ក្រសួង​រៀប​យុទ្ធសាស្ត្រ​ថ្មី​ទប់ទល់​និង​វិបត្តិ​វីរុស​កូ​រ៉ូ​ណា (Covid-19)-EBA ដើម្បី​រក​កំណើន​ទេសចរ​

178
ចែករម្លែក

ដោយ​: មូល​សម្បត្តិ / ភ្នំពេញ​: អនុវត្តតាម​សារ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ចុះ​ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ​២០២០ ស្តីពី​វិធានការ​របស់​រាជរដ្ឋាភិបាល​ដើម្បី​គ្រប់គ្រង​ផលប៉ះពាល់​ពី​ជំងឺ​រលាក​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ (​ខូ​វិដ​-១៩) និង​ការព្យួរ​ភាពអនុគ្រោះ​ពន្ធ​លើ​ទំនិញ​មួយចំនួន​ក្រោម​កម្មវិធី ទំនិញ​គ្រប់មុខ លើកលែង​អាវុធ (EBA) នា​ព្រឹក​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២០ លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​បន្ទាន់​មួយ ស្តីពី​ការអនុវត្ត​ផែនការ​សកម្មភាព​ការងារ​ចំពោះមុខ ដើម្បី​ទប់ទល់​វិបត្តិ​ជំងឺឆ្លង​កូ​រ៉ូ​ណា​ថ្មី (Covid-19) ដែល​ផែនការ​នេះ មាន​គោលដៅ​យុទ្ធសាស្ត្រ​ចំនួន ៤ និង​សកម្មភាព​អនុវត្ត​ចំនួន ៩០​។​

​ដើម្បី​អនុវត្ត​ផែនការ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព ក្រសួង​បានរៀបចំ​បង្កើត​ក្រុមការងារ​មួយ​ដើម្បី​ជម្រុញ និង​លើកស្ទួយ វិស័យ​ទេសចរណ៍​ក្នុងដំណាក់កាល និង​ក្រោយ​វិបត្តិ​នៃ​វីរុស​កូ​រ៉ូ​ណា​ថ្មី (Covid-19) ដែលមាន​រដ្ឋលេខាធិកា​រ​ប្រចាំការ ០១​រូប ជា​ប្រធាន ។​រដ្ឋលេខាធិការ ០២​រូប ជា​អនុប្រធាន និង​មាន​អនុរដ្ឋលេខាធិកា អគ្គនាយក អគ្គនាយករង ប្រធាន​នាយកដ្ឋាន​ពាក់ព័ន្ធ​មួយចំនួន និង​ប្រធាន​មន្ទីរ​ទេសចរណ៍​រាជធានី​ខេត្ត ជា​សមាជិក​។ ក្រុមការងារ​នេះ​មាន​លេខាធិការដ្ឋាន​មួយ ជា​សេនាធិការ និង​បែង​ចែកជា​អនុ​ក្រុមការងារ​ចំនួន ០៥ រួមមាន​៖

  • អនុ​ក្រុមការងារ​ទី​១- ជម្រុញ​ចលនា​ទេសចរណ៍​ក្នុងស្រុក និង​ពង្រឹងគុណភាព​ឧស្សាហកម្ម​ទេសចរណ៍ (​ដឹកនាំ​ដោយ លោក សុង តុង​ហាប់ អនុរដ្ឋលេខាធិការ​)​។​
  • អនុ​ក្រុមការងារ​ទី​២- បណ្តុះបណ្តាល និង​ពង្រឹងសមត្ថភាព​អ្នកជំនាញ​ទេសចរណ៍ (​ដឹកនាំ​ដោយ លោក​ប៉ាក់ សុខុម រដ្ឋលេខាធិការ​)​។​
  • អនុ​ក្រុមការងារ​ទី​៣- រៀបចំ​ព្រឹត្តិការណ៍ (​ដឹកនាំ​ដោយ លោក តុ​ប សុភ័ក អនុរដ្ឋលេខាធិការ​)​។​
  • អនុ​ក្រុមការងារ​ទី​៤- ជម្រុញ​ចលនា​ផ្សព្វផ្សាយ​ក្រៅប្រទេស និង​បញ្ជ្រាប​ការយល់ដឹង​ជា​សាធារណៈ​កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​សុវត្ថិភាព​ក្នុងដំណាក់កាល​វិបត្តិ (​ដឹកនាំ​ដោយ​លោក​ថោង រដ្ឋ​សក្តិ អគ្គនាយក​អភិវឌ្ឍន៍​ទេសចរ​និង​សហប្រតិបត្តិការ​អន្តរជាតិ​)
  • អនុ​ក្រុមការងារ​ទី​៥- សម្រួលការ​ធ្វើដំណើរ និង​សុវត្ថិភាព​នៃ​ការធ្វើដំណើរ (​ដឹកនាំ​ដោយ លោក​ហោ សារុន អនុរដ្ឋលេខាធិការ​)៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