ដោយ​: ម៉ា​រ៉ា / ភ្នំពេញ​: ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម បានធ្វើ​សកម្មភាព​វាយ​ទៅលើ​បុរស​ម្នាក់ និង​ដក​កាំភ្លើង​ភ្ជង់​គំរាម​បាញ់​រួច​ប្លន់​យក​ម៉ូតូ​១​គ្រឿង​បានសម្រេច​គេចខ្លួន​ដោយ​សុវត្ថិភាព បន្សល់​ជនរងគ្រោះ​រងរបួស​បែ​កមុខ និង​បែកក្បាល​។​

​ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង ១ និង ៥៤ នាទី​យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២៦​ខែកុម្ភៈ​ឆ្នាំ​២០២០ នៅ​ចំណុច​ច្រកចូល​វត្ត​អង្គត់​បុរី​កែង​នឹង​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

​ជនរងគ្រោះ​មានឈ្មោះ ស៊ឹម ស៊ីណា អាយុ ៤២​ឆ្នាំ មុខរបរ​ធ្វើ​សំណង់ ថ្នាក់​នៅ​ម្ដុំ​ព្រែក​ទាល់​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ មាន​ស្រុកកំណើត ភូមិ​ប្រស្នា ឃុំ​សេនា​ឧ​ត្ត​ម ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង​។​

​តាម​ការរៀបរាប់​ពី​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​រូបគាត់​និង​មិត្ត​ភ​ក្កិ និង​ប្អូនជីដូនមួយ បាន​ជួបជុំ​ផឹកស៊ី​ជាមួយគ្នា​បន្តិចបន្តួច នៅ​ម្ដុំ​សាលា​ព្រះកុសុមៈ ក្រោយពី​ផឹកស៊ី​រួចហើយ​រូបគាត់​បាន​ខ្ចី​ម៉ូតូ​ប្អូនជីដូនមួយ មួយគ្រឿង ម៉ាក​ឌ្រី​ម​សង់ ០១៨ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ កំពង់ស្ពឺ មិន​ចាំ​តួអក្សរ ដើម្បី​ជិះ​ត្រឡប់​ទៅ​កន្លែង​ស្នាក់នៅ​វិញ ដោយ​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី​ទិសដៅ​ពី​លិចទៅ​កើត​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ រូបគាត់​បាន​ច្រឡំ​ផ្លូវ​ខ​ណះ​នោះ​ក៏មាន​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​មិន​ចាំ​ម៉ាក​បានធ្វើ​ដំណើរ​មកពី​ក្រោយ រួច​បាន​កាក់​ម៉ូតូ​រូបគាត់​ពីមុខ​ឲ្យ​ឈប់​ហើយ​បាន​ទាញ​មួកសុវត្ថិភាព​វាយ​ទៅលើ​រូបគាត់ បណ្ដាល​ឲ្យ​រងរបួស​បែក​មុខ​បែក​និង​បែកក្បាល​ឈាម​ហូ​ស្រោច​ខ្លួន បន្ទាប់​ជនសង្ស័យ​បាន​ដក​កាំភ្លើង​មួយ​ដើម​ពណ៌​ស​មិន​ចាំ​ម៉ា​កបាន​ដក​មក​ភ្ជង់​គំរាម​រក​បាញ់​រូបគាត់​បន្ថែមទៀត ធ្វើ​ឲ្យ​គាត់​មានការ​ប្រតាយប្រតប់​ជាមួយ​ជនសង្ស័យ បណ្ដាល​ឲ្យ​ធ្លាក់​បង់​កំ​ភ្លើង​ជនសង្ស័យ​នៅ​នឹង​ដី​មួយ​បង់​។
​ប្រភព​ដដែល​បាន​បន្តទៀតថា បន្ទាប់មក​រូបគាត់​មានកា​បាត់បង់​ស្មារតី​និង​រងរបួស​មុខ​និង​ក្បាល​ធ្ងន់ធ្ងរ​ខ្លាំងពេក ទើប​ធ្វើ​ឲ្យ​ជនសង្ស័យ​មានឱកាស​បាន​លើក​ម៉ូតូ​គាត់​ជិះ​គេចខ្លួន​បាត់ស្រមោល​តែម្តង​។ បន្សល់ទុក​តែ​បង់​កាំភ្លើង​មួយ​បង់ ដែល​នៅក្នុង​បង់​កាំភ្លើង​នោះ គឺ​សុទ្ធតែ​គ្រាប់កង់​នៅនឹងកន្លែង​កើតហេតុ សង្ស័យ​តែ​កាំភ្លើង​បាញ់​ហ្គាស​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះមក​ដល់​បាន​ប្រមូល​វត្ថុតាង និង​នាំ​ជនរងគ្រោះ​ទៅ​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទឹកថ្លា ដើម្បី​ងាយស្រួល​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​រក​ជន​សង្ស័យ​ចាប់​យកមក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​៕ ល​