អធិបតេយ្យភាព​កម្ពុជា​មិនមែន​មានតម្លៃ​ត្រឹម​១០០​លាន​ដុល្លារ​នោះឡើយ​

ក្នុងពេល​ថ្លែង​សារ​ពិសេស​ជូន​ជនរួមជាតិ​នៅមុន​ពេល​បើក​កិច្ចប្រជុំ​ជាមួយ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​វិមាន​សន្តិភាព សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា កម្ពុជា នឹងមិន​ស្នើសុំ​ត្រឡប់មកវិញ​នូវ អ៊ី​ប៊ី​អេ​(EBA) ២០​ភាគរយ ដែល​គណៈកម្មការ​អឺរ៉ុប​( EU) បានសម្រេច​យកពន្ធ​លើ​ទំនិញ​កម្ពុជា​នោះទេ ហើយ​កម្ពុជាក៏​មិន​ថយក្រោយ លើ​ការកាត់ក្តី​លើ​ជន​ក្បត់ជាតិ​ដែរ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា យើង​ត្រូវ​បង់ពន្ធ​ប្រហែលជា​១០០​លាន​ដុល្លារ នៅពេល​អឺរ៉ុបយកពន្ធ ២០​ភាគរយ​លើ​ទំនិញ​កម្ពុជា​។ ទំហំ​នាំចេញ​ប្រមាណជាង ១៤​ពាន់លាន​ដុល្លារ​។​ក្នុងនោះ ទំហំ​បួន​ពាន់​លាន​ដុល្លារ នាំទៅ​អឺរ៉ុប​។ ដូច្នេះ​នាំទៅ​អឺរ៉ុប ត្រូវ​បង់ពន្ធ ប្រមាណ ១០០​លាន​ដុល្លារ​។​

​សម្តេច​តេ​ជោ​បាន​បញ្ជាក់ថា «​កម្ពុជា​មិន​រំពឹងទុក​ថានឹងមាន​ការវិលត្រឡប់​មកវិញ​នូវ EBA ដែល EU បាន​ព្យួរ​នោះទេ​។ សូមបញ្ជាក់​ជូន​ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា និង​អ្នកនយោបាយកម្ពុជា ឱ្យបាន​ជ្រាបថា កម្ពុជានឹងមិន​ស្នើសុំ​ឲ្យ​មានការ​ត្រឡប់មកវិញ​នូវ EBA ២០​ភាគរយ នោះទេ​។ នេះ​គឺជា​ការឆ្លើយតប​បញ្ជាក់​យ៉ាងច្បាស់ សូមកុំ​រង់ចាំ​!​។ កម្ពុជា​បាន​ត្រៀម​ស្មារតីទៅលើ​បញ្ហា​ការបាត់បង់ រួចទៅហើយ​។​

​លើ​ចំណុច​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា «​កម្ពុជា មិនអាច​យក​ច្បាប់​របស់ខ្លួន អធិបតេយ្យ​របស់ខ្លួន ទៅ​ដោះដូរ​ភាពអនុគ្រោះ ២០​ភាគរយ នោះទេ​។ អ្នកសម្រេច​ក៏​សម្រេចទៅ​ចុះ​! ហើយ​យើង​អត់​ជំទាស់​។ អត់​ចលនា​ឲ្យ​បោះឆ្នោត​ប្រឆាំង​អី​ទេ​!​។ អនុវត្ត​ចុះ​! ។ ប៉ុន្តែ​អ្នកត្រូវតែ​យល់ថា កម្ពុជា​កំពុង​ដើរទៅ​លើផ្លូវដែល​ខ្លួន​បានជ្រើសរើស​រួចមកហើយ ហើយ​សូម អ្នកវិភាគ មាស នី អ្នកឯង​ចាំ​ឲ្យ​ច្បាស់​!​។ អ្នក​ដទៃទៀតឲ្យ​បាន​ច្បាស់​!​។ ចិត្ត​របស់​អ្នកឯង ចង់យក​អធិបតេយ្យ​ខ្មែរទៅ​ដោះដូរ​! យើង​មិនអាច​តាម​អ្នកឯង​បានទេ​។ សូម​ចាំ​ទុក​! នេះ​ជា​ប្រទេសមួយឯករាជ្យ និង​អធិបតេយ្យ​!​។ បើ​ច្បាប់​របស់ខ្លួនមិនអាច​អនុវត្តបាន តើ​ធ្វើជា​ប្រទេសធ្វើ​អី​?»​។​

