ដោយៈសុផល/ភ្នំពេញៈ អគារបេតិកភណ្ឌ ដែលមានអាយុកាលចំណាស់ជាង៥០ឆ្នាំឡើងរបស់កម្ពុជា ដូចជាអគារសាលាក្រុងភ្នំពេញ, អគារក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ,និងអគារវិទ្យាល័យព្រះស៊ីសុវត្ថិ នឹងចូលរួមបង្ហាញខ្លួនជាមួយអគារបេតិកភណ្ឌផ្សេងៗទៀតមកពីពិភពលោក។ចំពោះភ្ញៀវអន្តរជាតិក្នុងពិព័រណ៍ស្ថាបត្យកម្មឆ្នាំ២០២០នៅទីក្រុងបាងកកព្រះរាជាណាចក្រថៃដែលនឹងប្រារព្ធធ្វើនៅនៅខែឧសភាខាងមុខ។
ពិព័រណ៍ស្ថាបត្យកម្ម“Architect’20”លើកទី៣៤ដែលប្រទេសថៃធ្វើជាម្ចាស់ផ្ទះនេះជាពិព័រណ៍អគារធំបំផុតក្នុងតំបន់អាស៊ាននិងធ្វើឡើងក្នុងគោលបំណងលើកកម្ពស់វិធីសាស្ត្រថ្មីលើបេតិកភណ្ឌស្ថាបត្យកម្មនិងអភិរក្សនូវស្ថាបត្យកម្មទាំងនោះ។ សមាគមស្ថាបត្យករថៃ គាំទ្រដោយមូលនិធិមហាក្សត្រ (ASA) និង ក្រុមហ៊ុនរៀបចំពិព័រណ៍(NEO)ជាអ្នករៀបចំកម្មវិធីនិងធ្វើសន្និសីទសារពត៌មានថ្នាក់តំបន់។
ពិព័រណ៍ស្ថាបត្យកម្ម“Architect’20”នឹងធ្វើឡើងក្រោមប្រធានបទ“ការផ្តោតជាថ្មីលើបេតិកភណ្ឌ”ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី ២៨ ខែមេសា ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ នៅសាលឆាលេនជឺ (ChanllengerHall)១-៣នៃមជ្ឈមណ្ឌលពិព័រណ៍អ៊ីមផេក(IMPACTExhibitionCenter)ដែលស្ថិតក្នុងទីក្រុងបាងកក ប្រទេសថៃ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃទី ២៥ខែកុម្ភៈឆ្នាំ២០២០នៅសណ្ឋាគារផាឡេសហ្គេត រាជធានីភ្នំពេញលោកប៉ាន់យ៉ារ៉ាក់ភូនសាប់ឯកអគ្គរាជទូតថៃប្រចាំកម្ពុជាបានថ្លែងថា៖«ពិព័រណ៍ស្ថាបត្យកម្មនេះនឹងជួយជំរុញទំនាក់ទំនងផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្ម។ជាពិសេសវិស័យស្ថាបត្យកម្មរវាងប្រទេសថៃនិងកម្ពុជាកាន់តែជិតស្និទ្ធ»។លោកបានបន្ថែមថា៖ពិព័រណ៍នេះបង្ហាញពីការចូលរួមថែរក្សាការពារនូវគុណតម្លៃនៃអគារចាស់ៗនិងអភិរក្សអគារបេតិកភណ្ឌ។
ក្នុងសន្និសីទសារព័ត៌មាននេះដែរលោកស៊ានសុភាអនុប្រធានសមាគមអាជីវកម្មកម្ពុជាបានមានប្រសាសន៍ថា៖ពិព័រណ៍ស្ថាបត្យកម្មនៅបាងកកនេះមានសារៈសំខាន់សម្រាប់ជួយអភិរក្សនិងផ្តល់តម្លៃដល់អគារបុរាណចាស់ៗ។ជាពិសេសបង្កើតឱកាសវិនិយោគដល់ពាណិជ្ជករនិងអ្នករកស៊ីវិស័យសំណង់ដែលបានចូលរួម។
លោកក៏បានជំរុញឱ្យអ្នករកស៊ីវិស័យសំណង់នៅប្រទេសកម្ពុជាចូលរួមពិព័រណ៍ស្ថាបត្យកម្មនៅប្រទេសថៃឆ្នាំ២០២០ឱ្យបានច្រើនថែមទៀតដើម្បីទទួលបាននូវបទពិសោធន៍ថ្មីៗពាក់ព័ន្ធទៅនឹងវិធីសាស្ត្រនៃការសាងសង់សំណង់បេតិកភណ្ឌស្ថាបត្យកម្មនិងអភិរក្សឆ្លើយតបទៅនឹងការរីកចំរើនរបស់ពិភពលោក។
លោកបណ្ឌិតVasuPoshyanandanaប្រធានគណៈកម្មាធិការ“Architect’20”បានលើកឡើងថា៖ការរៀបចំពិព័រណ៍“Architect’20ក្រោមប្រធានបទ“ការផ្តោតជាថ្មីលើបេតិកភណ្ឌ”មានគោលបំណងបង្ហាញជូនសាធារណជនឲ្យស្វែងយល់និងស្គាល់អំពីទស្សានទាននានានៃបេតិកភណ្ឌ ក្រោមរូបភាពខុសៗគ្នា។ សម្បត្តិបេតិកភណ្ឌផ្សារភ្ជាប់នឹងការរស់នៅប្រចាំថ្ងៃរបស់ពួកយើងរាល់គ្នាហើយទាមទារឱ្យមានការអភិរក្សពីសំណាក់មនុស្សគ្រប់រូប ដោយមិនប្រកាន់ឋានៈ ឬតួនាទីអ្វីឡើយ។
