អ៊ីតាលីបានរាយការណ៍ថា មានការកើនឡើងចំនួន ៤៥ ភាគរយក្នុងមួយថ្ងៃ ចំពោះអ្នកដែលឆ្លងវីរុសកូរ៉ូណា ខណៈប្រទេសដទៃទៀតនៅអឺរ៉ុបបានកត់ត្រា ករណីដំបូងរបស់ពួកគេកាលពីថ្ងៃអង្គារទី២៥កុម្ភៈ ដោយបង្ហាញភស្តុតាងថា​អ្នកដំណើរកំពុងដឹកជញ្ជូនមេរោគពីចំណុចកណ្តាលនៃកន្លែងផ្ទុះមេរោគនៅអឺរ៉ុប។

មន្ត្រីអ៊ីតាលីបានរាយការណ៍ថាមានមនុស្សស្លាប់ចំនួន ១១ នាក់និងអ្នកឆ្លង ៣២២ ករណី ពោលគឺច្រើនជាងមួយថ្ងៃមុនដល់ទៅ ១០០ ករណី។ ខណៈករណី​ឆ្លងភាគច្រើនកើតឡើងនៅភាគខាងជើងអ៊ីតាលី ករណីថ្មីមួយចំនួនត្រូវបាន​កត់ត្រានៅក្រៅតំបន់រងគ្រោះខ្លាំងជាងគេទាំងពីររបស់ប្រទេសនេះ រួមមាន ៣ ករណីនៅតំបន់ស៊ីស៊ីលី ២ ករណីនៅតំបន់ថាសានី និងមួយទៀតនៅតំបន់​លីហ្គូរីយ៉ា។

គូស្វាមីភរិយាជនជាតិអ៊ីតាលីមកពីភាគខាងជើងប្រទេសបានធ្វើតេស្តវិជ្ជមាននៅលើកោះកាណារីនៅក្បែរទ្វីបអាហ្វ្រិក ដោយបង្ខំឱ្យសណ្ឋាគាររបស់អ្នកទាំងពីរ​ត្រូវដាក់នៅដាច់ពីគេ នៅក្នុងអ្វីដែលភ្ញៀវម្នាក់និយាយថាមានអារម្មណ៍ដូច “ស្វាក្នុងទ្រុង”។ ប្រទេសអូទ្រីសក្រូអាស៊ីនិងស្វីសបានរាយការណ៍​ពីករណីដំបូងរបស់ខ្លួន ដែលកើតមានចំពោះមនុស្សដែលទើបធ្វើដំណើរទៅ​ប្រទេសអ៊ីតាលី។

ក្រុមមន្រ្តីបាននិយាយថា ករណីស្លាប់ថ្មីចំនួន ៤ នាក់នៅក្នុងប្រទេសអ៊ីតាលី ដូចករណីទី ៧ ជាដើម គឺកើតឡើងចំពោះអ្នកជំងឺវ័យចំណាស់ ដែលទទួលរង​ពីជំងឺផ្សេងៗបូករួមទាំងវីរុសកូរ៉ូណា។

ចំពេលកំពុងមានករណីថ្មីកើនឡើងនិងបញ្ហាក្នុងការចែកចាយឧបករណ៍ការពារនិងឧបករណ៍ធ្វើតេស្ត នាយករដ្ឋមន្រ្តីអ៊ីតាលី​ លោក យូសសេបប៉េ កុងតេ បាននិយាយការពារវិធានការ ដែលអ៊ីតាលីបានអនុវត្តដើម្បីទប់ទល់នឹងការផ្ទុះ​ឡើងនៃវីរុស និង បានព្យាករថាតួលេខអ្នកឆ្លងនឹងចាប់ផ្តើមមានលំនឹងឆាប់ៗ។ ប៉ុន្តែលោកបានទទួលស្គាល់ថា ការកើនឡើងនៃករណីឆ្លងភាគច្រើននៅក្រៅ​តំបន់អាស៊ី គឺគួរឱ្យបារម្ភ។

មុនពេលជួបប្រជុំជាមួយក្រុមបេសកកម្មរបស់អង្គការសុខភាពពិភពលោក ដែលមកធ្វើទស្សនកិច្ចនៅអ៊ីតាលី លោកបាននិយាយថា “ជាក់ស្តែងខ្ញុំមិនអាច​និយាយថាខ្ញុំមិនព្រួយបារម្ភនោះទេព្រោះខ្ញុំមិនចង់ឱ្យគេគិតថាយើងកំពុងមើលស្រាលគ្រោះអាសន្ននោះទេ។ ប៉ុន្តែយើងជឿថាជាមួយនឹងវិធានការដែល​យើងបានអនុវត្ត វានឹងមានប្រសិទ្ធភាពនៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខ”៕ ដោយ៖ កញ្ញាដាលីស/Ha

អ្នកឆ្លងវីរុសកូរ៉ូណាកំពុងកើនឡើងខ្លាំងនៅអ៊ីតាលី