បណ្តារោងចក្រ ដែលផលិតស្មាតហ្វូន ប្រដាប់ប្រដាក្មេងលេង និងទំនិញ ផ្សេងទៀត កំពុងជួបការលំបាកក្នុងការបើកទ្វារឡើងវិញ បន្ទាប់ពីការផ្ទុះ វីរុសកូរ៉ូណា ធ្វើឱ្យសេដ្ឋកិច្ចចិនធ្លាក់ចុះ។ ប៉ុន្តែទោះបីគណបក្សកុម្មុយនិស្តកាន់ អំណាចបានសន្យាជួយក៏ដោយ ក៏បណ្តាក្រុមហ៊ុននានានិងពួក សេដ្ឋកិច្ចវិទូនិយាយថាវាប្រហែលជាត្រូវចំណាយពេលច្រើនខែទម្រាំផលិតកម្មវិលត្រឡប់មករកភាពប្រក្រតីវិញ។

បញ្ហាគឺស្ថិតនៅត្រង់ខ្សែសង្វាក់ផ្គត់ផ្គង់ ពោលគឺក្រុមហ៊ុនរាប់ពាន់ដែលបានផ្តល់នូវ គ្រឿងបន្លាស់ចាប់ពីគ្រឿងបន្លាស់រថយន្តរហូតដល់ខ្សែរូតនិងមីក្រូឈីប។ ប្រទេសចិនមានភាពល្បីល្បាញខាងភាពរហ័សរហួននិងធនធាន ប៉ុន្តែពួកគេខ្វះខាតវត្ថុធាតុដើមនិងកម្មករបន្ទាប់ពីការដាក់ចេញនូវវិធានការដ៏ខ្លាំងក្លាប្រឆាំងនឹងវីរុសកូរ៉ូណាបាននាំទៅដល់ការបិទទ្វាររោងចក្រ ការកាត់ផ្តាច់ ច្រកចូលទៅកាន់ទីក្រុងជាច្រើនដែលមានប្រជាជនរស់នៅជាង ៦០ លាននាក់ និង ការដាក់បម្រាមលើការធ្វើដំណើរ។

យោងតាមលោកនូកូល ប៉េង មកពីក្រុមហ៊ុនស្រាវជ្រាវ Canalys បានឱ្យដឹងថា នៅក្នុងផ្នែកផលិតស្មាតហ្វូន ឧស្សាហកម្មដែលពឹងផ្អែកលើចិនដើម្បីដំឡើង ទូរស័ព្ទស្ទើរតែទាំងស្រុងរបស់ខ្លួន ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់មួយចំនួន និយាយថា ផលិតកម្មមានកម្រិតទាបត្រឹម ១០ ភាគរយនៃកម្រិតធម្មតា។

លោកប៉េងនិយាយថា “ដំណឹងអាក្រក់គឺថានឹងមានផលប៉ះពាល់បន្ថែមទៀត ហើយផលប៉ះពាល់នោះគឺអាក្រក់ជាងការរំពឹងទុករបស់មនុស្សភាគច្រើនទៅទៀត”។

ការធ្វើដំណើរនិងបណ្តាអាជីវកម្មលក់រាយដែលត្រូវការអតិថិជនចិនបានទទួលរងផលប៉ះពាល់ខ្លាំងបំផុតចាប់តាំងពីការបិទផ្នែកខ្លះនៃប្រទេសសេដ្ឋកិច្ចធំបំផុតទី ២ មួយនេះ។ ប៉ុន្តែក្រុមហ៊ុនល្បីៗរួមទាំងក្រុមហ៊ុន Apple Inc និយាយថា ការបិទក្រុងនានានៅចិនកំពុងចាប់ផ្តើមរំខានដល់ការផ្គត់ផ្គង់របស់ពួកគេ។ ក្រុមអ្នកវិភាគព្រមានថា ការរំខានកាន់តែយូរ ការខូចខាតគឺកាន់តែរីករាលដាល ខ្លាំងឡើងដល់ឧស្សាហកម្មនិងសេដ្ឋកិច្ចផ្សេងទៀត។

ក្រុមហ៊ុនយីហោល្បីៗលើសកលលោកបានប្រើកម្លាំងពលកម្មចិនតម្លៃទាបដើម្បីដំឡើងផលិតផលអស់រយៈពេល៣ទសវត្សរ៍មកហើយ។ សព្វថ្ងៃពួកគេពឹងផ្អែក កាន់តែខ្លាំងឡើងលើចិនក្នុងការផ្គត់ផ្គង់រថយន្ត កុំព្យូទ័រ និង គ្រឿងបន្លាស់ផ្សេង ទៀត។ ការរអាក់រអួលនេះអាចធ្វើឱ្យចិនក្លាយជាឧបសគ្គ ដែលរារាំងដល់ការ លក់របស់ពួកគេ៕ ដោយ៖ កញ្ញាដាលីស/Ha

កម្មករកំពុងដំឡើងរថយន្ត Audi A6 L នៅរោងចក្រ FAW-Volkswagen Automobile Co., Ltd នៅទីក្រុងឆាងឈុន ខេត្តជីលីនភាគឦសានប្រទេសចិន កាលពីថ្ងៃទី១៧កុម្ភៈកន្លងទៅ