ដោយៈ មេសា​/​ភ្នំពេញៈ ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ លោក​វេជ្ជបណ្ឌិត ងី មាន​ហេង បាន​មានប្រសាសន៍​អំពី​ហានិភ័យ​ចំពោះ​សុខភាព​អ្នក​ដែល​ទទួលទាន​ភេសជ្ជៈ​ផ្អែម​ថា មនុស្ស​ចាស់​ដែល​ទទួលទាន​ភេសជ្ជៈ​ផ្អែម​ក្នុង ១ ថ្ងៃ ១ កំប៉ុង ឬ លើសពី ១ កំប៉ុង ចំណែក​កុមារ​ក្រោម​អាយុ​ក្រោម ១២ ឆ្នាំ ទទួលទាន​ភេសជ្ជៈ​ផ្អែម​ក្នុង ១ ថ្ងៃ​លើសពី​កន្លះ​កំប៉ុង ដែលមាន​ចំណុះ ៣៣០ មិលី្ល​លីត្រ អាច​ប្រឈមមុខ​ខ្ពស់​នឹង​ហានិភ័យ​នាំឱ្យមាន​បញ្ហា​ធ្ងន់ធ្ងរ​ដល់​សុខភាព ដូចជា​នាំឱ្យមានជំងឺ​ធាត់ លើស​គីឡូ ពុក​ធ្មេញ ឬ ដង្កូវ​ស៊ី​ធ្មេញ ហើយ​កាន់តែ​អាក្រក់​ទៀត​នោះ គឺ​នៅ​រយៈពេល​យូរ​ឆ្នាំ​បន្តិច​ទៅ វា​នឹង​នាំ​ឱ្យគេ​កើត​ជំងឺ​ទឹកនោមផ្អែម ហើយ​កាលណា​មាន​ជំងឺ​ទឹកនោមផ្អែម វា​នឹង​នាំមក​ជាមួយ​នូវ​ជំងឺ​កាចៗ​ដទៃទៀត ដូចជា​ជំងឺ​សរសៃឈាម ជំងឺ​បេះដូង អាច​ឲ្យ​គាំងបេះដូង ឲ្យ​ស្លាប់​មួយ​ចំហៀង​ខ្លួន និងជំងឺមហារីក ជាដើម ។​


​លោក​វេជ្ជបណ្ឌិត ងី មាន​ហេង ធ្លាប់​ត្រូវបាន​សារព័ត៌មាន​ក្នុងស្រុក​ដកស្រង់​ប្រសាសន៍ថា ផលប៉ះពាល់​សុខភាព​កើត​លើ​ប្រជាជន​កម្ពុជា​អាយុ ២៥ ទៅ ៦៤ ឆ្នាំ ចាប់ពី​ឆ្នាំ ២០១០ ដល់ ២០១៦ គឺ​ប្រេ​វ៉ាឡង់នៃអ្នក​លើស​ទម្ងន់ ឬ​ធាត់ កើត​ពី ១៥,៤ ភាគ ទៅ ២១,៩ ភាគរយ ហើយ​ប្រេ​វ៉ាឡង់ នៃអ្នកមាន​ជាតិ​ស្ករ​លើស​ក្នុង​ឈាម កើន​ពី ១,៤ ភាគរយ ទៅ ៩,៦ ភាគរយ និយាយ​ជារួម ។ ដោយឡែក ចំពោះ​កុមារ​នៅ​ភ្នំពេញ ពួកគេ​ទទួល​ស្ករ​ច្រើនណាស់ ដោយ​តាម​ការអង្កេត​សុខភាព លើ​សិស្ស​កម្ពុជា ក្នុង​ឆ្នាំ ២០១៣ មាន ៤២ ភាគរយ នៃសិស្ស​ទទួលទាន​ភេសជ្ជៈ​ផ្អែម មួយ ឬ​ច្រើន​កំប៉ុង​ក្នុង​មួយថ្ងៃ ។​


​ការលើកឡើង​មកនេះ គឺជា​ករណី​មួយ​ដែល​បង្កក្តី​បារម្ភ​យ៉ាងខ្លាំង​ចំពោះ​បញ្ហា​សុខភាព​របស់​ប្រជាជន​ខ្មែរ ជាពិសេសចំពោះ​ប្រភេទ​មនុស្ស​ ដែល​ពេលនេះ គឺជា​កុមារ ហើយ​ប៉ុន្មាន​ឆ្នាំ​ខាងមុខនេះពួកគេ​ត្រូវ​ក្លាយជា​ម្ចាស់​ប្រទេស ទទួលខុសត្រូវ​ចំពោះ​ប្រទេសជាតិ ។​


