ដោយ៖តារារិទ្ធ(បន្ទាយមានជ័យ)៖ផ្លូវជាតិលេខ ៥៨ មានប្រវែង ១៧៤,១៦ គីឡូម៉ែត្រ(រួមទាំងផ្លូវច្រកព្រំដែន៤កន្លែង ៨,៩៨ គីឡូម៉ែត្រ)ពីក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យដល់ ឃុំផ្លុង ខេត្តឧត្តរមានជ័យ ក្រោមប្រាក់កម្ចីសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសរុបប្រមាណជាង១២២លានដុល្លារអាម៉េរិកនឹងប្រារព្ធពិធីសម្ពោធជាផ្លូវការនៅថ្ងៃទី២៦ ខែកុម្ភៈ ស្អែកនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ផ្លូវនេះសាងសង់ដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd ក្រោមការត្រួតពិនិត្យលក្ខណៈបច្ចេកទេសពីក្រុមហ៊ុន Guangzhou Wanna Construction Supervision Co., Ltd នៃសាធារណរដ្ឋប្រជាមានិតចិន ។ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់ (DBST) គិតចាប់ពីផ្លូវជាតិលេខ៥ ត្រង់ គីឡូម៉ែត្រ ៣៩៩+៩០០ ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យទៅកាន់ផ្លូវជាតិលេខ ៦៨ ត្រង់ គីឡូម៉ែត្រ ១០១+៥០០ (ផ្លុង)ខេត្តឧត្តរមានជ័យ ។

កំណាត់ផ្លូវនេះចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅតំបន់ភាគពាយ័ព្យប្រទេស ព្រមទាំងការដឹកជញ្ជូនកាន់តែប្រសើរមួយកម្រិតទៀត ជាពិសេសកំណាត់ផ្លូវនេះអាចសម្រួលដល់ការតភ្ជាប់ជាមួយព្រះរាជាណាចក្រថៃក្នុងការពង្រីកសក្ដានុពលសេដ្ឋកិច្ច ពាណិជ្ជកម្មថែមទៀតរបស់ប្រទេសជាតិ។
គម្រោងផ្លូវនេះបានចាប់ដំណើរការបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥ និងត្រូវបានបញ្ចប់ការងារសាងសង់ជាស្ថាពរ ១០០%នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅនេះ៕/Ha