លោកបានគូសបញ្ជាក់ថា៖ប្រធានបទ“ការផ្តោតជាថ្មីលើបេតិកភណ្ឌ”មានបំណងទាក់ទាញចំណាប់អារម្មណ៍សាធារណជនឱ្យក្រឡេកមកមើលលើសម្បត្តិបេតិកភណ្ឌក៏ដូចជាបញ្ជ្រាបនូវចក្ខុវិស័យនិងការយល់ដឹងរបស់យើងទៅក្នុងប្រធានបទ។ប្រធានបទនេះក៏មានគោលបំណងចង់បង្ហាញពីភាពដែលអាចធ្វើទៅបានដើម្បីឱ្យមានសហត្ថិភាពរវាងសហគមន៍និងតំបន់បេតិកភណ្ឌនានាដើម្បីចូលរួមថែរក្សាការពារនូវគុណតម្លៃនៃអគារចាស់ៗនិងដើម្បីជម្រុញឱ្យមានភាពស្របគំនិតគ្នារវាងអ្នកមានគោលគំនិតផ្ទុយគ្នាលើការងារអភិរក្សនេះ។
ពិព័រណ៍នេះមានបំណងពង្រីកនូវការយកចិត្តទុកដាក់របស់សាធារណជនលើវិស័យស្ថាបត្យកម្មនិងបញ្ជ្រាបចំណេះដឹងដល់អ្នកចូលរួមទស្សនាគ្រប់រូបដោយមិនគិតពីអាយុនិងឋានៈដើម្បីលើកទឹកចិត្តឱ្យពួកគេធ្វើការពិចារណាឡើងវិញពីភាពជាម្ចាស់កម្មសិទ្ធិរបស់ពួកគេលើសម្បត្តិបេតិកភណ្ឌ។ពិព័រណ៍នេះក៏មានបំណងគៀងគរការចែករំលែករបស់សាធារណជនលើការងារអភិរក្សនិងកេរ្តិ៍ដំណែលនៃសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃសម្រាប់ថ្ងៃអនាគត។
លោកស្រីDuangratUdomsompornអគ្គនាយករងនៃក្រុមហ៊ុនNEOបានមានប្រសាសន៍ថា៖ពិព័រណ៍ដែលរៀបចំដោយASAគ្របដណ្តប់លើផ្ទៃដីប្រមាណជា៥.០០០ម៉ែត្រក្រឡា។ដែលបង្កភាពងាយស្រួលឱ្យអ្នកចូលរួមអាចទស្សនានូវពិព័ណ៍ផ្សេងៗរួមមាន៖ពិព័រណ៍ស្នាដៃនិងសម្បត្តិបេតិកភណ្ឌនិងពិព័រណ៍តាមប្រព័ន្ធអនឡាញស្តីពីវិបត្តិបេតិកភណ្ឌដែលពិភាក្សាលើប្រធានបទសំខាន់ៗតាមរយៈប្រព័ន្ធបណ្តាញសង្គមរួមមាន៖ការរុះរើតំបន់បេតិកភណ្ឌនិងការជួសជុលកែលម្អប្រាសាទបុរាណដោយមិនបានជូនដំណឹងជាមុនជាដើម។ការប្រកួតប្រជែងស្នាដៃស្ថាបត្យកម្មប្រចាំឆ្នាំ នឹងរៀបចំឡើងក្នុងព្រឹត្តិការណ៍នេះ ដើម្បីលើកតម្កើងការប្រកួតប្រជែងស្ថាបត្យកម្មជាតិ ក្រោមប្រធានបទ ‘បេតិកភណ្ឌប្រចាំថ្ងៃ’ ។
លោកស្រីបានឱ្យដឹងថា៖អ្នកចូលរួមទស្សនា ពិសេសស្ថាបត្យករ អាចចូលរួមបញ្ចេញមតិក្នុងវេទិកា ASAដើម្បីធ្វើការពិភាក្សាស្តីពីព្រឹត្តិការណ៍ថ្មីៗដែលបានកើតឡើងពាក់ព័ន្ធនឹងវិស័យស្ថាបត្យកម្មអន្តរជាតិ។ពិព័រណ៍នេះមានអ្នកតាំងពិព័រណ៍មកពីអឺរ៉ុប សហរដ្ឋអាមេរិក អូស្ត្រាលី រុស្សី កូរ៉េខាងត្បូង តៃវ៉ាន់ ហុងកុង ជប៉ុន ឥណ្ឌា ចិន និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន ដែលមានចំនួនសរុបប្រមាណជា ៨៥០ ក្រុមហ៊ុន។គិតមកទល់ពេលបច្ចុប្បន្ននេះ៩០ភាគរយនៃទីតាំងពិព័រណ៍របស់យើងត្រូវកក់ទុកដោយក្រុមហ៊ុនជាតិ និងអន្តរជាតិជាច្រើន៕S/
ចំណងជើងរូបថត៖សន្និសីទសារពត៌មានស្តីពីពិព័រណ៍ស្ថាបត្យកម្ម“Architect’20”លើកទី៣៤នៅសណ្ឋគារផាឡេសហ្គេត(រូប៖សុផល)