ដោយៈមុនីរ័ត្ន/ភ្នំពេញៈសម្ដេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងបញ្ជាក់ថាស្ថានភាពសន្តិសុខនៅក្នងប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញគ្មានអំពើភេវរកម្មនិងគ្មានការបង្កើតកម្លាំងប្រដាប់អាវុធខុសច្បាប់នោះទេ។ប៉ុន្តែអ្វីដែលមិនទាន់កក់ក្ដៅនោះគឺការកើតមានអំពើឆក់ប្លន់និងគ្រឿងញៀន។ការថ្លែងនេះបានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាទីចាត់ការអគាររដ្ឋបាលឃុំនិងសមិទ្ធផលនានានៅស្រុកកំចាយមារខេត្តព្រៃវែងកាលពីព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០។
សម្ដេចក្រឡាហោមបានសង្កត់ធ្ងន់ថា “ប្រសិនបើប្រជាជនមានសន្តិភាព ប៉ុន្តែមិនទាន់មានសន្តិសុខ ដែលថ្ងៃណាក៏កើតមានចោរលួចចោរប្លន់នោះតើអារម្មណ៍របស់គាត់យ៉ាងដូចម្ដេច?គឺពួកគាត់ប្រាកដជាមានការភ័យខ្លាចមិនខានដោយម្យ៉ាងស្រុកយើងមិនបានផ្ដល់សិទ្ធិឱ្យពលរដ្ឋប្រើប្រាស់អាវុធដែរ ។ដូច្នេះយើងជាអាជ្ញាធរកម្លាំងសមត្ថកិច្ចត្រូវដោះស្រាយពង្រឹងសន្តិសុខនិងចាប់អ្នកប្រព្រឹត្តល្មើសមកផ្ដន្ទាទោសឱ្យបាន”។
សម្ដេចក្រឡាហោមសខេងបានអំពាវនាវប្រជាពលរដ្ឋចូលរួមថែរក្សាការពារឱ្យបានល្អដើម្បីជាប្រយោជន៍សម្រាប់ការប្រើប្រាស់បានយូរអង្វែងនិងសូមដាំដើមឈើឱ្យបានច្រើនៅតាមសាលារៀនវត្តអារាមសាលាឃុំនិងទីតាំងសាធារណៈនានា។សម្ដេចក្រឡហោមក៏បានមានប្រសាសន៍ផ្ដល់ការពន្យល់ងាយៗជូនប្រជាពលរដ្ឋអំពីការផ្ដល់សេវាសាធារណៈប្រចាំថ្ងៃ។ទៅតាមវិស័យនិងការបង្កើនថវិកាប្រចាំឆ្នាំជូនឃុំសង្កាត់ចាប់ពីឆ្នាំ២០២០នេះ ដើម្បីឱ្យក្រុមប្រឹក្សាឃុំសង្កាត់កាន់តែមានលទ្ធភាពច្រើនជាងមុន ក្នុងដោះស្រាយបញ្ហាជាក់ស្ដែងក្នុងមូលដ្ឋានតាមតម្រូវការរបស់ប្រជាពលរដ្ឋ។
សម្ដេចក្រឡាហោមបានសង្កត់ធ្ងន់ដែរថា អាជ្ញាធរថ្នាក់ក្រោមជាតិដែលទទួលបានមុខងារសិទ្ធិអំណាច និងធនធានពីថ្នាក់ជាតិក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋក៏ត្រូវតែមានគណនេយ្យភាពនិងការទទួលខុសត្រូវចំពោះមុខច្បាប់ដែរមិនមែនមុខងារសិទ្ធិអំណាចឬធនធានទាំងនោះក្លាយជាមុខសញ្ញានៃការរស្វែងរកផលប្រយោជន៍នោះទេ។
សម្ដេចក្រឡាហោមបានបញ្ជាក់ថារាល់ការសាងសង់និងស្ថាបនាផ្សេងៗគឺសុទ្ធតែបានប្រើប្រាស់ធនធានចម្រុះដោយមានទាំងគម្រោងថវិការដ្ឋដូចយ៉ាងសម្រាប់សាលារៀនសាលាឃុំប៉ុស្ត៍ប៉ូលីសនិងប៉ុស្តិ៍សុខភាពជាដើម។ប៉ុន្តែដោយសាររដ្ឋនៅមានការខ្វះខាតយើងក៏បានទទួលថវិកាពីប្រភពផ្សេងទៀត។
ប្រភពថវិកាផ្សេងទៀតសម្រាប់ការចូលរួមកសាងសមិទ្ធផលនានានោះគឺបានមកពីចូលរួមចែករំលែកធនធានរបស់សប្បុរសជនក្នុងស្រុកនិងក្រៅស្រុកដែលមានជីវភាពធូរធាផងនិងបានមកពីការចូលរួមផ្ដល់ជំនួយពីបណ្ដាប្រទេសជាមិត្ត និងអង្គការជាដៃគូផងជាក់ស្ដែងដូចជាមិត្តឥណ្ឌូនេស៊ីជាដើម។
សម្ដេចក្រឡាហោមសខេងបានបន្តថាពេលនេះនៅគ្រប់ភូមិទូទាំងប្រទេសសុទ្ធតែមានសលាបឋមសិក្សានិងស្ទើតែគ្រប់ឃុំក៏សុទ្ធតែមានអនុវិទ្យាល័យហើយ។វិទ្យាល័យវិញក៏មានស្ទើតែគ្រប់ក្រុងស្រុកដែលខ្លះមានលើសពីមួយកន្លែងទៀតផងអាស្រ័យលើចំនួនប្រជាពលរដ្ឋនិងភូមិសាស្ត្រជាក់ស្ដែងខណៈវិទ្យាល័យក៏ត្រូវបានពង្រាយនៅតាមខេត្តភូមិភាគជាបន្តបន្ទាប់៕S/
រូបថត៖សម្ដេចក្រឡាហោមសខេងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាទីចាត់ការអគាររដ្ឋបាលឃុំ និងសមិទ្ធផលនានា នៅស្រុកកំចាយមារ