មន្ត្រីមន្ទីរពេទ្យម្នាក់បានប្រាប់សារព័ត៌មានរ៉យទ័រថា យ៉ាងហោចណាស់មានមនុស្ស៧នាក់បានស្លាប់និងប្រហែល៩០ នាក់បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នាកាលពីថ្ងៃចន្ទទី២៤ខែកុម្ភៈ នៅទីក្រុងញូវដែលី ប្រទេសឥណ្ឌាក្នុងអំឡុងពេលការតវ៉ាប្រឆាំងច្បាប់សញ្ជាតិថ្មី។
វេជ្ជបណ្ឌិតរ៉ាចេស កាល់រ៉ា នៅមន្ទីរពេទ្យមួយក្នុងក្រុងញូវដែលី បាននិយាយនៅថ្ងៃអង្គារទី២៥ខែកុម្ភៈនេះថា ” មនុស្សមួយចំនួន ត្រូវបាននាំមកមន្ទីរពេទ្យដោយសាររបួសដោយគ្រាប់កាំភ្លើង”។
ការប៉ះទង្គិចគ្នានេះបានកើតឡើងរវាងមនុស្សរាប់ពាន់នាក់ដែលធ្វើបាតុកម្មប្រឆាំងច្បាប់ស្តីពីសញ្ជាតិថ្មីនេះ។ប៉ូលិសបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកនិងគ្រាប់បែកផ្សែងដើម្បីបំបែកហ្វូងមនុស្សដែលចោលដុំថ្មក្នុងពេលការប៉ះទង្គិចគ្នានោះ។
ប៉ូលិសម្នាក់ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់នៅក្នុងអំពើហិង្សាដែលបានកើតឡើងនៅមុនដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាម៉េរិកលោកដូណាល់ ត្រាំទៅកាន់ទីក្រុងនេះ។ លោក ដូណាល់ ត្រាំនិងនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌីបានជួបពិភាក្សាគ្នានៅថ្ងៃអង្គារនៅកន្លែងមួយនៅចម្ងាយពីរបីគីឡូម៉ែត្រពីកន្លែងដែលការប៉ះទង្គិចគ្នា បានកើតឡើង ។
ភាពតានតឹងនៅផ្នែកខ្លះនៃទីក្រុងនេះនៅតែមានកម្រិតខ្ពស់នៅថ្ងៃអង្គារដោយសាលារៀនជាច្រើន នៅតែបានបិទទ្វារនៅឡើយ នៅតំបន់ខ្លះ ចំពេលមានព័ត៌មានអំពីការប៉ះទង្គិចគ្នាថ្មីៗ។ យ៉ាងហោចណាស់ស្ថានីយរថភ្លើងក្រោមដីចំនួន៥នៅក្នុងទីក្រុងនេះ ត្រូវបានបិទ។
ការប៉ះទង្គិចគ្នាកាលពីថ្ងៃចន្ទនោះ គឺស្ថិតក្នុងចំណោមការបះទង្គិចដ៏ខ្លាំងបំផុតនៅទីក្រុងញូវដែលីចាប់តាំងពីការតវ៉ាប្រឆាំងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ បានចាប់ផ្តើមកាលពីដើមខែធ្នូ។ ទីក្រុងនេះបានក្លាយជាកន្លែងធ្វើការតវ៉ាប្រឆាំងច្បាប់ដែលបានបន្ធូរបន្ថយដល់ក្រុមជនមិនមែនអ៊ីស្លាមមកពីប្រទេសជិតខាងដែលកាន់ សាសនាអ៊ីស្លាមចំនួន៣ដើម្បីទទួលបានសញ្ជាតិឥណ្ឌា។
ការធ្វើដូចនេះនាំឱ្យមានការចោទប្រកាន់ថាលោក ណារិនដ្រា ម៉ូឌីនិង គណបក្សជាតិនិយមហិណ្ឌូ Bharatiya Janata (BJP)របស់លោកកំពុងតែធ្វើឱ្យខូចប្រពៃណីរបស់ឥណ្ឌា។ គណបក្សBJP នេះបដិសេធការលម្អៀងណាមួយប្រឆាំងជនជាតិភាគតិចអ៊ីស្លាមជាង ១៨០លាននាក់នៅប្រទេសឥណ្ឌាប៉ុន្តែក្រុមអ្នកប្រឆាំងបានធ្វើការតវ៉ានិងបោះជំរំធ្វើការតវ៉ានៅផ្នែកខ្លះនៃទីក្រុងញូវដែលីអស់រយៈពេល ២ ខែ មកនេះ៕ប្រែសម្រួល៖សុខា
ក្រុមអ្នកដែលគាំទ្រច្បាប់សញ្ជាតិថ្មីនេះ វាយបុរសអ៊ីស្លាមម្នាក់ក្នុងអំឡុងការប៉ះទង្គិចជាមួយក្រុមអ្នកដែលប្រឆាំងច្បាប់នេះ នៅទីក្រុងញូវដែលីកាលពីថ្ងៃចន្ទ