Home ព័ត៌មានជាតិ នយោបាយ ទូត​ម៉ាឡេស៊ី​...

ទូត​ម៉ាឡេស៊ី​ចូល​បំភ្លឺ​ជូន​ក្រសួងការបរទេស​កម្ពុ​ជា​រឿង​ថា​ស្ត្រី​អាម៉េរិក​អាយុ​៨៣​ឆ្នាំមាន​ជំងឺ​កូ​រ៉ូ​ណា​

លោក Eldeen Hasaaini bin Mohd Hashim អគ្គរាជទូត​ម៉ាឡេស៊ី​ប្រចាំ​នៅ​កម្ពុជា​(​រូប​ថ​តៈ​ឯកសារ​)
​ ​

ដោយៈ មុនី​រ័ត្ន​/ភ្នំពេញៈ អគ្គរាជទូត​ម៉ាឡេស៊ី​ប្រចាំ​នៅ​កម្ពុជា​លោក Eldeen Hasaaini bin Mohd Hashim បាន​ចូល​បំភ្លឺ​ជូន​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​រសៀល​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២០ នេះ នៅ​ទី​ស្ត​តី​ការ​ក្រសួងការបរទេស​។​
​ ​នៅក្នុង​ការចូល​មក​បំ​ភ្លឺ​នេះ គឺ​អគ្គរាជទូត​ម៉ាឡេស៊ី បានធ្វើការ​បំភ្លឺ​ជូន​លោកស្រី ទួត បញ្ញា អនុរដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។​
​ ​ការចូល​បំភ្លឺ​របស់​អគ្គរាជទូត​ម៉ាឡេស៊ី​ប្រចាំ​នៅ​កម្ពុជា បាន​ធ្វើឡើង​មួយថ្ងៃ បន្ទាប់ពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ជំ​រុញឱ្យ​រដ្ឋមន្ត្រីក្រសួង​ការបរទេស​កម្ពុជា កោះហៅ​អគ្គរាជទូត​ម៉ាឡេស៊ី​ប្រចាំ​នៅ​កម្ពុជា​ចូល​បំភ្លឺ​ពាក់ព័ន្ធ​នឹង​ករណី​ដែល​រដ្ឋាភិបាល​ម៉ាឡេស៊ី​ប្រកាសថា ស្ត្រី​ជនជាតិ​អាម៉េរិកាំង អាយុ​៨៣​ឆ្នាំ ជា​អ្នកដំណើរ​តាម​នាវា​ទេសចរណ៍ Westerdam ដែល​ចាក​ចេញពី​កម្ពុជា​នោះ មាន​ជំងឺ​កូ​រ៉ូ​ណា​ថ្មី ( Covid-19 ) ហើយ​ត្រូវបាន​ម៉ាឡេស៊ី​ព្យាបាល​ជា រយៈពេល​៧២​ម៉ោង ប៉ុន្តែ​ករណីនេះ​ផ្ទុយស្រឡះ​ពី​មជ្ឍមណ្ឌល​ប្រយុទ្ធប្រឆាំង​ជំងឺឆ្លង​របស់​សហរដ្ឋ​អាមេរិក (USCDC) ដែល​ប្រកាសថា ស្ត្រី​ជនជាតិ​អាមេរិកាំង គ្មាន​ផ្ទុកមេរោគ Covid-19 គ្រាន់តែ​អាចមាន​ជំងឺ​សួត​ធម្មតា​។​

​លោកស្រី ទួត បញ្ញា អនុរដ្ឋលេខាធិការ​ក្រសួងការបរទេស​


​លោក​កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​កាលពី​ព្រលប់​ថ្ងៃទី​២៥ ខែកុម្ភៈ ថា “​កាលពី​រសៀល​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២០ អគ្គរាជទូត​ម៉ាឡេស៊ី​ប្រចាំ​នៅ​កម្ពុជា បាន​ចូលមក​បំភ្លឺ​ជាមួយ​លោកជំទាវ ទួត បញ្ញា អនុរដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។ ការ​ចូលមក​បំភ្លឺ​នេះ ពាក់ព័ន្ធ​ស្ត្រី​អាម៉េរិកាំង​អាយុ​៨៣​ឆ្នាំ ដែល​កន្លងមក​ម៉ាឡេស៊ី​ប្រកាសថា ម្តងថា​មាន​វីរុស Covid-19 ម្តងថា​អត់​មាន​វិញ ហើយ​ដែល​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជម្ងឺ​របស់​សហរដ្ឋអាមេរិក (CDC) បានប្រកាសថា ជនជាតិ​អាម៉េរិក​កាំ​ង​ទាំងអស់ រួមទាំង​ស្ត្រី​អាម៉េរិក​កាំ​ង អាយុ​៨៣​ឆ្នាំ មិនមាន​ការឆ្លង​មេរោគ​នឹង​ទេ​។ ហើយ​ការបំភ្លឺ គឺ​ជុំវិញ​រឿង​នឹង​”​។​


