ដោយ:គូលែន/សៀមរាប ៖ លោកអភិបាលស្រុកស្វាយលើ បានសន្យាព្យាយាមស្វែងរកដំណោះស្រាយនូវបញ្ហាកង្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងឃុំស្វាយលើ ខេត្តសៀមរាប។

នៅថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២០នេះ បន្ទាប់ពីទទួលបាននូវសំណូមពររបស់ប្រជាពលរដ្ឋក្នុងឃុំស្វាយលើ ពាក់ព័ន្ទនឹងកង្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃរួចមក លោក អៀង ពិសិដ្ឋ អភិបាលស្រុកស្វាយលើ បានអះអាងថា អាជ្ញាធរស្រុកនឹងកោះអញ្ចើញសហគមន៍ទឹកនៅក្នុងឃុំស្វាយលើ និងអ្នកពាក់ព័ន្ធមកប្រជុំជាបន្ទាន់ ដើម្បីរកដំណោះស្រាយណាមួយពាក់ព័ន្ធជាមួយប្រជាពលរដ្ឋក្នុងការប្រើប្រាសទឹក រួមជាមួយនឹងការបង់វិភាគទាននៃការប្រើប្រាស់ទឹកទៅឲ្យសហគមន៍ទឹកជារៀងរាល់ខែផងដែរ ។

លោក អៀង ពិសិដ្ឋ អភិបាលស្រុកស្វាយលើ បានបញ្ជាក់ថា ពាក់ព័ន្ធបញ្ហាទឹកដែលសហគមន៍បានរៀបចំកន្លងមកឃើញថា ពុំទាន់មានភាពរលូន និង ធ្វើឱ្យមានបញ្ហាប្រឈមជាច្រើនជាមួយការប្រើប្រាស់ទឹកប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ តាំងពីមានទឹកដែលបង្ហូរចូលអាងស្តុបទឹកចម្រោះទឹកថ្មី ដែលសាងសង់ដោយព្រះសង្ឃ ពុទ្ធបរិស័ទ និង សហគមន៍ទឹកនៅក្នុងឃុំស្វាយលើ ខណៈសហគមន៍ទឹកឃុំស្វាយលើនេះ មិនទាន់មានច្បាប់មកដល់ស្រុកនៅឡើយទេ គឺមានត្រឹមតែឃុំប៉ុណ្ណោះ ។

លោកបានបន្តថា កាលពីមុនមានក្រុមហ៊ុនឯកជនមួយបានមកវិនិយោគទៅលើគម្រោងផ្គត់ផ្គង់ទឹកស្អាត សម្រាប់ការប្រើប្រាស់ទឹកជូនដល់ប្រជាពលរដ្ឋចំនួន២ឃុំ គឹឃុំស្វាយលើ និង ឃុំតាសៀម ប៉ុន្តែនៅពេលដែលក្រុមហ៊ុនចាប់ផ្តើមដំណើរការ មានបងប្អូនប្រជាពលរដ្ឋមូយចំនួន បានមកតវ៉ាមិនឲ្យក្រុមហ៊ុនឯកជនធ្វើបន្តទៀតទេ ដោយសារពួកគាត់គិតថា បើសិនក្រុមហ៊ុនធ្វើវាអាចមានផលប៉ះពាល់ដល់ពួកគាត់ដែលធ្លាប់ប្រើប្រាស់នៅប្រព័ន្ធទឹកខាងលើភ្នំយូរណាស់មកហើយនោះ ។

លោកអភិបាលស្រុកស្វាយលើ បានបន្តទៀតថា ទោះជាយ៉ាងនេះក្ដី អាជ្ញាធរស្រុកនឹងកោះអញ្ចើញសហគមន៍ទឹកនៅក្នុងឃុំស្វាយលើ និងអ្នកពាក់ព័ន្ធមកប្រជុំជាបន្ទាន់ ដើម្បីរកដំណោះស្រាយណាមួយពាក់ព័ន្ធជាមួយប្រជាពលរដ្ឋក្នុងការប្រើប្រាសទឹក រួមជាមួយនឹងការបង់វិភាគទាននៃការប្រើប្រាស់ទឹកទៅឲ្យសហគមន៍ទឹកជារៀងរាល់ខែផងដែរ ។