​ហេតុនេះ លោក​វេជ្ជបណ្ឌិត ងី មាន​ហេង បានផ្តល់​អនុសាសន៍​ថា សូម​កាត់បន្ថយ​បន្ដិច​ម្ដងៗ​ដោយ​សម្រាប់​មនុស្ស​ចាស់ ក្នុង​មួយថ្ងៃ​ពិសា​ភេ​សជ្ជៈ​ផ្អែម តិចជាង​មួយ​កំប៉ុង​, សម្រាប់​ក្មេង​ក្រោម​អាយុ​១២​ឆ្នាំ គឺ​តិចជាង​កន្លះ​កំប៉ុង ដែលមាន​ចំណុះ​៣៣០ មិ​លី្ល​លីត្រ ក្នុង​មួយថ្ងៃ ។ ចំនួន​នៅសល់ សូមកុំ​សោកស្តាយ ចូរ​ចាក់​វា​ចោល​ចុះ ព្រោះថា​តម្លៃ​ដែល​យើង​ចាក់ចោល​នោះមិន​ថ្លៃ​ទេ ប៉ុន្តែ​បើ​យើង​ឈឺ វា​នឹង​ធ្វើឱ្យ​យើង​ចំណាយ​ថវិកា​អស់​ច្រើន ហើយ​អាច​គ្រោះថ្នាក់​ជីវិត​ថែមទៀត ហើយ​នៅពេលដែល​ម្ចាស់​ប្រទេសមាន​បញ្ហា​សុខភាព​បែបនេះ ប្រាកដ​ណាស់​ប្រទេសជាតិក៏​ប្រាកដជា​មិនអាច​រឹងមាំ​ខ្លាំងក្លា​បានឡើយ ។​


​ក្រសួងសុខាភិបាល បាន​ណែនាំ​ផងដែរ​ថា ដើម្បី​សុខភាព កាត់បន្ថយ​ការប្រើប្រាស់​ជាតិ​ផ្អែម បង្កើន​លំ​ហាត់ប្រាណ ជម្រើស​ល្អ​ដើម្បី​សុខភាព ហូប​ទឹកស្អាត ទឹក​ដាំ​ពុះ ឬ​ភេសជ្ជៈ ដែល​មិនមាន​ជាតិ​ផ្អែម បើ​អ្នក​ផឹក​ភេសជ្ជៈ​ផ្អែម មាន​ហ្គាស ចំណុះ​៣៣០​មិ​លី្ល​លីត្រ អ្នក​ត្រូវ​ដើរ​ចម្ងាយ​ផ្លូវ​ប្រហែល ៣ គីឡូម៉ែត្រ ដើម្បីដុត​បំ​ផ្លាត​ថាមពល ១៣៥ កាឡូរី ពី​ភេសជ្ជៈ​ដែល​អ្នក​បាន​ផឹក​នោះ ។​


​ដោយសារ​បញ្ហា​ទាំងអស់នេះ​មានការ​កើនឡើង​ពីមួយថ្ងៃ​ទៅមួយ ទើប​ក្រសួងសុខាភិបាល ក្រសួង​អប់រំ និង​ដៃគូ​ពាក់ព័ន្ធ រួមគ្នា​បើក​យុទ្ធនាការ​បញ្ជ្រាប​ចំណេះដឹង ជូន​ប្រជាពលរដ្ឋ អំពី​គ្រោះថ្នាក់ នៃភេសជ្ជៈ​ផ្អែម ដើម្បី ឲ្យ​សាធារណជន​កាត់បន្ថយ​ការ​ពិសា​ភេសជ្ជៈ​ផ្អែម ដោយបាន​បើក​យុទ្ធនាការ​ចាប់ពី​ថ្ងៃទី​៣០ ខែវិច្ឆិកា​ឆ្នាំ​២០១៨ រហូតមកដល់​សព្វថ្ងៃ​នេះ ៕ Kh/Ha

លោក​វេជ្ជបណ្ឌិត ងី មាន​ហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ( រូបៈ​ឯកសារ )
ក្នុង​មួយថ្ងៃ​មនុស្ស​ចាស់​ទទួលទាន​ភេសជ្ជៈ​ផ្អែម​មួយ​កំប៉ុង កុមារ​កន្លះ​កំប៉ុង ៣៣០ មី​លី​លីត្រ ឬ លើសពីនេះ នឹង​ប្រឈម​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ( រូបៈ ឯកសារ )