​ជុំវិញ​ការចូល​បំភ្លឺ​របស់​ឯកអគ្គរាជទូត​ម៉ាឡេស៊ី អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា មិន​បានធ្វើ​អត្ថាធិប្បាយ​លម្អិត នៃ​ការចូល​ប​បំភ្លឺ​នេះ​ទេ​។​


​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បានបង្ហាញ​នូវ​ការសោកស្តាយ ចំពោះ​ឧបនាយករដ្ឋមន្ត្រី​ប្រទេស​ម៉ាឡេស៊ី​ដែលជា​ប្រពន្ធ​របស់លោក អាន់​វ៉ា អ៊ីប្រាហ៊ីម អតីត​មេបក្ស​ប្រឆាំង​នៃ​ប្រទេស​ម៉ាឡេស៊ី​ដែល​បាន​ចេញមក​ប្រកាស ថា​ស្ត្រី​ម្នាក់​ជនជាតិ​អាមេរិក​អាយុ ៨៣ ឆ្នាំ​ដែល​ចេញពី​នាវា Werstedam មាន​ឆ្លង​មេរោគ Covid-19 ។ ប្រតិកម្ម​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ត្រូវបាន ធ្វើឡើង​បន្ទាប់ពី​សហរដ្ឋអាមេរិក​បានប្រកាសថា ជនជាតិ​អាមេរិក​នៅលើ​នាវា Werstedam​ទាំងអស់​មិនមាន​ឆ្លង​វិ​រុស Covid-19 រាប់ទាំង​ស្ត្រី​អាយុ​៨៣ ឆ្នាំ ដែល​ត្រូវ​ម៉ាឡេស៊ី​ប្រកាសថា​មាន​ឆ្លង​មេរោគ​Covid-19 ផងដែរ ។​
​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានប្រកាស​បែបនេះ​នៅ ព្រឹក​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​វិមាន​សន្តិភាព​ទីស្តីការ​នាយករដ្ឋមន្ត្រី​ក្នុងឱកាស​ស្និសីទ​សារព័ត៌មាន ស្តីពី​វិធានការ​របស់​រាជរដ្ឋាភិបាល​ដើម្បី​គ្រប់គ្រង​ផលប៉ះពាល់​ពី​ជំងឺ​រលាក​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ (​ខូ​វិដ​-១៩) និង ការព្យួរ​ភាពអនុគ្រោះ​ពន្ធ​លើ​ទំនិញ​មួយចំនួន ក្រោម​កម្មវិធី «​ទំនិញ​គ្រប់មុខ លើកលែង​អាវុធ​» (EBA)​។​
​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែ​ថា «​បញ្ហា​នេះ​បានដាក់​បន្ទុក​ឲ្យ​យើង​នៅ​ការខាតបង់​កិត្តិយស​និង​សេចក្តីថ្លៃថ្នូរ​របស់​ជាតិ​របស់​យើង​អ្នកខ្លះ​គិតថា​រឿងនេះ​ជា​រឿង​ស្រាល​ប៉ុន្តែ​ពលរដ្ឋ​កម្ពុជា​មិន​ចាត់ទុកថា​ជា​រឿង​ស្រាល​ទេ​»​៕

