លោក ជែមី ការ៉ាហ្គ័រ (Jamie Carragher) និង ហ្គែរី ណេវីល (Gary Neville) មានការយល់ ឃើញដូចគ្នាថា ម៉ូហាម៉េដ សាឡា (Mohamed Salah) មិនទទួលបានការកោតសរសើរ ពីសំណាក់អ្នកគាំទ្ររបស់ក្លឹប Liverpool ឲ្យស័ក្តិសមនៅឡើយទេ។
អ្នកវិភាគកីឡាករទាំងពីររូបនេះបានពិភាក្សាគ្នាពីអំពីខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីបរូបនេះ មុនជំនួបរវាងក្រុម Liverpool និងក្រុម West Ham នៅពហុកីឡាដ្ឋាន Anfield កាលពីថ្ងៃច័ន្ទ។
ការ៉ាហ្គ័រ ជាអតីតប្រធានក្រុម Liverpool បាននិយាយថា “ទាក់ទិននឹង ម៉ូ សាឡា ខ្ញុំគិតថា គាត់មិនទាន់ទទួលបានការពេញចិត្តគ្រប់គ្រាន់នៅឡើយទេ”។
សាឡា ត្រូវបានគេមើលឃើញថា ជាកីឡាករកម្រិតពិភពលោក ប៉ុន្តែជាមួយអ្នកគាំទ្រ Liverpool ខ្ញុំគិតថា ពួកគេមិនសូវពេញចិត្តគាត់នោះទេ។ ប្រាកដណាស់ បើប្រៀបធៀបអ្វី ដែលគាត់បានធ្វើនៅរដូវកាលដំបូងនឹងពេលនេះ ការគាំទ្រហាក់ដូចជាធ្លាក់ចុះ។
ការ៉ាហ្គ័រ និយាយថា “ពិតណាស់ ពួកគេនឹងមិនអាចរកបានដល់៤៧គ្រាប់នោះទេក្នុងមួយរដូវកាល ប៉ុន្តែចូលក្រឡេកមើលបណ្តាញសង្គម ខ្ញុំគិតថា ក្រុម Liverpool មានកីឡាករ កម្រិតពិភពលោក៦រូប ដូចជា អាលីសិន (Alisson) ត្រេន អាឡិកសានដឺ អានរ៉ូល (Trent Alexander Anrold) វើហ្គីល វ៉ាន ឌីក (Virgil van Dijk) សាឌីអូ ម៉េន (Sadio Mane) រ៉ូបឺតូ ហ្វឺមីណូ (Roberto Firmino) និង សាឡា។
ការ៉ាហ្គ័រ បន្តថា “ប្រាកដណាស់ថា មានភាពអាត្មានិយមខ្លះក្នុងការប្រកួត។ នៅពេល គាត់ស្ថិតក្នុងជំហរទាត់បញ្ចូលទី។ តើខ្ញុំអាចទាត់បានទេ? ធម្មតាគាត់មិនសូវស្វែងរកឱកាស បញ្ជូនបាល់នោះទេ ហើយសកម្មភាពនេះ ជួនកាលធ្វើឲ្យមានការខកចិត្ត”៕ ប្រែសម្រួល: ពិសិដ្ឋ
