ដោយ: ចាន់តូ / ភ្នំពេញ: ជនសង្ស័យម្នាក់ត្រូវចាប់បាន និងជនសង្ស័យម្នាក់ទៀតបានរត់គេចបាត់ស្រមោល បន្ទាប់ពីចាប់នារីវ័យក្មេងម្នាក់រំលោភបូករហូតដល់សន្លប់ស្តូកស្តឹង កាលពីវេលាម៉ោង ២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃពុធទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ចំណុចមាត់ស្រះមួយកន្លែងជិតរង្វង់មូលមច្ឆា នៅក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។
ជនសង្ស័យម្នាក់ក្នុងចំណោម ២នាក់ ត្រូវបានសមត្ថកិច្ចចាប់បាននោះមានឈ្មោះ សុខ ពុធ អាយុ២៧ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ រស់នៅក្នុងភូមិស្វាយភ្លួស ស្រុកពាមជរ ខេត្តព្រៃវែង។ ក្មេងស្រីម្នាក់ដែលរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។ ហើយមិនដឹងថារស់នៅទីណានោះដែរ។
តាមសម្ដីសន្តិសុខដែលយាមការដ្ឋាននៅជិតនោះ បានប្រាប់ឲ្យដឹងថា ដំបូងឡើយឃើញបុរស២នាក់ និងនារីម្នាក់កំពុងតែអង្គុយសាសងគ្នាទំនងប្រហែលជាសង្សារនឹងគ្នា លុះក្រោយមកឃើញបុរសម្នាក់រំលោភរួចហើយ ក៏អូសទៅកន្លែងមួយទៀតហើយអ្នកដែលរំលោភរួច បានឈរមើលផ្លូវទុកឲ្យម្នាក់ទៀតរំលោភម្តង ពេលនោះសន្តិសុខក៏ដើរមកសួរនាំ ស្រាប់តែជនសង្ស័យដែលកំពុងតែរំលោភ បានរត់គេចខ្លួនចូលព្រៃបាត់ស្រមោល។ ចំណែកបុរសម្នាក់ ដែលឈរមើលផ្លូវឃើញដូច្នោះក៏ស្ទុះរត់ តែត្រូវសន្តិសុខចាប់បានម្នាក់ភ្លាមៗ ប្រគល់ឲ្យទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វា ដើម្បីសួរនាំ ចំណែកឯជនសង្ស័យម្នាក់ដែលរត់រួចជាអ្នកលក់អំពៅសាង គឺទុកម៉ូតូអូសរទេះចោល ដែលម៉ូតូម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ចាម 1G 2262 លក់ខ្ចៅស្ងោរនិងអំពៅសាងនៅកន្លែងកើតហេតុ។ សមត្ថកិច្ចក៏បានទំនាក់ទំនងទៅរថយន្តសាមុយកាល់ម៉ែតមកដឹកនារីវ័យក្មេងរងគ្រោះ ទៅព្យាបាលនៅមន្ទីរពេទ្យ។
ក្រោយកើតហេតុ សមត្ថកិច្ចក៏នាំជនសង្ស័យទៅប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីសួរនាំ និងធ្វើកំណត់ហេតុបញ្ជូនបន្តទៅអធិការដ្ឋានខណ្ឌជ្រោយចង្វា ដើម្បីចាត់ការទៅតាមនីតិវិធី៕ ល/Ha