ភ្នំពេញ៖ អ្នកជំនួញខ្មែរ-ជប៉ុនមួយក្រុម បានរួមគ្នាបើកកន្លែកកម្សាន្តថ្មីមួយនៅក្រុងសៀមរាប ដោយដាក់កន្ត្រកវិលយក្សមួយដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកលេងទឹកដីអង្គរ ប៉ុន្តែចំពេលកម្ពុជាជួបវិបតិ្តភ្ញៀវទេសចរចុះខ្លាំង រហូតអ្នករកស៊ីទាំងតូចនិងធំនៅសៀមរាប មិនសប្បាយចិត្តដោយមានក្តីបារម្ភខ្លាចកាន់តែធ្ងន់ធ្ងរជាងនេះ។
ថ្លែងនៅមុខបណ្តាម្ចាស់អាជីវកម្មកម្សាន្ត សណ្ឋាគារ និងវិស័យពាក់ព័ន្ធនឹងទេសចរណ៍ជាង ២០០នាក់ ក្នុងពិធីសន្និសីទកាសែត “កន្ត្រកវិលអង្គរអាយ” កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅសណ្ឋាគារអង្គរអីរ៉ាខល ក្រុងសៀមរាប តំណាងអ្នកជំនួញខ្មែរ-ជប៉ុននៃក្រុមហ៊ុន អង្គរអាយ លោក ម៉េង ហៀង បានឱ្យដឹងថា គ្មាននរណាចង់រកស៊ី ឬបើកអាជីវកម្មចំពេលជួបវិបត្តិនោះទេ ប៉ុន្តែធ្វើយ៉ាងម៉េចបើវាជាហានិភ័យមកដល់សម្រាប់កម្ពុជាទៅហើយ ដូច្នេះមានតែទ្រាំ និង តស៊ូ ដោះស្រាយបញ្ហាភ្ញៀវទេសចរធ្លាក់ចុះ ដែលមិនមានភ្ញៀវបទេសមកលេងស្រុកខ្មែរ និង ជាពិសេសសៀមរាបអង្គរតែម្តង។ លោកបានបន្តថា បើទោះបីជាស្ងាត់រហូតគ្មានភ្ញៀវចូល មកក៏ដោយក្នុងនាមក្នុងជាសហគ្រិនក្នុងខេត្តសៀមរាប លោកបានអំពាវនាវឱ្យមានតស៊ូ និងទ្រាំ នឹងបញ្ហានេះ ព្រោះវិបត្តិនេះវាគ្រាន់មានរយៈពេលខ្លីប៉ុណ្ណោះ។
លោក ម៉េង ហៀង បាននិយាយថា លោកបានសហការជាមួយដៃគូជប៉ុនក្នុងគម្រោងអភិវឌ្ឍន៍ ក្រុងសៀមរាប និងដាក់គម្រោងកន្លែងកម្សាន្តថ្មីៗជាច្រើនកន្លែងដើម្បីលើកស្ទួយវិស័យ ទេសចរណ៍កម្ពុជា ជាពិសេសទឹកដីអង្គរនេះតែម្តង។ សម្រាប់គម្រោង “កន្ត្រកវិលអង្គរអាយ” នេះលោកបានសម្រេចផែនការណ៍ដោយដាក់សម្ពោធដើមឆ្នាំនេះចាប់បើកឱ្យភ្ញៀវទេសចរណ៍ ទាំងជាតិនិងអន្តរជាតិចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ នេះទៅ ប៉ុន្តែមិននឹកស្មានតែ កម្ពុជាជួបវិបត្តិធ្លាក់ភ្ញៀវទេសចរណ៍បែបនេះ ហើយលោកនិងដៃគូជប៉ុនបានបោះទុនសម្រាប់ សាងសង់កន្លែងកម្សាន្តកន្ត្រកវិលអង្គរអាយសរុបជាង៩លានដុល្លារ ។
លោកបានបញ្ជាក់ថា “មិនបានលក់សំបុត្រមួយផងបែរជាជួបវិបត្តិសៀមរាបអត់ភ្ញៀវទេសចរ មកលេង”។ នេះជាគម្រោងទី១របស់លោកនិងក្រុមហ៊ុនជប៉ុន CQ Amenic ប៉ុណ្ណោះហើយ គម្រោងទី២ទៀត នឹងដំណើរការនៅឆ្នាំ ២០២១ ដោយក្រុមហ៊ុន ត្រៀមសាងសង់តំបន់កម្សាន្ត ជីវចម្រុះត្រីទឹកសាបនិងសមុទ្រ នៅស្រុកបាគង ខេត្តសៀមរាបដែលនឹងចំណាយរាប់រយ លាន។