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្ថែមថា ប្រសិនបើ​សម្តេច​ជា​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី សម្តេច​នឹង​ដក​រដ្ឋមន្ត្រី​សុខាភិបាល​នេះ​ចេញ​ព្រោះ​ជាការ​ធ្វើការ​ខ្ជីខ្ជា ក្នុងការ​ទទួលខុសត្រូវ​ដែល​ប៉ះពាល់ ៤១ សញ្ជាតិ​ដែល​មកពី ៤១ ប្រទេស​ដែល​ទទួលផល​ប៉ះពាល់​នេះ ។ សម្តេច​តេ​ជោ​បាន​បញ្ជាក់ទៀតថា សម្តេច​មិន ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ម៉ាឡេស៊ី​ទេ​។ ក៏ប៉ុន្តែ​ប្រទេស​ម៉ាឡេស៊ី​តាមរយៈ​មនុស្ស​មួយចំនួន​បាន​បង្កើត​នូវ​ហេតុការណ៍​ដក់​ជាប់​សម្រាប់​ក​កម្ពុជា​ទម្រាំ​បានមក​វិញ​នូវ​យុត្តិធម៌​តាមរយៈ​សេចក្តី​ប្រកាសថា​ពេលនេះ​អត់​មាន​វីរុស​កូ​រ៉ូ​ណា​ទេ ។
​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានលើកឡើង​ទៀតថា​បើសិនជា មនុស្ស​នេះ​ត្រូវបាន​ព្យាបាល​ជា ពិភពលោក​គួរតែ​បានមក​រៀនសូត្រ​ពី​ម៉ាឡេស៊ី​ព្រោះ​ព្យាបាល​ត្រឹមតែ ៧២ ម៉ោង​ជា​វា​ជា​រឿង​អស្ចារ្យ​ណាស់​ជា​អភូតហេតុ មួយ​ដែល​គួរ​កោតសរសើរ​ចំពោះ​វេជ្ជសាស្ត្រ​របស់​ម៉ាឡេស៊ី​។
​សម្តេច​តេ​ជោ​បាន​បន្តថា សម្តេច​សង្ឃឹមថា​នាយករដ្ឋមន្ត្រី​មហា​ធា​លោក​នឹង​​យល់​អំពី​អារម្មណ៍​មួយ​នេះ​ប្រសិនបើ​គាត់​គិតគូរ​ទៅដល់​កិត្តិយស​ជាតិ​សាសន៍​របស់គាត់​ហើយ​សង្ឃឹមថា រដ្ឋមន្ត្រីការបរទេស​កម្ពុជា​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹង​កោះហៅ​ឯកអគ្គរដ្ឋទូត​ម៉ាឡេស៊ី​ទៅធ្វើ​ការបំភ្លឺ​លើ​រឿងនេះ​ព្រោះ​ឥឡូវ​ម៉ាក​ប៉ាល់​ទាំងអស់​អត់​មាន​អ្នក​ណាមួយ​មាន​ជំងឺ​នេះ​សោះ​ហើយ​អ្វីដែល​សំខាន់​ជាងនេះទៅទៀត​ប្ដី​របស់គាត់​អត់​មាន​ឆ្លង​តើ​ហេតុអ្វី​ប្រពន្ធ​ឆ្លង​។
​សម្តេច​តេ​ជោ​បាន​បន្តថា តើ​ម៉ាឡេស៊ី​ត្រូវ​គិត​យ៉ាងម៉េច​ចំពោះ​បញ្ហា​នេះ​មិនមែន​បញ្ហា​កិត្តិយស​របស់​កម្ពុជា​តែ​ម្នាក់​នោះទេ​កិត្តិយស​សម្រាប់​៤១​ជាតិ​សាស ន៍​ក្នុងនោះ​អាមេរិក​ច្រើនជាងគេ​អាមេរិក​មាន​រហូត ៦៥០​នាក់ ។ ឥឡូវ​អាមេរិក​ប្រកាស​ចេញ​ថា​ពួក​ទេសចរ​អាមេរិក​ទាំងអស់​នោះ​មិនមាន​កើត​វីរុស​កូ​រ៉ូ​ណា ទេ​,​វេជ្ជសាស្ត្រ​អាមេរិក​ខ្លាំង​ហើយ​យើង​មិនបាន​ប្រកាស​តែម្នាក់ឯង​ទេ​អង្គការ​សុខភាព​ពិភពលោក វិទ្យាស្ថាន​ប៉ាស្ទ័រ និង​អាមេរិក​ក៏បាន​ចូលរួម​ជាមួយ​ក្នុង ការពិនិត្យ​មិនមែន​កម្ពុជា​ធ្វើ​តែម្នាក់ឯង​ទេ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular