លូវ ឌីប៊ីអេសធី ពីរង្វង់មូលគល់ស្ពានឆ្ពោះទៅរង្វង់មូលមាឃភ្ជាប់ផ្លូវលេខ ៧១បេ និងដឹកជញ្ជួនដីពីខាងស្ទឹងត្រង់ ដើម្បីស្ថាបនាផ្លូវខាងក្រូចឆ្មារ៕/B