ដោយ: គូលែន / សៀមរាប: សហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ៍ ដែលស្ថិតក្នុងឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប មានភ្ញៀវជាតិ និងឣន្តរជាតិ មកកម្សាន្តយ៉ាងច្រើនគួរឲ្យកត់សម្គាល់។ នេះគឺជាការបញ្ជាក់ឲ្យដឹងពីលោក ឌឿម ឌន់ ប្រធានសហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ៍ នាថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២០នេះ។
លោក ឌឿម ឌន់ ប្រធានសហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ៍ បាននិយាយថា សហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ៍នេះ មានភាពល្បីល្បាញ និងមានភ្ញៀវជាតិ និងឣន្តរជាតិ មកកម្សាន្តយ៉ាងច្រើនគួរឲ្យកត់សំគាល់ ហើយសហគមន៍នេះឣភិវឌ្ឍន៍ខ្លួនមកជាស្រស់បំព្រងបានយ៉ាងឆាប់រហ័ស។
លោកបានបន្តថា ឣស់រយៈកាលជាច្រើនឆ្នាំកន្លងមក ក្នុងនោះផងដែរក៏មានការចូលរួមឧបត្ថម្ភជាថវិកា សម្ភារ ស្មារតី និង សម្មភាពរបស់ភ្ញៀវទេសចរដែលមកកម្សាន្តផងដែរ សហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ៍ បាននិងកំពុងរៀបចំព្រៃកោងកាងឣាចនិយាយបានថាមានព្រៃកោងកាងទឹកសាបតែមួយគត់ក្នុងខេត្តសៀមរាប ចំនួន ៩០ហិកតា ក្នុងចំណោមផ្ទៃដីទំហំ ១០២២ហិកតារបស់ សហគមន៍ ឱ្យក្លាយទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ នេះបើតាមការបញ្ជាក់ពីប្រធានសមាគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ៍ ។
លោកបានបន្តទៀតថា សហគមន៍នេះ មានសក្ដានុពលទេសចរណ៍ជាច្រើន ដូចជា ព្រៃកោងកាងទឹកសាប ទឹកជប់ហូរខួបប្រាំងខួបវស្សា មានផ្កាព្រៃរីកស្រស់បំព្រង មានចម្ការឫស្សី ដែលរៀបចំយ៉ាងស្រស់ស្អាត រួមជាមួយធនធានធម្មជាតិជាច្រើនប្រភេទទៀត។ បច្ចុប្បន្ននេះ សហគមន៍បាននិងកំពុងតែធ្វើស្ពាន សម្រាប់ឱ្យអ្នកទេសចរដើរទស្សនាព្រៃកោងកាង និងផ្កាព្រៃ, សាងសង់កន្លែងសម្រាប់សម្រាក និងកន្លែងសម្រាប់ទទួលទានអាហារ ។
លោកប្រធានសហគមន៍ សង្ឃឹមយ៉ាងមុតមាំថា អនាគតសហគមន៍នេះនឹងក្លាយជាទីតាំងទាញទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យមកទស្សនាប្រហាក់ប្រហែលដូចរមណីយដ្ឋានព្រៃកោងកាងខេត្តកោះកុងដែរ ។ឆ្លៀតក្នុងឱកាសនេះ ខ្ញុំបាទ សូមជម្រាបជូនឣំពីប្រវត្តិរបស់សហគមន៍ខ្លះៗក៏ដូចជាទីតាំងឲ្យកាន់ច្បាស់ជូនទៅដល់បងប្អូនបានជ្រាបដូចខាងក្រោម៖
ទឹកជប់ខ្នារពោធិ៍គឺជា ឈ្មោះរបស់សហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ៍ ហើយសហគមន៍នេះមានទីតាំងស្ថិតនៅក្នុង ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប។សហគមន៍នេះមានសមាជិកចំនួន៧ភូមិដែលចំណុះក្នុងឃុំខ្នារពោធិ៍ និងមានផ្ទៃដីសរុបចំនួន ១០២២ហិតា។ ហើយនៅក្នុងចំណោមផ្ទៃដីចំនួន១០២២ហិតានេះ មានផ្ទៃដីចំនួន៩០ហិតា គឺជាដីព្រៃជប់ទឹកដែលមានដើមកោងកាងទឹកសាបដុះនៅតំបន់នោះយ៉ាងច្រើននិងស្រស់ស្អាត ដែលគណៈកម្មការសហគមន៍យើងកំពុងតែរៀបចំកែលម្អ ច្នៃប្រឌិតឲ្យក្លាយជារមណីយដ្ឋានធម្មជាតិមួយដើម្បីឲ្យបងប្អូនបានមកលេងកម្សាន្ត។
សហគមន៍នេះត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៨ ដោយមានការសម្របសម្រួលពីខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប អង្គការស្បៀងអាហារពិភពលោក និងកសិកម្មរបស់អង្គការសហប្រជាជាតិ ដោយមានការសហការជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងការសម្របសម្រួលពីមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបនិងអង្គការ FAO៕ ល/Ha