​ដោយ​ប្រកាស​ពី​វិធានការ​យ៉ាងច្រើន​ដើម្បី​ទប់ទល់​នឹង​ការសម្រេច​យកពន្ធ ២០​ភាគរយ​លើទំនិញ​កម្ពុជា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា «​នេះ​ជាការ​ត្រៀម​រៀបចំ​! ក្មួយៗ ជា​កម្មករ​កម្មការិនី​ទាំងឡាយ សូមកុំ​បារម្ភ​! ។​រាជរដ្ឋាភិបាលមាន​សមត្ថភាព​ដើម្បី​នឹង​ទទួលខុសត្រូវ​! ៨០​ភាគរយ បន្តការងារ​ធម្មតា ។​នាំចូល​ធម្មតា​! ។​២០​ភាគរយបង់ពន្ធ​ឲ្យ​គេ​ទៅ​!​។ បើ​យោងទៅលើ​ការគិតគូរ​ក្នុងចំណោម​នៃ​ទំនិញ ដែល​យើង​បាន​នាំ​ចេញទៅ​សម្រាប់​អឺរ៉ុប ដកចេញ​នៅ​អង់គ្លេស​ចេញ ចំនួន​ដែល​យើង​ត្រូវ​បង់ពន្ធ​ប្រហាក់ប្រហែល​ក្រោម​១០០​លាន ដុល្លារ​ឬ​ជុំវិញ​១០០​លាន​ដុល្លារ​។ ដូច្នេះ​គ្មាន​រឿង​ដែល​យើង​ត្រូវយក​អធិបតេយ្យ​ជាតិរបស់​យើង ទៅ​ដោះដូរ​ជាមួយ​អា ១០០​លាន​ដុល្លារ​អាម៉េរិក​នេះ​ទេ​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា «​ខ្ញុំ​សូមបញ្ជាក់​ហើយ បញ្ជាក់ទៀតថា​យើង​មានការទទួលខុសត្រូវ​ចំ​ពោះ​ជាតិ​របស់​យើង​។ មិនអាច​ទុកឱ្យ​អ្នក​បំផ្លាញ​ជាតិបាន​រស់​ដោយសេរី​ទាល់តែសោះ​ហើយ​។ ដំណើរការ​ផ្លូវច្បាប់ នៅ​តុលាការ នៅតែ​បន្ត ។ អត់​មាន​ថយក្រោយ​ទេ​!​។ រឿងនេះ​គឺជា​រឿង​ច្បាប់​។ អ្នកអនុវត្ត​ចុះ​!​។ ឯ​ច្បាប់​របស់​យើងខ្ញុំ យើងខ្ញុំ​ត្រូវតែអនុវត្ត​។ ដូច្នេះ​មិនអាច​លាយឡំ​គ្នា​បានទេ​។ នៅ​ប្រទេស​ថៃ​ក៏​ទើបតែ​មាន​រំលាយ​គណបក្សនយោបាយ​មួយ ដែលមាន​អាសនៈ​នៅក្នុង​សភា ហើយ​ព្យួរ​សិទ្ធិ​នយោបាយ​រហូត​ទៅដល់ ១០​ឆ្នាំ​ឯណោះ​! ។​ហេតុអ្វី​អកុសល​សម្រាប់​កម្ពុជា​?​។ ល្អ​! បានជា​ជ្រុល​ធ្វើ​ហើយ​យើង​ត្រូវ​ហ៊ានលេង​ល្បែង​មួយ​នេះ​! ។​យើង​ត្រូវការពារ​អធិបតេយ្យ​ជាតិ ឯករាជ្យ​ជាតិ​របស់​កម្ពុជា​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់​ជាថ្មី​ថា «​សូម​ស្តាប់​ឱ្យ​ច្បាស់​! អ្នកឯង​យល់ថា ឲ្យ​យើង​ធ្វើតាម​អឺរ៉ុប តាម​ការទាមទារ​រប​ស់​គណៈកម្មការ​អឺរ៉ុប​! ខ្ញុំ​មិនអាច​ធ្វើតាម​អ្នកឯងបានទេ​!​។ អ្នកឯង​ចង់​និយាយ​អី​! អ្នកឯង​ចង់​ចាក​ចេញពី​ស្រុក​ខ្មែរ ក៏​ចាក​ចេញទៅ​ចុះបើ​អ្នកឯង​មិន​ពេញចិត្ត​នៅ​!​។ យើង​គ្មាន​សិទ្ធិ​ដេញ​អ្នកឯង​ទេ​!​។ ប៉ុន្តែ​បើ​អ្នកឯង​យល់ថា​ប្រទេស​នេះមិន​សមស្រប​នឹង​រស់នៅ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​បន្ថែ​មយ៉ាង​ច្បាស់​ថា «​កម្ពុជា​មិន​ថយក្រោយ​លើ​ការកាត់ក្តី​ចំពោះ​ជន​ក្បត់ជាតិ ឬ​អ្នក​ដែល​ទទួល​នូវ​ទណ្ឌកម្ម​ទេ​។ អ្នកឯង​ត្រូវតែ​ច្បាស់​អ្វីដែល​អ្នកឯង​បានធ្វើ​!​។ អ្នកឯង​ត្រូវ​ចាំ​។ អ្នកឯង​យក​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៣​គឺជា​ថ្ងៃ​ផ្តាច់​ព្រ័ត្រ​ក្នុងការផ្តួលរំលំ​! បន្ទាប់ពី​អ្នកឯង​ប្តេជ្ញា​ទៅលើ​រឿងនេះ​ហើយ ហិង្សា​បានកើត​ឡើងនៅ​ផ្លូវ​វេ​ង​ស្រេង ចុងឆ្នាំ​២០១៣ និង​ដើមឆ្នាំ​២០១៤​។ មនុស្ស​ប៉ុន្មាន​នាក់​បាន​ស្លាប់​? ទ្រព្យសម្បត្តិ​សាធារណៈ និង​ឯកជន តើន​រណាត្រូវ​សង​? អ្នកឯង ត្រូវតែ​ទទួល​នូវ​ទណ្ឌកម្ម​បែបនេះ​? មិនអាច​លើកលែង​បានទេ​! ដូច្នេះ​ប្រទេស​នីតិរដ្ឋ​មួយ នៅក្នុង​ក្របខ័ណ្ឌ​ប្រជាធិបតេយ្យ​យើង​ត្រូវ​មានការទទួលខុសត្រូវ ចំពោះមុខ​ប្រជាជាតិ​របស់​យើង​»​។​

