ដោយបូកគោ/កំពតៈការអនុវត្តបានត្រឹមត្រូវអំពីកិច្ចគាំពារសង្គមដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលនឹងនាំមកនូវភាពជោគជ័យក្នុងការកាត់បន្ថយអត្រាស្លាប់របស់មាតានិងទារកក៏ដូចជាកុមារអាយុក្រោម៥ឆ្នាំនៅទូទាំងកម្ពុជា។
កាលពីថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២០លោកស្រីលាងហៃជាវតាយអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការកាកបាទក្រហមកម្ពុជាសាខាខេត្តកំពតបានអញ្ជើញជាអធិបតីក្នុងទិវាជាតិសុខភាពមាតាទារកនិងកុមារនៅមន្ទីរពេទ្យបង្អែកប៊ុនរ៉ានីហ៊ុនសែនកោះស្លា។
ស្ថិតក្នុងឃុំតេជោអភិវឌ្ឍន៍ស្រុកឈូក។នៅទីនោះលោកស្រីបានមានប្រសាសន៍ថារាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយគាំពារសង្គមដើម្បីរួមចំណែកលើកកម្ពស់សុខភាពមាតា និងទារកក្នុងគ្រួសារខ្វះខាតទូទាំងប្រទេស។
គោលនយោបាយបានជំរុញឱ្យស្ត្រីទៅពិនិត្យផ្ទៃពោះ និងថែរក្សាសុខភាពទាំងមុនពេល អំឡុងពេល និងក្រោយពេលសម្រាល។ការអនុវត្តបានត្រឹមត្រូវចំពោះគោលនយោបាយនេះពិតជានាំមកនូវភាពជោគជ័យក្នុងការកាត់បន្ថយអត្រាស្លាប់របស់មាតានិងទារកក៏ដូចជាកុមារអាយុក្រោម៥ឆ្នាំនៅទូទាំងកម្ពុជា។
លោកស្រីអនុប្រធានអចិន្ត្រៃយ៍បានបញ្ជាក់ថាផ្អែកតាមការកំណត់អំពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ក្នុងនាមសាខាកាកបាទក្រហមខេត្តកំពតលោកស្រីសូមអំពាវនាវចំពោះគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់បន្តជួយគាំទ្រដល់ការងារសុខភាពមាតាទារកនិងកុមារនៅក្នុងខេត្តកំពតទាំងមូល។
លើសពីនោះថ្នាក់ដឹកនាំមន្ត្រីរាជការក៏ដូចជាមន្ទីរអង្គភាពពាក់ព័ន្ធឬអ្នកផ្តល់សេវាសុខភាពទាំងអស់សូមចូលរួមគាំទ្រនិងអនុវត្តគោលនយោបាយគាំពារសង្គមនេះឱ្យមានប្រសិទ្ធភាពនិងឈានទៅសម្រេចបានគោលដៅនៃការកាត់បន្ថយអត្រាការស្លាប់របស់មាតាទារកនិងកុមារតូចៗរបស់កម្ពុជាឱ្យបានជោគជ័យ៕S/