ប្រទេសម៉ាល់ឌីវដែលជាគោលដៅទេសចរណ៍ប្រណីតបានជួលមេធាវីការពារសិទ្ធិមនុស្សដ៏លេចធ្លោ លោកស្រី អាម៉ាល់ គ្លូនី ឱ្យធ្វើជាតំណាងរបស់ខ្លួននៅតុលាការកំពូលរបស់អង្គការសហប្រជាជាតិក្នុងការស្វែងរកយុត្តិធម៌សម្រាប់ជនជាតិមូស្លីមរ៉ូហ៊ីងយ៉ា ដែលគេធ្វើទុក្ខបុកម្នេញនៅមីយ៉ាន់ម៉ា។
រដ្ឋាភិបាលម៉ាល់ឌីវបាននិយាយនៅថ្ងៃពុធទី២៦កុម្ភៈនេះថាខ្លួននឹងចូលរួមជាផ្លូវការជាមួយប្រទេសហ្គាំប៊ីដែលជារដ្ឋមូស្លីមអាហ្វ្រិកដ៏សំខាន់ ដើម្បីជជីកដេញដោយអំពីការបង្ក្រាបផ្នែកយោធាឆ្នាំ ២០១៧ របស់មីយ៉ាន់ម៉ា ដែលបានបញ្ជូនជនជាតិរ៉ូហ៊ីងយ៉ាប្រមាណ ៧៤ ម៉ឺននាក់រត់ភៀសខ្លួនទៅកាន់ប្រទេសជិតខាងបង់ក្លាដែស។
នៅក្នុងសេចក្តីសម្រេចជាឯកច្ឆន្ទកាលពីខែមុន តុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានបង្គាប់ឱ្យមីយ៉ាន់ម៉ាដែលកាន់ព្រះពុទ្ធសាសនាភាគច្រើនអនុវត្តវិធានការបន្ទាន់ដើម្បីការពារកុំឱ្យមានការប្រល័យពូជសាសន៍លើជនជាតិរ៉ូហ៊ីងយ៉ាដោយរង់ចាំកាត់ក្តីករណីពេញលេញ ដែលអាចចំណាយពេលច្រើនឆ្នាំ។
លោកស្រីគ្លូនីបានតំណាងដោយជោគជ័យឱ្យអតីតប្រធានាធិបតីម៉ាល់ឌីវលោក ម៉ូហាម៉េត ណាស៊ីដ និងធានាបាននូវសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិថា ការកាត់ទោសឆ្នាំ២០១៥ឱ្យគាត់ជាប់ពន្ធនាគាររយៈពេល ១៣ ឆ្នាំគឺខុសច្បាប់។
ជាមួយការដួលរលំនៃប្រធានាធិបតី អាប់ឌុលឡា យ៉ាមីន ដែលជាបុរសខ្លាំង ក្នុងឆ្នាំ ២០១៨ លោកណាស៊ីដក៏ដូចជាអ្នកប្រឆាំងជាច្រើននាក់ទៀតនៅក្នុងប្រទេសមូស្លីមនិកាយស៊ុននី ដែលមានប្រជាជនរស់នៅចំនួន ៣៤០.០០០ នាក់នេះ ត្រូវបានជម្រះពីទោសកំហុសទាំងឡាយ។
បច្ចុប្បន្ន លោកណាស៊ីដគឺជាប្រធានសភារបស់ប្រទេសកោះមួយនេះ។
រដ្ឋាភិបាលបាននិយាយថាខ្លួនបានស្វាគមន៍ការសម្រេចចិត្តរបស់តុលាការយុត្តិធម៌អន្តរជាតិក្នុងការបង្គាប់ឱ្យមានវិធានការបណ្តោះអាសន្នដើម្បីការពារសិទ្ធិរបស់ជនរងគ្រោះនៅក្នុងប្រទេសមីយ៉ាន់ម៉ានិងការពារកុំឱ្យមានការបំផ្លាញភស្តុតាងនៅក្នុងករណីដែលកំពុងកើតមាននេះ។
លោកស្រីគ្លូនីត្រូវបានដកស្រង់សម្តីដោយរដ្ឋាភិបាលម៉ាល់ឌីវថា “គណនេយ្យភាពចំពោះអំពើប្រល័យពូជសាសន៍នៅក្នុងប្រទេសមីយ៉ាន់ម៉ាគឺហួសកាលវេលាយូរមកហើយ ហើយខ្ញុំទន្ទឹងរង់ចាំលើកិច្ចខិតខំប្រឹងប្រែងដ៏សំខាន់នេះដើម្បីស្វែងរកដំណោះស្រាយតាមប្រព័ន្ធតុលាការសម្រាប់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា”។
មនុស្សរាប់ពាន់នាក់ត្រូវគេសង្ស័យថាត្រូវបានសម្លាប់នៅក្នុងការបង្ក្រាប ហើយជនភៀសខ្លួនរ៉ូហ៊ីងយ៉ាបានរបាយការណ៍យ៉ាងទូលំទូលាយអំពីការរំលោភនិងការដុតបំផ្លាញដោយយោធានិងកងជីវពលពុទ្ធសាសនាក្នុងតំបន់៕ ដោយ៖ កញ្ញាដាលីស