លោក យ៉ែម សាវុន ជំទប់ទី២ឃុំស្វាយលើ និង ជាតំណាងសហគមន៍ទឹកឃុំស្វាយលើ បានឱ្យដឹងថា បច្ចុប្បន្ន សហគមន៍ទឹកឃុំស្វាយលើ បានចងក្រងជាក្រុមអ្នកប្រើប្រាស់ប្រព័ន្ធទឹកដែលមានប្រជាពលរដ្ឋជាង៣០០គ្រួសារ ក្នុងភូមិចំនួន៤ ក្នុងឃុំស្វាយលើ រួមមាន ៖ ភូមិបិតផ្កា , ភូមិជប់លើ , ភូមិជប់ក្រោម និងភូមិត្រពាំងខ្នារ ហើយឥឡូវនេះ សហគមន៍ទឹក បានរៀបចំឲ្យមានប្រព័ន្ធទឹក អាងស្តុបទឹកដើម្បីចម្រោះយកទឹកស្អាតសម្រាប់ទុកឲ្យប្រជាពលរដ្ឋប្រើប្រាស់នារដូវប្រាំងនៅតាមមូលដ្ឋានរបស់ពួកគាត់ ដែលអាចផ្គត់ផ្គង់ទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ។

លោកបានបន្តថា កាលពីឆ្នាំមុន មានទុយោទឹកចាស់ៗមួយចំនួនបានបាក់បែក មកទើបនៅឆ្នាំ២០២០នេះខាងសហគមន៍ទឹកឃុំស្វាយលើ បានរៀបចំសាជាថ្មី ដើម្បីឲ្យប្រជាពលរដ្ឋបានប្រើប្រាស់ទឹកទៅតាមតម្រូវការតាមមូលដ្ឋាន ប៉ុន្តែមិនទាន់បានរៀបចំឲ្យស្រួលមូលនៅឡើយទេដោយសារខ្វះថវិកា ខណៈកន្លងមក មានតែប្រជាពលរដ្ឋមួយចំនួនប៉ុណ្ណោះ ដែលបានផ្ដល់ថវិកាបដិភាគជូនសហគមន៍ ដូច្នេះប្រសិនបើប្រជាពលរដ្ឋអ្នកប្រើប្រាស់ទឹក បានបង់ថវិកាបដិភាគគ្រប់គ្នានោះ សហគមន៍មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការរៀបចំឲ្យប្រព័ន្ធទឹកបានដំណើរការល្អ សម្រាប់បម្រើឲ្យការប្រើប្រាស់ទឹកបានគ្រប់គ្រាន់ ។

សូមបញ្ជាក់ថា សហគមន៍ទឹករបស់ឃុំស្វាយលើ បានបង្កើតតាំងឆ្នាំ២០០៣ រហូតដល់ឆ្នាំ២០១៣ ទើបលោកមេឃុំស្វាយលើបានចេញសេចក្តីសម្រេចចងក្រងជាសហគមន៍ទឹកឃុំស្វាយលើមួយ ដែលមានអ្នកចូលរួមប្រើប្រាស់ទឹកនោះចំនួន៤ភូមិ មានប្រជាពលរដ្ឋប្រមាណជាង៣០០គ្រួសារ ហើយបានចាត់ចែងអ្នកនៅក្នុងសហគមន៍នោះធ្វើជាប្រធានសហគមន៍ ដើម្បីអនុវត្តគម្រោងប្រើប្រាស់ទឹករបស់ សហគមន៍បន្តទៀត លុះដល់ដើមឆ្នាំ២០២០នេះ សហគមន៍បានរៀបចំធ្វើអាងចម្រោះទឹកមួយ ស្ថិតនៅក្នុងវត្តស្វាយលើ ដើម្បីចម្រោះយកទឹកស្អាតដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ក្នុងភូមិទាំង៤នេះ ដោយសារសាងសង់នៅអាងចម្រោះទឹកនេះហើយទើបខាងសហគមន៍ខ្វះខាតថវិកា ។

ការរៀបចំប្រព័ន្ធទុយោទឹកនេះ គឺត្រូវរៀបចាប់ពីលើភ្នំគូលែនត្រង់ចំណុចភូមិតាពេញ ហើយតចុះមកក្រោម ដើម្បីចែកចាយទឹកប្រើប្រាស់ទៅតាមភូមិចំទាំង៤ ហើយប្រជាពលរដ្ឋអ្នកប្រើប្រាស់ប្រព័ន្ធទឹក ត្រូវបង់ថវិកាបដិភាគប្រមាណជាង១០ម៉ឺនរៀលដំបូង ជូនដល់សហគមន៍ទឹកឃុំស្វាយលើ ដើម្បីយកថវិកាទាំងនេះទៅរៀបចំប្រព័ន្ធទុយោចូលតាមផ្ទះ និងដាក់កុងទ័រទឹក ដើម្បីងាយស្រួលក្នុងការគិតលុយ ពេលដែលប្រជាពលរដ្ឋប្រើប្រាស់ទឹកបន្តទៀត ដែលក្នុងមួយម៉ែត្រគូប មានតម្លៃមួយពាន់រៀល៕/B