ដោយ: សាតចាន់បុត្រ / មណ្ឌលគិរី: ត្រាក់ទ័រឈូសដីចំនួន៤គ្រឿង ដែលគេសង្ស័យថា ពុំមានឯកសារចូលមកប្រទេសកម្ពុជា រួមទាំងបំណងឈូសឆាយដីព្រៃ ត្រូវបាននគរបាលកាពារព្រំដែននៃវរៈ៦២១ឃាត់ទុក កាលពីថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២០ ចំណុចជិតប៉ុស្តិ៍កង់រ៉ូគង់ នាស្រុកអូរាំង ខេត្តមណ្ឌលគិរី។
សហគមន៍ជនជាតិដើមឃុំដាក់ដាំថា គេបានឃើញគ្រឿងចក្រចំនួន៤គ្រឿង ឡាន២គ្រឿង រួមទាំងជនជាតិវៀតណាម៦នាក់ បានលួចចូលមកទឹកដីសហគមន៍សមូហភាព ជនជាតិដើម ភូមិពូឡេះ ឃុំដាក់ដាំ ជិតប៉ុស្តិ៍កង់រ៉ូឡង់ ដោយគ្មានមូលហេតុនិងច្បាប់ត្រឹមត្រូវ តែត្រូវសហគមន៍តាមទាន់។
សហគមន៍បន្តថា ក្រុមនេះបញ្ជាក់ថា មានអ្នកមានអំណាច(ឧកញ៉ាដែលពូកែទិញដីក្នុងឃុំដាក់ដាំ)ជាអ្នកអោយគ្រឿងចក្រមក ដើម្បីឈូសដីព្រៃតំបន់កាពារទីនោះ។
សហគមន៍បញ្ជាក់ថា ដោយសារមានការជម្រុញពីសហគមន៍ខ្លាំងពេក ទើបមានក្រុមប៉ូលិសចំនួន៣ឡាន ចិះមកធ្វើអន្តរាគមន៍ និងធ្វើការឃាត់ទុកនៅប៉ុស្តិ៍កង់រ៉ូឡង់។
ករណីនេះ ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានប្រាប់អ្នកកាសែតថា ជនជាតិវៀតណាមទាំង៥នាក់នឹងត្រូវបញ្ដេញចេញទៅវិញ ពីព្រោះពួកគាត់មានលិខិតឆ្លងដែនត្រឹមត្រូវ។ ចំណែកគ្រឿងចក្រចំនួន៤គ្រឿង សមត្ថកិច្ចជំនាញ និងធ្វើការត្រួតពិនិត្យលើឯកសារពាក់ព័ន្ធ រួចនិងធ្វើការប្រគល់ឲ្យមន្ត្រីគយចាត់ការបន្ត។
លោកស្នងការបានឱ្យដឹងទៀតថា គ្រឿងចក្រនេះ ត្រូវបានគេចល័តមកពីខេត្តរតនៈគិរី ចំណែកជនជាតិវៀតណាមខាងលើ ក៏ឆ្លង់ដែនចូលទឹកដីកម្ពុជាតាមច្រកព្រំដែនក្នុងខេត្តរតនៈគិរីផងដែរ។ គ្រឿងចក្រទាំងនេះ ត្រូវបានគេ យកមកបម្រុងមកធ្វើសកម្មភាពវាយព្រៃឲ្យក្រុមហ៊ុន មីហ្គាហ្វើស ទាំងមិនទាន់មានការអនុញ្ញាតពីអាជ្ញាធរ និងមន្ត្រីជំនាញ។
ប្រធានមន្ទីរកសិកម្មលោក សុង ឃាង នាព្រឹកថ្ងៃទី២៦កុម្ភៈនេះ ពុំអាចស្វែងរកការបញ្ជាក់បាននោះទេ ខណៈប្រព័ន្ធទូរសព្ទទាក់ទងពុំបាន។
ករណីស្រដៀងគ្នា រឿងឈូសកាប់ព្រៃឈើនោះ លោក កែវ សុភក៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឱ្យដឹងផងដែរថា មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃសីមា មន្ត្រីកងរាជអាវុធហត្ថលើផ្ឌៃប្រទេស និងមន្ត្រីនគរបាលនៃស្នងការដ្ឋាន ខេត្ត មណ្ឌលគិរី បានធ្វើការចាប់ខ្លួនជនសង្ស័យម្នាក់ ដែលចូលមកកាប់រានដីព្រៃយកជាកម្មសិទ្ធិ ចំណុចភ្នំស្រឡៅ ក្នុងស្រុកអូរាំង កាលពីថ្ងៃទី២៥កុម្ភៈ។
លោក កែវ សុភគ៌ បន្ថែមថា ជនសង្ស័យ មានឈ្មោះ សុខ ជា ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិព្នង រស់នៅភូមិពូត្រែង ឃុំ ដាក់ដាំស្រុកអូររាំង ខេត្តមណ្ឌលគិរី។
ក្នុងនោះសមត្ថកិច្ច ក៌បានដកហូតវត្ថុតាងរួមមាន៖ រណាយន្តចំនួន១គ្រឿង កាំបិតចំនួន ០១ដើម។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនមកមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី ដើម្បីកសាងសំណុំរឿងទៅតាមនីតិវីធីច្បាប់៕ ល