លោក ម៉េង ហៀង បាននិយាយទៀតថា មានតែតស៊ូទ្រាំ និង រកវិធីដោះស្រាយ ដើម្បីជៀស ផុតពីបញ្ហានេះ ព្រោះពេលនេះព្រលានយន្តហោះដឹកអ្នកដំណើរស្ទើរគ្រប់ច្រក និងជាពិសេស ព្រលានយន្តអន្តរជាតិសៀមរាប ស្ងាត់ភ្ញៀវ អត់មានបរទេសមកលេងទៅហើយ។ ក្នុងនាម ជាអ្នករកស៊ីម្នាក់លោក អំពាវនាវ សូមធ្វើការអត់ធ្មត់ ទ្រាំ ចំពោះវិបត្តិនេះ ព្រោះវិបត្តិនេះ ត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ ដោយសារតែការផ្ទុះជម្ងឺកូរូណាវិរុស។
ជាមួយគ្នានោះលោក តាគី ហ្ស៊ីណូមីយ៉ា (Take Shinomiya ) នាយកប្រតិបត្តិនៃក្រុមហ៊ុន CQ Amenic បានបញ្ជាក់ថា មកដល់ពេលបច្ចប្បន្ននេះក្រុមហ៊ុនរបស់លោកមានកន្ត្រកវិល ទាក់ទាញ ចំនួន១៨កន្លែង ហើយគម្រោងកន្ត្រកវិល អង្គរអាយ ជាគ្រោងទី១៤ដែលក្រុមហ៊ុន ជប៉ុនរបស់លោកនេះមានភាពរីករាយទទួលបានឱកាស នាំមកនូវអ្វីដែលប្លែក និង អស្ចារ្យ គឺកន្ត្រកវិលអង្គរអាយ។ កន្ត្រកវិលនេះ នឹងនាំមកនូវភាពទាកទាញដ៏រំភើបសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ មកទស្សនាទីក្រុងសៀមរាប យ៉ាងច្រើនកុះករ បន្ថែមទៀតនាពេលអនាគត។
គម្រោងកន្ត្រកវិលអង្គរអាយមានកម្ពស់៨៥ម៉ែត្រផុសពីដីភ្ញៀវទេសចរអាចគយគន់ទេសភាព ស្រស់ត្រកាលជុំវិញទីក្រុងសៀមរាប។ កន្ត្រកវិលទាំងអស់អាចផ្ទុកមនុស្ស១៩២នាក់ប្រកប បរិយាកាសនិងផាសុខភាព មានរយៈពេល១៨នាទី ក្នុងមួយជុំ។ វាមានលក្ខណៈពិសេស និងប្លែកដែលបានកសាងឡើងដោយលក្ខណៈលំអិតក្នុង ចំណោមកន្ត្រកវិលជាង១៤០កន្ត្រ កវិលក្នុងប្រទេសជប៉ុន ហើយវាធុននឹងលក្ខខណ្ឌអាកាសធាតុ ដូចជា ខ្យល់ កម្លាំងខ្យល់ខ្លាំង ភ្លៀងខ្លាំង ឬ ស្ថានភាពដីរលំបាក់ ពាក់ព័ន្ធនឹងតំបន់ប្រឈមគ្រោះថ្នាក់ ការរំញ្ជួយដី។ មុនការសម្រេចកន្ត្រកវិលមួយនេះឡើង លើទឹកដីអង្គរនោះ វាបានជួបឧបសគ្គជាច្រើនដូចជា ខ្វះនូវរថយន្តដងស្ទួចដែលមានកំពស់ខ្ពស់ៗ ក្នុងប្រទេសកម្ពុជារថយន្តដងស្ទួចដែលមាន ទម្ងន់៣០០តោន ចំនួនបីគ្រឿង ត្រូវបាននាំចូលពីប្រទេសវៀតណាមហើយសំភារៈផ្សេងទៀត ត្រូវបាននាំចូលពីប្រទេសជប៉ុន។ ជាហេតុនាំឱ្យមានការសាងសង់ប្រើពេលវេលាអស់៨ខែ៕ ដោយ: បូរិន