ដោយ៖ រ៉ូហ្សា
ភ្នំពេញ៖ កាលពីល្ងាច ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានទទួលការឧបត្ថម្ភ សម្ភារកីឡាវាយកូនឃ្លីលើតុថ្មី “តុថ្មីសម្រាប់ប្រកួត) ចំនួន ៥ ឈុត ពីក្រុមហ៊ុន ថប ហ្វាយអឺ សេហ្វធឺ (ខេមបូឌា) “ឯ.ក” និង ហ័រអាន អេនជីនារីង (ខេមបូឌា) ឯ.ក ដើម្បីត្រៀមការប្រកួត កីឡាសិស្សបឋមសិក្សា ថ្នាក់ជាតិលើកទី១ ឆ្នាំ២០២០ ចាប់ផ្តើមនាខែមីនា ខាងមុខនេះ នៅអគ្គលេខាធិការដ្ឋានសហព័ន្ធ ក្នុងពហុកីឡដ្ឋានជាតិ។
ពិធីប្រគល់ និងទទួល សម្ភារកីឡាវាយកូនឃ្លីលើតុនេះ បានប្រព្រឹត្តទៅ ក្រោមវត្តមានលោក ចូវ យ៉ុងណាន (Zhou Yong Nan) អគ្គនាយកក្រុមហ៊ុន ថប ហ្វាយអឺ សេហ្វធឺ (ខេមបូឌា) “ឯ.ក” និង ហ័រអាន អេនជីនារីង (ខេមបូឌា) ឯ.ក និងលោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការសហព័ន្ធ។
លោក ស៊ុន សុទ្ធារិទ្ធ បានមានប្រសាសន៍ថា ក្រុមហ៊ុនចិន បានប្រគល់ជូននូវសម្ភារ កីឡាវាយកូនឃ្លីលើតុថ្មី ចំនួន ៥ តុដាក់ពិន្ទុចៅក្រម ចំនួន៥កៅអី អាជ្ញាកណ្តាលចំនួន៥ និងកាបូបស្ពាយ ចំនួន ៣០ ។ នេះជាការខិតខំប្រឹងប្រែងរបស់ លោកប្រធានសហព័ន្ធ ដែលស្ថិតក្នុងផែនការមេ សម្រាប់ការអភិឌ្ឍ វិស័យកីឡាវាយកូនឃ្លីលើតុ ឆ្ពោះទៅការប្រកួតកីឡា ស៊ីហ្គេម (SEA GAMES) ២០២៣។
លោកបានបន្តថា យោងតាមប្រសាសន៍ របស់លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុ កម្ពុជានោះថា សហព័ន្ធត្រូវអភិឌ្ឍន៍ វិស័យកីឡាវាយកូនឃ្លីលើតុ នៅតាមបណ្តារាជធានី ខេត្ត ទាំង ២៥ ដោយយើងជួយផ្នែកបច្ចេកទេសគ្រូបង្វឹក អាជ្ញាកណ្តាល និងចៅក្រម ព្រមទាំងផ្តល់នូវសម្ភារ កីឡាវាយកូនឃ្លីលើតុ មួយចំនួន ដែលមានការខ្វះខាត។ សព្វថ្ងៃនេះ មានខេត្តមួយចំនួន កំពុងតែទំនាក់ទំនង ជាមួយសហព័ន្ធ ដើម្បីចុះជួយបច្ចេកទេស គ្រូបង្វឹក អាជ្ញាកណ្តាល និងចៅក្រម ប្រភេទកីឡាវាយកូនឃ្លីលើតុ មួយនេះ ក្នុងការត្រៀមខ្លួន ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២០ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៤ រហូតដល់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២០ ខាងមុខនេះ ៕v