ដោយ​៖ តារា​រិ​ទ្ធ / បន្ទាយមានជ័យ​៖ ផ្លូវជាតិ​លេខ ៥៨ មាន​ប្រវែង ១៧៤,១៦ គីឡូម៉ែត្រ​ (​រួមទាំង​ផ្លូវ​ច្រកព្រំដែន ៤​កន្លែង ៨,៩៨​គីឡូម៉ែត្រ​​) ពី​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ ដល់​ក្រុង​សំរោង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ក្រោម​ប្រាក់​កម្ចី​សម្បទានពីរដ្ឋាភិបាល​ចិន ​រួមជាមួយនឹង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុ​ជា​ស​រុ​ប ប្រមាណ​ជាង ១២៣​លាន​ដុល្លារ​អាម៉េរិក បាន​ប្រារព្ធ​ពិធី​សម្ពោធ​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី២៦ ខែកុម្ភៈ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​លោក វ៉ាង វិ​ន​ធៀន (Wang Wentian) ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​រួមគ្នា សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ផ្លូវ​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ដ៏​មាន​សារសំខាន់​មួយ​ខ្សែ​នេះ ដែលជា​សមិទ្ធផល​ថ្មី​មួយទៀត​ជា​ប្រវត្តិសាស្ត្រ ដែល​ឆ្លងកាត់​អតីត​តំបន់​សមរភូមិ​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បានឱ្យដឹងថា ផ្លូវជាតិ​លេខ​៥៨ មាន​ប្រវែង​សរុប ១៧៤,១៦​គីឡូម៉ែត្រ​ត​ភ្ជាប់​ពី ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ ដល់​ក្រុង​សំរោង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ក្នុងនោះ​ផ្លូវ​មេមាន​ប្រវែង ១៦៥,១៨ គីឡូម៉ែត្រ ។ ផ្លូវ​នេះ​ឆ្លងកាត់​ខេត្ត​បន្ទាយ​មានជ័យ​ប្រវែង ៩២​គីឡូម៉ែត្រ​និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ប្រវែង​៧៣,១៨ គីឡូម៉ែត្រ​និង​ផ្លូវ​ខ្នែង​ចំនួន៤ ខ្សែ​មាន​ប្រវែង​សរុប ៨,៩៨ គីឡូម៉ែត្រ ​បំបែក​ចេញពី​ផ្លូវជាតិលេខ ៥៨ ចូលទៅ​ច្រកទ្វារព្រំដែន​កម្ពុជា​-​ថៃ អូរ​បី​ជាន់ បឹង​ត្រកួន ជប់​គរ​គី និង ថ្ម​ដូន​។​

​ផ្លូវជាតិ​មួយ​ខ្សែ​នេះ​ត្រូវបាន​សាងសង់​ស្របទៅតាម​ស្តង់ដារ​ផ្លូវថ្នល់​កម្រិត ៣ នៃ​បទដ្ឋាន​បច្ចេកទេស​រប​ស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ​មាន​ទទឹង​តួ​ផ្លូវ​សរុប ១២ ម៉ែត្រ ​ក្រាល​កៅស៊ូ​ពីរ​ស្រទាប់ (DBST) ទទឹង ១០ ម៉ែត្រ ។ ផ្លូវ​មួយ​ខ្សែ​នេះ​ត្រូវបាន​សាងសង់​ស្ពាន​ត​ភ្ជាប់​ចំនួន​៤៧​កន្លែង ​ប្រវែង​សរុប ១,៥៧៤​ម៉ែត្រ​។ ផ្លូវ​មួយ​ខ្សែ​នេះ​ចំណាយ​ថវិកា​សរុប​១២២,៩៨​លាន​ដុល្លារ​អាម៉េរិក ជា​ហិរញ្ញប្បទាន​ពី​រដ្ឋាភិបាល​ចិន ​រួមជាមួយ​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុ​ជាស​ម្រា​ប់ ការដោះស្រាយ​ផលប៉ះពាល់ និងការ​បោសសម្អាត​គ្រាប់មីន​និង​យុទ្ធ​ភណ្ឌ​មិនទាន់​ផ្ទុះ​និង​ពន្ធអាករ​។

​ផ្លូវ​នេះ​សាងសង់​ដោយ​ក្រុមហ៊ុន​សំណង់​សៀង​ហៃ​គ្រុប ខូ​អិ​ល​ធី​ឌី (Shanghai Construction Group Co.,Ltd.) និងត្រួតពិនិត្យ​បច្ចេកទេស​សាងសង់ ដោយ​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស​ក្វាង​ចូ​វ វ៉ាន​អាន (Guangzhou Wanan Construction Supervision Co., Ltd) ដោយ​ប្រើ​រយៈពេល​សាងសង់​ចំនួន ៤៣​ខែ​​ គិត​ចាប់ពី​ខែមិថុនា​ឆ្នាំ​២០១៥ ​ដល់​ខែមករា​ឆ្នាំ​២០១៩​។​

