កីឡាករ អូ​លី​វើ ហ្សី​រូ (Oliver Giroud) ស័ក្តិសម​នឹង​ទទួលបាន​ការគោរព​ចំពោះ​ឥរិយាបថ របស់​កីឡាករ​រូបនេះ បន្ទាប់ពី​ប្រឹងប្រែង​សម្រប​ខ្លួន​នឹង​ផែនការ​របស់​គ្រូបង្វឹក ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard) ក្រោយពី​ខកខាន​មិនបាន​ផ្ទេរចេញ​កាលពី​ខែមករា នេះ​បើតាម​ការអះអាង របស់​ខ្សែការពារ អែន​តូ​នី​ញ៉ូ រូ​ឌី​ជើ (Antonio Rudiger) ។​
​ ​
ហ្ស៊ី​រូ មិនបាន​បង្ហាញមុខ​សូម្បី​មួយ​លើក​សម្រាប់​ក្រុម​ឆេ​ល​ស៊ី​រវាង​ថ្ងៃទី ៣០ ខែវិច្ឆិកា​ដល់ ថ្ងៃទី​១៧​ខែកុម្ភៈ ខណៈ​កីឡាករ​រូបនេះ​ត្រៀម​ចាក​ចេញពី​ក្លឹប​នេះ​។​
​ ​
បើទោះបី​មានការ​ចរចា​ជាមួយ​ក្លឹប​ដូចជា Inter Milan ក៏ដោយ​ក៏​កិច្ចព្រមព្រៀង​ផ្ទេរ​មិនបានលេចចេញ​ជា​ផ្លែផ្កា​ដែរ ហើយ​កីឡាករ​រូបនេះ​ហាក់ដូចជា​គ្មាន​អនាគត​នៅ​ពហុកីឡាដ្ឋាន Stamford Bridge ។​
​ ​
ប៉ុន្តែ​កីឡាករ​វ័យ​៣៣​ឆ្នាំ​រូបនេះ​បានដាក់​ចិត្ត​ដាក់​កាយ​ហើយ​ប្រឹងប្រែង​ស្តា​ទម្រង់​លេង​របស់ខ្លួន​ឡើងវិញ ដោយ​ត្រូវបាន​ប្តូរ​ចូល អំឡុងពេល​ប្រកួត​ចាញ់​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ២-០ មុនពេល​រកបាន​គ្រាប់​បាល់​លើ​ក្រុម Tottenham កាលពី​ថ្ងៃ​សៅរ៍​បន្ទាប់ពី​ត្រូវបាន​ផ្តល់ឱកាស បង្ហាញមុខ​លើកដំបូង​ចាប់តាំងពី​ខែវិច្ឆិកា​។​
​ ​
រូ​ឌី​ជើ ជឿជាក់ថា គ្រប់គ្នា​ត្រូវតែទទួលស្គាល់​សីលធម៌​របស់​មិត្ត​រួម​ក្រុម​ម្នាក់នេះ​។ រូ​ជី​ជើ និយាយថា “​ខ្ញុំ​គោរព​គាត់​ខ្លាំង​មែនទែន​។ គាត់​តែងតែមាន​ការអត់ធ្មត់​។ គាត់​មិនដែល និយាយ​អ្វី​នោះទេ បើទោះបីជា​កិច្ចព្រមព្រៀង​ផ្ទេរ​មិនបាន​ជោគជ័យ​ក៏ដោយ​។ គាត់​នៅ​ស្ងប់ស្ងាត់​និង​ប្រឹងប្រែង​ហ្វឹកហាត់​”​។​
​ ​
ក្រុម​ឆេ​ល​ស៊ី​កំពុង​ធ្វើ​សកម្មភាព​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​កវគ្គ​១៦​ក្រុម​ចុងក្រោយ​។ ចាំ​មើលថា តើ​ក្រុម​នេះ​អាច​ឆ្លងទៅ​វគ្គ​បន្តបាន​ឬទេ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ អូ​លី​វើ ហ្សី​រូ (Oliver Giroud)