ដោយ​គូលែន​/​សៀមរាប​:​អាជ្ញាធរ​ជាតិ​អប្សរា​ត្រៀម​នឹង​រៀបចំ​សៀមរាប​សង្ក្រាន្ត​ក្រោម​ប្រធានបទ​«​អង្គរ​អតីតកាល​បច្ចុប្បន្ន​និង​អនាគត​»​។​នេះ​គឺជា​ការបញ្ជាក់​ឱ្យដឹងពី​អាជ្ញាធរ​ជាតិ​អប្សរា​នា​រសៀល​ថ្ងៃទី​២៥ ខែកុម្ភ​: ឆ្នាំ​២០២០​នេះ​។​

​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា​បាន​និយាយថា​ដើម្បី​ចូលរួម​អបអរសាទរ​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​និង​ទាក់ទាញ​ទេសចរណ៍​ឱ្យ​ចូលមក​ទស្សនា​តំបន់​រមណីយដ្ឋាន​អង្គរ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ប្រចាំខេត្ត​សៀមរាប​។​រដ្ឋបាលខេត្ត​សៀមរាប​និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​រៀបចំ​សៀមរាប​សង្ក្រាន្ត​នៅ​បរិវេណ​ប្រាសាទអង្គរវត្ត​ក្រោម​ប្រធានបទ​«​អង្គរ​អតីតកាល​បច្ចុប្បន្ន​និង​អនាគត​»​។​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​៦​រោច​ដល់​ថ្ងៃ​៩​រោច​ខែចេត្រ​ឆ្នាំជូត​ទោស័ក​ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៣​ដល់​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២០​។​

​មន្ត្រី​ដដែល​បាន​បន្តថា​ទាក់ទង​នឹង​ប្រធានបទ​«​អង្គរ​អតីតកាល​បច្ចុប្បន្ន​និង​អនាគត​»​អាជ្ញាធរ​ជាតិ​អប្សរា​នឹងធ្វើ​ពិព័រណ៍​បង្ហាញ​ពី​ការ​កំណាយ​បុរាណវិទ្យា​សមិទ្ធផល​អាជ្ញាធរ​ជាតិ​អប្សរា​និង​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ដែល​នឹង​ផ្តល់​ចំណេះដឹង​ដល់​សាធារណជន​បាន​ស្គា​ល់ពី​បច្ចេកទេស​នៃ​ការប្រើប្រាស់​និង​កែច្នៃ​ថ្ម​តាមបែប​បុរាណ​និង​ទំនើប​ការព្យាបាល​ថ្ម​ការសាងសង់​ប្រាសាទខ្មែរ​ផែនទី​តំបន់​អង្គរ​និង​ការស្រាវជ្រាវ​បុរាណវិទ្យា​។ ល​។​

​មន្ត្រី​ដដែល​បានបញ្ជាក់​ទៀត​ការរៀបចំ​សៀមរាប​សង្ក្រាន្ត​ក៏មាន​បញ្ចូល​វប្បធម៌​ប្រពៃណី​របស់​អ្នកស្រុក​អង្គរការ​លេងល្បែង​ប្រជាប្រិយ​ខ្មែរ​ដើម្បី​កម្សាន្ត​សប្បាយ​នៅក្នុង​ពិធី​ថែមទៀត​។​ពិសេស​នឹង​បង្ហាញ​ពី​ការ​ដាប់​ឆ្លាក់​ចម្លាក់​សិប្បកម្ម​ដែល​សាធារណជន​ក៏​អាច​ចូលរួម​ជាមួយ​អ្នកជំនាញ​និង​ទិញយក​ទៅប្រើ​ប្រាស់​បាន ដើម្បី​លើ​កម្ពស់​តម្លៃ​សិល្បៈ​ខ្មែរ​និង​ជីវភាព​ប្រជាជន​ផងដែរ​៕S/

​រូបភាព​: អាជ្ញាធរ​ជាតិ​អប្សរា​ត្រៀម​រៀបចំ​សៀមរាប​សង្ក្រាន្ត ក្រោម​ប្រធានបទ «​អង្គរ អតីតកាល បច្ចុប្បន្ន និង​អនាគត​» ៕​អប្សរា​