​ផ្លូវជាតិ​លេខ ៥៨ ឆ្លងកាត់​ខេត្តបន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ ដែលជា​តំបន់​អតីត​សមរភូមិ​ដ៏​ស្រួចស្រាវ​បំផុត​មុន​ឆ្នាំ ១៩៩៨ ។ ផ្លូវជាតិ​លេខ ៥៨​គឺជា​សមិទ្ធផល​ដ៏​ថ្លៃថ្លា​មួយ​កើតចេញពី​ផ្លែផ្កានៃ​នយោបាយ​ឈ្នះ​-​ឈ្នះ របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី ដែល​បានបញ្ចប់​ទាំងស្រុង​នូវ​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ​រវាង​ខ្មែរ​និង​ខ្មែរ ហើយ​បាន​នាំមក​នូវ​សុខសន្តិភាព​និង​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​ពាសពេញ​ផ្ទៃ​ប្រទេស​។

​ផ្លូវជាតិ​លេខ​៥៨ គឺជា​ខ្សែ​ផ្លូវ​យុទ្ធសាស្ត្រ​សម្រាប់​ការពារជាតិ​និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ទេសចរណ៍​ស្ថិតនៅ​ស្របតាម​ខ្សែបន្ទាត់​ព្រំដែនកម្ពុជា​-​ថៃ​ ដោយ​ត​ភ្ជាប់​ទំនាក់ទំនង​រូបវន្ត​ស្ថាប័ន និង​ប្រជាជន​រវាង​ខេត្តបន្ទាយមានជ័យ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ជាមួយ​រាជធានី​-​ខេត្ត​ផ្សេងៗ​ទៀត​។ សុខសន្តិភាព​ពេញលេញ​ទូទាំងប្រទេស បានប្រែក្លាយ​តំបន់​នៅតាម​សងខាង​ផ្លូវជាតិ​នេះ ដែល​ធ្លាប់តែ​ជា​សមរភូមិ​ប្រយុទ្ធ​និង​ដី​ចម្ការមីន​ទៅជា​តំបន់​សម្បូរ​ទៅដោយ​ដី​មាន​ជីវជាតិ​មាន​ប្រជាពលរដ្ឋ​រស់នៅ​ច្រើន​កុះករ​ប្រកបមុខរបរ​ធ្វើ​អាជីវកម្ម កសិកម្ម​និង​ស្រែចម្ការ ជាពិសេស​ដំណាំ​ស្រូវ​និង​ដំណាំ​ក​សិ​-​ឧស្សាហកម្ម​ជាច្រើន​ផ្សេងទៀត​ដូចជា​ដំឡូង មី ពោត សណ្តែក​ជាដើម​។​

​លោក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល បន្តថា​ តាមរយៈ​ខ្សែ​ផ្លូវ​នេះ​ការធ្វើដំណើរ​និង​ការដឹកជញ្ជូន​ផលិតផល​ដំណាំ​កសិផល​និង​ក​សិ​-​ឧ​ស្សហកម្ម​របស់​ប្រជាពលរដ្ឋ និងក្រុមហ៊ុន​ធុរកិច្ច​ទៅកាន់​ទីផ្សារ​ក្នុងស្រុក​និង​ទីផ្សារ​អន្តរជាតិ​តាមរយៈ​ច្រកទ្វារព្រំដែន​កម្ពុជា​-​ថៃ នៅ​ប៉ោយប៉ែត អូរ​ស្មាច់ អូរ​បី​ជាន់ បឹង​ត្រកួន ជប់​គរ​គី និង​ថ្ម​ដូន នឹង​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ ឆាប់រហ័ស​និង​ចំណាយពេល​តិច​។ ទាំងនេះ​ជា​កត្តា​យ៉ាងសំខាន់​ចូលរួមចំណែក​លើកកម្ពស់​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ និង​ធ្វើឱ្យ​ប្រសើរឡើង​ប្រព័ន្ធ​ភស្តុភារ​កម្ម​របស់​កម្ពុ​ជា​សំដៅ​ទាញយក​អត្ថប្រយោជន៍​ឱ្យបាន​ច្រើន​លើសលប់​ពី​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​តំបន់​និង​ពិភពលោក​៕ ល​/Ha