​ជាការ​កត់សម្គាល់ ចាប់តាំងពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២០​តុលាការ​សាលាដំបូង​រាជធានី ភ្នំពេញ បានចាប់ផ្តើម​ដំណើរការ​សវនាការ​ជំនុំជម្រះ​ក្តី​លើ​សំណុំរឿង​ក្បត់ជាតិ​របស់លោក កឹម សុខា អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ ក្នុង ១​សប្តាហ៍​តុលាការ​បាន​បើកសវនាការចំនួន​មួយថ្ងៃ​កន្លះ ដោយមាន​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ពិសេស​លោក​កឹម​សុខា​ អមដោយក្រុម​មេធាវី​ការពារ​ក្តី បាន​ចូលរួម​សវនាការ​រហូត​។​

​ក្នុងពេល​ផ្តល់​សម្ភាសន៍​ដល់​អ្នកកា​សែត លោក កឹម សុខា ដែល​ស្ថិត​នៅក្រៅ​ពន្ធនាគារ ចាប់តាំងពី​ខែកញ្ញា ឆ្នាំ​២០១៨ ក៏បាន​បញ្ជាក់ថា សំណុំ​រឿងក្តី​របស់លោក​ដែល​តុលាការ​បានចោទប្រកាន់ និង​កំពុងបើក​សវនាការ​នេះ មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការសម្រេច​របស់​សហភាព​អឺរ៉ុប លើ​ករណី EBA នោះទេ​។​

