ដោយៈសៅវ៉ាន់ឌី/ព្រះវិហារ៖ លោក សំ លាងទ្រីប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ បានឱ្យដឹងនៅរសៀលថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២០នេះថាមន្ទីរបានបញ្ជូនគ្រឿងចក្រនិងអ្នកបច្ចេកទេសទៅដល់ទីតាំងស្ពានស្ទឹងស្តៅ ដែលឆេះដោយសារភ្លើងព្រៃ នៅក្នុងស្រុកសង្គមថ្មីហើយ។
លោកសំលាងទ្រីបានគូសបញ្ជាក់ថាជាជំហ៊ានដំបូងមុននឹងធ្វើការស្ថាបនាសាងសង់ស្ពានស្ទឹងស្តៅនេះឡើងវិញក្រុមការងារកំពុងតែមមារញឹកក្នុងការបោសសម្អាត បរិវេណនៅជុំវិញឱ្យបានស្អាតល្អសិន ដូចជាសម្អាតទីតាំងស្ពានចាស់ដែលបានឆេះនិងសម្អាតគុម្ពឫស្សីនិងដើមឈើងាប់ផ្សេងៗទៀតចៀសវាងមានការឆេះព្រៃរាលមកម្តងទៀត។
សូមបញ្ជាក់ថាស្ពានស្ទឹងស្តៅនេះត្រូវបានភ្លើងព្រៃរាលមកបណ្តាលឱ្យឆាបឆេះដោយមិនអាចជួយពន្លត់បាន។ស្ពាននេះក៏មានសភាពចាស់ទ្រុឌទ្រោមមិនអាចធ្វើចរាចរបានទេ។ដោយឡែកអាជ្ញាធរខេត្តក៏មានគម្រោងរុះរើស្ពាននេះដើម្បីសាងសង់ស្ពានដែកបាឡេជំនួសវិញតាមការសំណូមពររបស់ប្រជាពលរដ្ឋក្នុងអង្គវេទិការសាធារណៈដោយវត្តមានលោកទេសរដ្ឋមន្ត្រីមាសសុភាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះវិហារ។
ប៉ុន្តែមិនទាន់បានរុះរើសាងសង់ថ្មីផងជាអកុសលស្ពាននេះបានរងការឆាបឆេះដោយសារភ្លើងឆេះព្រៃរាលមក។ដោយឡែក កាលពីពេលថ្មីៗនេះ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានដឹកនាំក្រុមការងារ និងមន្ត្រីជំនាញចុះមកពិនិត្យដោយផ្ទាល់ដល់ទីតាំងស្ពានស្ទឹងស្តៅដែលរងការឆេះដោយភ្លើងព្រៃនេះ។
ក្រសួងបរិស្ថាននឹងសម្របសម្រួលចូលរួមគាំទ្រផ្តួចផ្តើមកសាងស្ពាន២កន្លែងដែលត្រូវបានភ្លើងឆេះនៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោតភ្នំពកស្ថិតក្នុងភូមិសាស្ត្រស្រុកសង្គមថ្មីខេត្តព្រះវិហារ។ស្ពានឈើទាំង២កន្លែងដែលត្រូវបានឆេះក្នុងខែកុម្ភៈនេះ គឺជាច្រកចេញចូលទៅដែនជម្រកសត្វព្រៃ តំបន់ភ្នំត្នោត៕S/