មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺរបស់សហរដ្ឋអាម៉េរិក (CDC) បាននិយាយកាលពីថ្ងៃចន្ទទី ២៤ កុម្ភៈថាមានករណីឆ្លងវីរុសកូរ៉ូណាចំនួន ១៤ នៅក្នុងប្រទេស ក្រៅពីករណីចំនួន ៣៩ ក្នុងចំណោមអ្នកដែលត្រូវបានជម្លៀសចេញពីនាវាទេសចរណ៍ Diamond Princess និងទីក្រុងវូហាន ប្រទេសចិន។
នេះបាននាំឱ្យចំនួនករណីឆ្លងសរុបដែលបានបញ្ជាក់កើនដល់ ៥៣ ករណី។
ទីភ្នាក់ងារ CDC បាននិយាយថាករណីដែលបានបញ្ជាក់ចំនួន ១៤ នេះរួមមានករណីថ្មីចំនួនពីររាយការណ៍ពីតំបន់ហាំបូលខោនធី និង សាក្រាមេនតូខោនធី ក្នុងរដ្ឋកាលីហ្វ័រញ៉ា។
មន្ត្រីសុខាភិបាលសាធារណៈអាម៉េរិកក៏បានព្រមានផងដែរថាករណីឆ្លងក្នុងចំណោមពលរដ្ឋដែលត្រូវបញ្ជូនមកស្រុកវិញទំនងជានឹងកើនឡើង។
ទន្ទឹមនេះដែរ អ្នកនាំពាក្យសេតវិមានបាននិយាយកាលពីថ្ងៃចន្ទដោយមិនផ្តល់ព័ត៌មានលម្អិតយ៉ាងដូច្នេះថា រដ្ឋបាលត្រាំកំពុងពិចារណាស្នើទៅសមាជិកសភាសុំថវិកាបន្ទាន់ដើម្បីបង្កើនការឆ្លើយតបរបស់ខ្លួនចំពោះវីរុសឆ្លងរាលដាលលឿននេះ៕ ដោយ៖ កញ្ញាដាលីស
