ដោយ​: មូល​សម្បត្តិ / ភ្នំពេញ​: លោក​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រ​សួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ បានដាក់​ចេញ​នូវ​វិធានការ​អន្តរាគមន៍​ប​ន្ទា​ន់​ចំនួន ៣ របស់​រាជរដ្ឋាភិបាល សម្រាប់​អគ្គនាយកដ្ឋាន​ពន្ធដារ យកទៅអនុវត្ត ដើម្បី​ទ្រទ្រង់​វិស័យ​ទេសចរណ៍ វិស័យ​កាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង កាបូប និង​កំណើនសេដ្ឋកិច្ច​។​

​វិធានការ​សំខាន់ៗ​ទាំង​៣ រួមមាន​ដូចខាងក្រោម​៖

១) វិស័យ​ទេសចរណ៍​

  • លើកលែង (​រដ្ឋ​ទទួលបន្ទុក​ពន្ធ​ជំនួស​) នូវ​ការបង់ពន្ធ​ប្រចាំខែ​គ្រប់​ប្រភេទ របស់​សណ្ឋាគារ និង​ផ្ទះសំណាក់ ដែល​បាន​ចុះបញ្ជី ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​កំពុងមាន​សកម្មភាព​អាជីវកម្ម ក្នុង​ខេត្តសៀមរាប សម្រាប់​រយៈពេល​៤​ខែ ចាប់ពី​ខែកុម្ភៈ រហូតដល់​ខែឧសភា ឆ្នាំ​២០២០​។​
  • អាជីវកម្ម​សណ្ឋាគារ និង​ផ្ទះសំណាក់ នៅតែមាន​កាតព្វកិច្ច​ព​ន្ធ ដាក់​លិខិត​ប្រកាស​ពន្ធអាករ និង​ប្រើប្រាស់​ប្រព័ន្ធ​អន​ឡាញ សម្រាប់​គ្រប់គ្រង​អាករ​លើ​តម្លៃបន្ថែម ជា​រៀងរាល់ខែ ក្នុង​រយៈពេល​លើកលែង​ពន្ធ​នេះ​។​
  • មិន​ធ្វើ​សវនកម្ម​ពេញលេញ សម្រាប់​កា​រិ​យ​បរិ​ច្ឆ​ទ​ឆ្នាំ​២០២០ ចំពោះ​សហគ្រាស ក្នុង​វិស័យ​សណ្ឋាគារ និង​ផ្ទះសំណាក់ ដែល​បាន​ចុះបញ្ជី​ជាមួយ អគ្គនាយកដ្ឋាន​ពន្ធដា​រ និង​មាន​សកម្មភាព​អាជីវកម្ម ក្នុង​ខេត្តសៀមរាប​។​

២) វិស័យ​កាត់ដេរ​

  • លើកលែង​ពន្ធ (Tax Holiday) អាច​ពី​៦​ខែ​ទៅ​១​ឆ្នាំ សម្រាប់​រោងចក្រ សហគ្រាស ដែល​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ ទៅតាម​កម្រិត​ភាព​ធ្ងន់ធ្ងរ​នៃ​ផលប៉ះពាល់​។ ជាក់ស្ដែង​រោងចក្រ​នីមួយៗ ដែល​បណ្ដាលមកពី ការខ្វះ​វត្ថុធាតុដើម​ផលិត និង​ការ​ព្យូ​រ EBA​។ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ត្រូវ​ដឹកនាំ​សម្របសម្រួល​រៀបចំ​រូបមន្ដ និង​គោលការណ៍​ជាក់លាក់ សម្រាប់​ការវាយតម្លៃ​ផ្ដល់​ការលើកលែង​ពន្ធ​នេះ​។​

៣) អ្នក​អភិវឌ្ឍ​ន៍លំនៅដ្ឋាន​

  • លើកលែង​ពន្ធ​ប្រថាប់ត្រា សម្រាប់​អ្នកទិញ​ផ្ទះ​ដែលមាន​តម្លៃ​ទាប​ជាង​៧០០០០​ដុល្លារ ក្នុង​រយៈពេល​១​ឆ្នាំ គិត​ចាប់ពី​ខែកុម្ភៈ ឆ្នាំ​២០២០ ដល់​ខែមករា ឆ្នាំ​២០២១​សម្រាប់​ក្រុមហ៊ុន​អភិវឌ្ឍ​ន៍លំនៅដ្ឋាន ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង និង​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​៕ ​/Ha