​រីឯ​ក្រុម​មេធាវី​ការពារ​ក្តី ទាំង​ក្រុម​មេធាវី​ដើមបណ្តឹង តំណាង​រាជរដ្ឋាភិបាល​ក៏ដូចជា​ក្រុម​មេធាវីការពារ​ក្តី​លោក​កឹម​សុខា ក៏បាន​តតាំង​ក្តី បង្ហាញ​ភស្តុតាង នៅក្នុង​បន្ទប់​សវនាការ​តាម​នីតិវិធីច្បាប់​។

​យ៉ាងណាក៏ដោយ នីតិវិធីតុលាការ លើ​ការបើក​សវនាការ​ករ​ណី​លោក​កឹម​សុខា​ក៏បាន​បន្តធ្វើ រៀងរាល់​សប្តាហ៍​ហើយ​មិនទាន់​កំណត់ថា ពេលណា​ទើប​ចប់​ឡើយ​ដោយសារ តែ​សំណុំ រឿង​មាន​ទំហំធំធេង​។ ដូច្នេះ​ត្រូវ​ជំនុំជម្រះ និង​ស្តាប់​ការបកស្រាយ​ដែល​តុលាការ​បានផ្តល់ឱកាស​ពេញលេញ​ដល់​ជនជាប់ចោទ លោក​កឹម​សុខា ក៏ដូចជា​ក្រុម​មេធាវី​របស់លោក បង្ហាញ​ភស្តុតាង លើក​អំណះអំណាង ដើម្បី​ដោះ​បន្ទុក​។​

​សេចក្តី​ស​ម្រ​ច​របស់​គណៈកម្មការ​អឺរ៉ុប កាលពី​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២០​លើ​ការ សម្រេចយកពន្ធ​លើ​ទំនិញ​កម្ពុជា ប្រមាណ ២០​ភាគរយ នឹងត្រូវ​ឆ្លងកាត់​សភា​អឺរ៉ុប ប្រជុំ​សម្រេច ហើយ​បើសិនជា​សភា​អឺរ៉ុប បន្ត​សម្រេច​ថា ត្រូវ​យកពន្ធ​តាម​គណៈកម្មការ​អឺរ៉ុប​មែន ក៏​សេចក្តីសម្រេច​នេះនឹង​ចូល​ជា​ធរមាន ចាប់​អនុវត្ត​នៅ​ខែសីហា ឆ្នាំ​២០២០​។​

​ទោះជា​យ៉ាងណាក្តី​ក៏​កម្ពុជា​បាន​ត្រៀមខ្លួន​រួចហើយ ចាប់តាំងពី​ឆ្នាំមុន​ដោយ​ចាត់ វិធានការជា​កញ្ចប់​ជាច្រើន ហើយ​នៅ​ថ្ងៃទី​២៤​កុម្ភៈ ឆ្នាំ​២០២០ សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​ក៏បាន ប្រកាស​ចេញ​នូវ​វិធានការ​បន្ទាន់​ជា​កញ្ចប់​ជាច្រើន​ទៀត​ដើម្បី​ទប់ទល់​នឹង​ផលប៉ះពាល់លើ​រោងចក្រ​កាត់ដេរ និង​កម្មករ​កាត់ដេរ បើសិនជា​ត្រូវ​ព្យួរការងារ នាពេលខាងមុខ​៕ ដោយៈ ម៉េង​ឆៃ​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លោកស្រី អោ​ង សាន ស៊ូ​ជី​៖...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ចាប់ផ្ដើម​សាងសង់​អគារ​សាល...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រាវ​រកឃើញ​គ្រាប់​យុទ្ធ​ភ័...

ដោយ​: ប​.​ជ័យ / បន្ទាយមាន...

លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង ស...

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយ...