ទីភ្នាក់ងារចំណីអាហារនិងកសិកម្ម(FAO) របស់អង្គការសហប្រជាជាតិបាននិយាយកាលថ្ងៃអង្គារទី២៥កុម្ភៈថាហ្វូងសត្វកណ្តូបវាលខ្សាច់មួយក្រុមតូចបានចូលក្នុងប្រទេសកុងហ្គោ។នេះជាលើកទី១ហើយដែលពួកសត្វល្អិតត្រូវបានគេឃើញនៅក្នុងប្រទេសអាហ្វ្រិកកណ្តាលនេះចាប់តាំងពីឆ្នាំ ១៩៤៤មក។ ទីភ្នាក់ងារចំណីអាហារនិងកសិកម្ម បានព្រមានអំពី”ការគំរាមកំហែងភាពអត់ឃ្លានដ៏ធំ”នៅអាហ្វ្រិកខាងកើត ដោយសារពួកសត្វល្អិតទាំងនោះ។
ប្រទេសកេនយ៉ា សូម៉ាលី និង អ៊ូហ្គង់ដា បាននិងកំពុងប្រយុទ្ធប្រឆាំងនឹងហ្វូងសត្វកណ្តូបដែលបានកើតឡើងច្រើនបំផុតនៅផ្នែកខ្លះនៃទ្វីបអាហ្វ្រិកខាងកើត ដែលគេមិនដែលជួបប្រទះនៅរយៈពេល៧០ ឆ្នាំចុងក្រោយនេះ។
អង្គការសហប្រជាជាតិបាននិយាយថាហ្វូងសត្វកណ្តូបជាច្រើនត្រូវបានគេឃើញនៅប្រទេសជីប៊ូទី អេរីត្រេ និង តង់សានីហើយ កាលពីពេលថ្មីនេះបានទៅដល់ប្រទេសស៊ូដង់ខាងត្បូងជាប្រទេសមួយដែលមានប្រជាជនប្រហែលពាក់កណ្តាលបានប្រឈមនឹងភាពអត់ឃ្លានរួចហើយបន្ទាប់ពីសង្គ្រាមស៊ីវិលជាច្រើនឆ្នាំ។
សេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃអង្គារពី អគ្គនាយកអង្គការFAO លោកគុយ ដុងយូ លោកម៉ាក ឡូវកុក ប្រធានផ្នែកជំនួយមនុស្សធម៌របស់អង្គការសហប្រជាជាតិ និង លោកដាវីត ប៊ីសលី នាយកប្រតិបត្តិកម្មវិធីស្បៀងអាហារពិភពលោកបានហៅហ្វូងសត្វកណ្តូបទាំងនោះថាជា”ការបង្កការទុក្ខលំបាកធំធេងនិងដ៏គួរភ័យព្រួយខ្លាំងអំពីភាពងាយរងគ្រោះនៅតំបន់នេះ៕ប្រែសម្រួល៖សុខា/sn
ហ្វូងសត្វកណ្តូប ត្រូវបានគេឃើញនៅប្រទេសកេនយ៉ាកាលពីថ្ងៃទី១ខែកុម្ភៈ ឆ្នាំ២០២០បន្ទាប់ពី ប្រទេសនេះមិនបានមើលឃើញ ហ្វូងសត្វកណ្តូបបែបនេះ អស់រយៈពេល ៧៥ ឆ្នាំមកហើយ